ប្រភពព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា ម្ចាស់គ្លីនិកវិបុលសុខ មានទីតាំងឋិតនៅផ្ទះលេខ២៦ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ «ទល់មុខសណ្ឋាគារប៉ោយប៉ែតស៊ីធី» គឺលោក ស៊ុត គឹមសាន ដែលមានតួនាទី១ទៀតជា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតផងនោះ បានលួចយកសាកសពស្ត្រីម្នាក់ដែលស្លាប់បាត់បង់ជីវិតក្រោយការព្យាបាលវះកាត់នៅគ្លីនិកនេះ ដុតចោលនៅក្រៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីបំបាត់ដានកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក។
ស្ត្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្រោយការវះកាត់នៅគ្លីនិកវិបុលសុខ ហើយត្រូវបានម្ចាស់គ្លីនិកនេះ ឈ្មោះ ស៊ុត គឹមសាន វេចខ្ចប់លួចយកសាកសពទៅដុតចោលបំបាត់ព័ស្តុតាងសូម្បីតែសមត្ថកិច្ចមូលដ្ឋានមួយចំនួនមិនបានដឹងផងនោះ មានឈ្មោះ ស៊ិន ស៊ីណា អាយុ២៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានមួយចំនួនទៀតបានបង្ហើបឲ្យដឹងដែរថា ទាក់ទងនឹងការបិទសំណុំរឿងស្ត្រីម្នាក់ស្លាប់ក្រោយការវះកាត់នៅបន្ទប់ពិគ្រោះព្យាបាលជំងឺវិបុលសុខ ហើយយកសាកសពស្ត្រីរងគ្រោះទៅដុតចោលស្ងាត់ៗនោះ គឺលោក ស៊ុត គឹមសាន ជាម្ចាស់គ្លីនិក និងជាប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានរត់រកការជួយអន្តរាគមន៍ពីលោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ។
ដោយឡែក លោក កែវ សុភត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកបានជ្រាបនិងដឹងអំពីករណីគ្លីនិកវិបុលសុខដែលវះកាត់ស្ត្រីម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនោះដែរ ដោយលោកបានចាត់ក្រុមមន្ត្រីឲ្យស៊ើបអង្កេតរឿងនេះហើយ។
ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាចុះស៊ើបអង្កេតស្រាវជ្រាវករណីស្ត្រីឈ្មោះ ស៊ិន ស៊ីណា ស្លាប់បាត់បង់ជីវិតក្រោយការវះកាត់នៅគ្លីនិកវិបុលសុខ ហើយត្រូវម្ចាស់គ្លីនិកថ្លើមធំហ៊ានលួចយកសាកសពដុតចោលបំបាត់ដានស្ងាត់ៗនោះឲ្យបានច្បាស់លាស់ផង ដើម្បីឈានទៅចាត់វិធានការតាមផ្លូវច្បាប់បន្ត៕
Source from: www.dtn7.com

Loading...
Loading...