លោកឧត្តមសេនីយ៍ឯកឧកញ៉ា ឈន សារ៉ាណេ បានទទួលរងការចោទប្រកាន់ពីសំណាក់ដៃគូធ្លាប់រកស៊ីជាមួយគ្នាម្នាក់ថា មានមហិច្ឆតាស៊ីដាច់ទ្រព្យដាក់បញ្ចាំជាអចលនវត្ថុ និងគ្រឿងចក្រមានតម្លៃទឹកប្រាក់ជិត១លានដុល្លារអាមេរិក ដោយរំលោភបំពានលើអំណាចនៃការសម្រេចរបស់ស្ថាប័នតុលាការថែមទៀត ។
លោក ឡេង ចាន់តារា បានអះអាងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១១ លោកបានចុះកិច្ចសន្យាលក់-ទិញប្រភេទឈើអារនៅខេត្តកំពង់ធំជាមួយលោក ឈន សារ៉ាណេ ប៉ុន្តែការអនុវត្តកិច្ចសន្យានេះមិនមានលក្ខណៈពេញលេញទេ ទើបលោក ឈន សារ៉ាណេ ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីសុំឲ្យតុលាការចេញដីកាសម្រេចរក្សាការពារលើអចលនវត្ថុ និងគ្រឿងចក្ររបស់លោក ។ ពាក្យបណ្តឹងរបស់លោក ឈន សារ៉ាណេ ត្រូវបានតុលាការសម្រេចលុបចោលកិច្ចសន្យានោះ ដោយតម្រូវឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា គឺឲ្យលោកសងប្រាក់ទៅលោក ឈន សារ៉ាណេ នូវទឹកប្រាក់ចំនួន៤៩៥.០០០ដុល្លារអាមេរិក ដោយមានការកំណត់ថ្ងៃសងប្រាក់ត្រឹមត្រូវ រួមជាមួយនឹងការដាក់អចលនវត្ថុជាដីធ្លី និងគ្រឿងចក្រមួយចំនួនទៀតរបស់លោកមានតម្លៃជិត១លានដុល្លារអាមេរិក ដើម្បីធានាបញ្ចាំ ។
លោក ឡេង ចាន់តារា ដែលអះអាងថាជាជនរងគ្រោះ បានរៀបរាប់ទៀតថា លុះដល់ថ្ងៃកំណត់នៃការសងប្រាក់ លោកបានយកប្រាក់គ្រប់ចំនួនទៅសងឲ្យលោក ឈន សារ៉ាណេ តាមការព្រមព្រៀងគ្នា បែរជាលោក ឈន សារ៉ាណេ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនធ្វើការរឹបអូសគ្រឿងចក្រជាកម្មសិទ្ធិរបស់លោក ដឹកជញ្ជូនពីខេត្តកំពង់ធំមករាជធានីភ្នំពេញទាំងបំពានច្បាប់ និងធ្វើការបាញ់ថ្នាំថ្មីទៅលើគ្រឿងចក្ររបស់លោកដើម្បីបំភ័ន្តភ្នែក ក្នុងបំណងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ ។
ដោយឡែក លោកឧត្តមសេនីយ៍ឯកឧកញ៉ា ឈន សារ៉ាណេ បានបំភ្លឺប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ទ្រព្យដែលលោក ឡេង ចាន់តារា ដាក់ធានាបញ្ចាំនឹងលោកនោះមានតម្លៃមិនស្មើនឹងទឹកប្រាក់ដែលលោក ឡេង ចាន់តារា ជំពាក់ខ្លួនលោកឡើយ ហើយបើទូទាត់គ្នាទៅគឺនៅសល់ប្រាក់ជំពាក់លោកជិត២០ម៉ឺនដុល្លារអាមេរិកទៀតឯណោះ ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិលើទ្រព្យដាក់បញ្ចាំនោះទេ ហើយម្ចាស់បំណុលក៏មិនមានសិទ្ធិអ្វីរឹបអូសទ្រព្យរបស់កូនបំណុលដែលដាក់បញ្ចាំជាអត្តនោម័តនោះដែរ ក្រៅតែពីមានការសម្រេចពីស្ថាប័នតុលាការប៉ុណ្ណោះ ។
លោក ឈន សារ៉ាណេ អាយុ៤០ឆ្នាំ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤៣៣ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៥ ។
លើសពីនេះ លោកឧកញ៉ា ឈន សារ៉ាណេ ក្រៅពីប្រកបមុខរបរជាអ្នកជំនួញយ៉ាងសកម្មនោះ គឺលោកឧកញ៉ារូបនេះក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទផងដែរ ដែលមានអត្តលេខ០០៤៤៥៤ និងមានមុខងារជានាយរងសេនាធិការបញ្ជាការដ្ឋានវិស្វកម្មរបស់អគ្គបញ្ជាការដ្ឋាន ។ លោកឧត្តមសេនីយ៍ ឈន សារ៉ាណេ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក "ផ្កាយ៣" ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៧៦១ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ ៕
Source from: www.dtn7.com

Loading...
Loading...