នៅថ្ងៃចន្ទទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍នឹងធ្វើការប្រកាសសាលដីកាវិនិច្ឆ័យសេចក្តីក្នុងសំណុំរឿងក្តី ជនជាប់ចោទឈ្មោះឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលបានបាញ់ប្រហារបណ្តាលឲ្យកម្មការិនីរោងចក្រផលិតស្បែកជើងកៅវ៉េ ចំនួន៣នាក់រងរបួសធ្ងន់ធ្ងរ សឹងបាត់បង់ជីវិតកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងមក ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ សាលាដំបូងខេត្តស្វាយរៀង ធ្លាប់បានវិនិច្ឆ័យសេចក្តី សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះឈូក បណ្ឌិត ដាក់ពន្ធនាគារកំណត់ចំនួន ១៨ខែ និងបង្គាប់ឲ្យបង់ប្រាក់ចំនួន៣៨លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ជាកម្មការិនីរងគ្រោះ ចំនួន៣នាក់ ពីបទបង្ករបួសស្នាមដោយអចេតនា ។ លើសពីនេះ សាលាដំបូងខេត្តស្វាយរៀង ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះឈូក បណ្ឌិត យកមកផ្តន្ទាទោស តាមច្បាប់ផងដែរ និងក្រោយមកជនជាប់ចោទឈ្មោះឈូក បណ្ឌិត បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តស្វាយរៀង ប៉ុន្តែទោះយ៉ាងណាដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀងនៅមានសុពលភាពដដែល ។
អស់រយៈពេលជិត ០៦ខែហើយ សមត្ថកិច្ចនគរបាលយុត្តិធម៌ «ទាំងប៉ូលិស ទាំងប៉េអឹម » មិនទាន់ស្វែងរកចាប់ខ្លួនជនជាប់ចោទឈ្មោះឈូក បណ្ឌិត យកមកផ្តន្ទាទោសដាក់ពន្ធនាគារតាមអំណាចសាលក្រមនិងដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀង បាននៅឡើយទេ ។
ក្រុមអ្នកច្បាប់នៅកម្ពុជាបានលើកឡើងថា ពាក់ព័ន្ធនឹងសំណុំរឿងក្តីជនជាប់ចោទឈ្មោះឈូក បណ្ឌិត គឺសាលាឧទ្ធរណ៍អាចនឹងវិនិច្ឆ័យសេចក្តីសម្រេចដូចតទៅ ៖ ១-សម្រេចឲ្យរួចផុតពីបទចោទប្រកាន់ មានន័យថា សម្រេចឲ្យជនជាប់ចោទឈូក បណ្ឌិត បានរួចខ្លួននៅក្រៅសំណាញ់ច្បាប់របស់កម្ពុជាយ៉ាងរំភើយ ។ ២-សម្រេចកែប្រែបទចោទប្រកាន់និងបន្ធូរបន្ថយទោសឲ្យជនជាប់ចោទឈូក បណ្ឌិត និង ៣-សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌ របស់សាលាដំបូងខេត្តស្វាយរៀងទុកជាបានការដដែល ហើយអាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះឈូក បណ្ឌិត «ករណីជនជាប់ចោទ អវត្តមានក្នុងសវនាការ » បន្តទៀតតាមនីតិវិធី ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានលើកឡើងថា សំណុំរឿងក្តីជនជាប់ចោទឈ្មោះឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត មានលក្ខណៈពិសេសនៅត្រង់ថា ក្រសួងមហាផ្ទៃ ជាម្ចាស់ករណី ដែលបានស៊ើបអង្កេតរកឃើញនូវការប្រព្រឹត្តបទល្មើសរបស់ឈ្មោះឈូក បណ្ឌិត ហើយធ្វើការកសាងសំណុំរឿងប្តឹងទៅតុលាការជាសមត្ថកិច្ចថែមទៀត ។ ដូច្នេះ សំណុំរឿងក្តីនេះអាចចាត់ទុកថា ជាម៉ែត្រវាស់នូវដំណើរការកែទម្រង់ប្រព័ន្ធយុត្តិធម៌មួយផ្នែកនៅកម្ពុជា ពោលគឺ បើជនជាប់ចោទឈ្មោះឈូក បណ្ឌិត ត្រូវតុលាការសម្រេចឲ្យរួចខ្លួន ឬក៏អាចគេចខ្លួនបានរហូតដោយសមត្ថកិច្ចនគរបាលយុត្តិធម៌មិនស្វះស្វែងខ្នះខ្នែង តាមចាប់ឬមិនហ៊ានចាប់ខ្លួនជនជាប់ចោទយកមកផ្តន្ទាទោសតាមច្បាប់ទេនោះ មានន័យថា ប្រព័ន្ធយុត្តិធម៌និងច្បាប់នៅកម្ពុជាមានកម្រិតអន់ខ្សោយ ហើយវប្បធម៌និរទណ្ឌភាពនៅកម្ពុជាក៏ចេះបន្តកើតមានតទៅទៀត ។
លោកឈូក បណ្ឌិត ធ្លាប់ត្រូវបានតែងតាំងជាអភិបាលក្រុងបាវិត ដោយអនុក្រឹត្យលេខ ៧២៧អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ និងត្រូវបានដកហូតមុខតំណែងនេះឲ្យមកបម្រើការងារនៅសាលាខេត្តស្វាយរៀងវិញ ដោយអនុក្រឹត្យលេខ ២៥៩អនក្រ.តត ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ បន្ទាប់ពីមានរឿងរ៉ាវបាញ់បោះទៅលើកម្មការិនីរោងចក្រផលិតស្បែកជើង កៅវ៉េ រួចមក ៕
Source from: www.dtn7.com

Loading...
Loading...