របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ត្រូវបានកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ២៨សសរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ដូចតទៅ៖
១- នាយករដ្ឋមន្ត្រី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។
២- ឧបនាយករដ្ឋមន្ត្រី៖
ក. ឯកឧត្តម ស ខេង៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើការងារសន្តិសុខជាតិ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស, ដឹកនាំប្រតិបត្តិការទប់ស្កាត់និងប្រឆាំងភេរវកម្ម, ដឹកនាំគណៈកម្មាធិការជាតិកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ «គជវវ» និងការបំផ្លាញចោលអាវុធ ព្រមទាំងការងារភូមិ-ឃុំមានសុវត្ថិភាព។
ខ. ឯកឧត្តម សុខ អាន៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី, ជួយនាយករដ្ឋមន្ត្រីក្នុងការងារតាមដានសម្របសម្រួលដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម, ដឹកនាំផ្ទាល់អាជ្ញាធរប្រេងកាតជាតិកម្ពុជា អាជ្ញាធរអប្សរា គណៈកម្មការ UNESCO និងក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រីក្នុងការរៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ។
គ. ឯកឧត្តម ទៀ បាញ់៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារការពារជាតិ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាអង្គភាពពិសេសប្រឆាំងភេរវកម្មក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន។
ឃ. ឯកឧត្តម គាត ឈន់៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រី, ទទួលបន្ទុកការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ការងារអភិវឌ្ឍន៍វិស័យឯកជន, ការងារភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ជាមួយតួអង្គអភិវឌ្ឍន៍ដែលមានការពាក់ព័ន្ធ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការពិនិត្យ និងសម្រេចលើការងាររបស់ «ច្រកចេញ-ចូលតែមួយ» នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកលែងតែការងារដែលមានវេទយិតភាពខ្ពស់ដែលតម្រូវឲ្យសុំការណែនាំឬការសម្រេចពីនាយករដ្ឋមន្ត្រី និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការពិនិត្យនិងសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ។
ង. ឯកឧត្តម ហោ ណាំហុង៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិទូទៅ។
ច. លោកជំទាវ ម៉ែន សំអន៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារអធិការកិច្ចនិងសវនកម្ម ព្រមទាំងជួយនាយករដ្ឋមន្ត្រីលើការងារសង្គម។
ឆ. ឯកឧត្តម ប៊ិន ឈិន៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងជួយនាយករដ្ឋមន្ត្រីលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។
ជ. ឯកឧត្តម យឹម ឆៃលី៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ឈ. ឯកឧត្តម កែ គឹមយ៉ាន៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីជាគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីដែលត្រូវប្រជុំពិគ្រោះការងារតាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីស្តីទី។
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអនុវត្តន៍ការងារ ឬបេសកកម្មផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូនស្របតាមមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
អនុលោមតាមស្មារតីនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ២៨សសរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគឺបានកំណត់ឲ្យឧបនាយករដ្ឋមន្ត្រី១រូបៗមានទីប្រឹក្សាចំនួន៤រូប «ក្នុងនោះ២រូបមានឋានៈស្មើរដ្ឋលេខាធិការ និង២រូបទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ» និងមានជំនួយការចំនួន៥រូប «ក្នុងនោះ១រូបមានឋានៈស្មើអគ្គនាយក, ២រូបមានឋានៈស្មើអគ្គនាយករង និង២រូបទៀតមានឋានៈស្មើប្រធាននាយកដ្ឋាន»។ ដោយឡែក ទីប្រឹក្សាក្តី ជំនួយការក្តី… របស់នាយករដ្ឋមន្ត្រីមិនត្រូវបានកំណត់ឡើយទោះបីអាចមានចំនួនជិត១ពាន់នាក់ក៏ដោយ៕
Source from: www.dtn7.com

Loading...
Loading...