កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ លោកមេធាវី ឌឹម ចៅសេង អត្តលេខ៥២១ បម្រើការងារនៅក្នុងក្រុមមេធាវីកម្ពុជា អន្តរជាតិ និងជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) បានចេញលិខិតអញ្ជើញមួយច្បាប់ឲ្យអតិថិជនរបស់ខ្លួនដែលប្រើប្រាស់វិក្កយបត្រអគ្គិសនី មានទីតាំងប្រើប្រាស់ចរន្តលេខ៥៨៣០៥-១០ មកធ្វើការដោះស្រាយ និងទូទាត់បំណុលរបស់ក្រុមហ៊ុនសំរាមស៊ីនទ្រី ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង០៨និង៣០នាទីព្រឹក នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ នៅការិយាល័យក្រុមមេធាវីកម្ពុជា អន្តរជាតិ ដោយប្រើពាក្យពេចន៍ក្នុងលិខិតអញ្ជើញនោះថា "ជាកំហិត" ។
លុះដល់ពេលវេលាកំណត់ អតិថិជនរបស់ក្រុមហ៊ុនសំរាមស៊ីនទ្រីដែលទទួលបានការអញ្ជើញនោះ បានចូលខ្លួនទៅដោះស្រាយពិភាក្សាអំពីរឿងបំណុលរបស់ក្រុមហ៊ុនសំរាមស៊ីនទ្រី ស្រាប់តែលោកមេធាវី ឌឹម ចៅសេង ដែលជាអ្នកចេញលិខិតអញ្ជើញបានប្រកាសថា ខ្លួនជាប់រវល់ ដោយតម្រូវឲ្យអតិថិជនចូលខ្លួនមកដោះស្រាយសាជាថ្មីនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះទៅវិញ ។
ភាពធ្វើការមិនទទួលខុសត្រូវនិងខ្ជីខ្ជា មិនគោរពពេលវេលា និងមិនគោរពខ្លឹមសារនៃលិខិតអញ្ជើញរបស់ខ្លួនរបស់លោកមេធាវី ឌឹម ចៅសេង នេះ ធ្វើឲ្យមជ្ឈដ្ឋានទូទៅរិះគន់ថា មេធាវីក្រុមហ៊ុនសំរាមស៊ីនទ្រីបំផ្លាញពេលវេលាដ៏មានតម្លៃរបស់អតិថិជន ដោយអាងខ្លួនឯងមានឈ្មោះជាមេធាវី ។
សូមបញ្ជាក់ជូនថា លោក ឌឹម ចៅសេង អាយុ៣១ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៧ ដោយមានអត្តលេខ៥២១ ។ កាលនៅធ្វើជាមេធាវីកម្មសិក្សានៅឡើយ លោកមេធាវីរូបនេះបានធ្វើកម្មសិក្សាជាមួយលោកមេធាវី ជីវ សុងហាក់ អត្តលេខ០០៧ ជាគ្រូកម្មសិក្សា ។ បច្ចុប្បន្នលោកមេធាវី ឌឹម ចៅសេង បម្រើការងារនៅក្នុងក្រុមមេធាវីកម្ពុជា អន្តរជាតិ ដែលមានលោកមេធាវី ជីវ សុងហាក់ អតីតប្រធានគណៈមេធាវីអាណត្តិទី៧ និងអាណត្តិទី៨ជាប្រធានក្រុម ។
មជ្ឈដ្ឋានអ្នកច្បាប់បានចោទជាសំណួរថា តើក្រុមមេធាវីកម្ពុជា អន្តរជាតិ មានទម្លាប់ធ្វើការងារដោយគ្មានការទទួលខុសត្រូវ និងមិនគោរពពេលវេលាបែបនេះដូចលោកមេធាវី ឌឹម ចៅសេង ឬយ៉ាងណា ? ៕
Source from: www.dtn7.com

Loading...
Loading...