គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានលោកមេធាវី ប៊ុន ហុន ជាប្រធាន បានចេញលិខិតផ្លូវការមួយច្បាប់លេខ១២៩៨/គម/១៣ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើសុំឲ្យមានការកំណត់នូវតារាតម្លៃសោហ៊ុយថតចម្លងឯកសារនៃសំណុំរឿងក្តីនានានៅតាមស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ សម្រាប់យកមកអនុវត្តន៍តាមឲ្យបានត្រឹមត្រូវ និងដើម្បីធានានូវសេចក្តីថ្លៃថ្នូរនៃស្ថាប័នតុលាការ ស្របតាមនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ។
លិខិតសំណើរបស់គណៈមេធាវីបែបនេះ គឺដោយសារមានការលើកឡើងរបស់សហភាតាមេធាវីភាគច្រើនថា មានការលំបាកក្នុងការស្នើសុំថតចម្លងឯកសារនៃសំណុំរឿង ពីព្រោះការទាមទារតម្លៃថតចម្លងពីក្រឡាបញ្ជីកាន់សំណុំរឿងថ្លៃពេក ។
គណៈមេធាវីបានលើកឡើងនៅក្នុងលិខិតផ្លូវការរបស់ខ្លួនថា "ការកំណត់តម្លៃថតចម្លងឯកសារនៃសំណុំរឿងតាមតែក្រឡាបញ្ជីដូច្នេះ បណ្តាលឲ្យកើតមាននូវទំនាស់រវាងមេធាវីនិងក្រឡាបញ្ជី និងរវាងភាគីនិងក្រឡាបញ្ជី ។ ម្យ៉ាងវិញទៀត ការទាមទារនូវតម្លៃសោហ៊ុននៃការថតចម្លងឯកសារសំណុំរឿងក្តីដែលគ្មានតារាងកំណត់ជាក់លាក់ អាចនឹងត្រូវសាធារណជនយល់ថា ជាការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នតុលាការ ។" ។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញថា មានក្រឡាបញ្ជីខិលខូចមួយចំនួនពិតជាបានប្រើល្បិចកលទាមទារតម្លៃថតចម្លងឯកសារក្នុងសំណុំរឿងក្តីពីសំណាក់មេធាវីថ្លៃហួសហេតុមែន ហើយគ្មានចេញជាបង្កាន់ដៃបង់ប្រាក់ស្របតាមក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា "ក្នុងរឿងក្តីរដ្ឋប្បវេណី"ឡើយ ។ រីឯក្នុងសំណុំរឿងព្រហ្មទណ្ឌក៏ដូចគ្នានេះដែរ ។ ប្រសិនបើមិនមានការបង់ប្រាក់ច្រើនឲ្យស្របតាមមហិច្ឆតារបស់ក្រឡាបញ្ជីខិលខូចមួយចំនួននោះទេ គឺក្រឡាបញ្ជីកំហូចនោះយកលេសដោះសាថា ជាប់រវល់រហូត ជាហេតុធ្វើឲ្យភាគីក្នុងរឿងក្តីនិងមេធាវីខាតបង់ពេលវេលា ព្រោះតែការស្នើសុំថតចម្លងឯកសារក្នុងសំណុំរឿងយកមកពិនិត្យនេះ ៕
Source from: www.dtn7.com

Loading...
Loading...