រាជធានីភ្នំពេញ ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតបញ្ជាបេសកកម្ម ឲ្យលោកផ្កាយ២ ទៀវ ប៊ុនខេង ដឹកនាំកម្លាំងពិសេសចំនួន ៤នាក់ ចុះបំពេញភារកិច្ចជំនាញជូនអង្គភាព ចាប់តាំងពីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ដល់រាជធានី ខេត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ប៉ុន្តែលោក ទៀវ ប៊ុនខេង មិនបានគ្រប់គ្រងកម្លាំងក្រោមឱវាទ ឲ្យបានល្អប្រសើរនោះទេ ដែលទាមទារឲ្យថ្នាក់លើ ពិនិត្យមើលឡើងវិញផង។
ដូចជាករណីកូនចៅជំនិតរបស់លោក ទៀវ ប៊ុនខេង ម្នាក់ឈ្មោះ សែម សារិទ្ធ ដែលមានឈ្មោះ ក្នុងលំដាប់លេខរៀងទី២ ក្នុងលិខិតបញ្ជាបេសកកម្ម បានបើករថយន្តប្រដេញតាមរថយន្តធំ ដឹកទំនិញមួយគ្រឿង នៅតាមផ្លូវជាតិលេខ ២១បេ ចាប់ពីម្តុំទួលក្រសាំង រហូតដល់ចំណុចស្ពានលេខ១០ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក៏បានដកកាំភ្លើងខ្លីម៉ាក កា៥៤ ភ្ជង់ក្បាលបុរសតៃកុងឡានដឹកទំនិញនោះ ហើយគំរាមបាញ់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះគឺជាកម្មវត្ថុដ៏សំខាន់មួយ ដែលថ្នាក់លើត្រូវពិនិត្យមើលភាពអនាធិបតេយ្យ លើកងកម្លាំងដែលស្ថិតក្រោម ការគ្រប់គ្រងរបស់លោក ទៀវ ប៊ុនខេង ដែលកំពុងយកលិខិត បេសកម្មរបស់ថ្នាក់លើ ទៅប្រមូលុយច្រកហោប៉ៅ ។
ភាពអនាធិបតេយ្យដែលលោក សែម សារិទ្ធ បានប្រព្រឹត្តនៅពេលនេះ គឺជាកំហុសឆ្គងដ៏ធំមួយ ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ដែលបានចុះអន្តរាគមន៍ បានរាយការណ៍ទៅកាន់ថ្នាក់លើជាបន្តបន្ទាប់ ព្រោះប្រជាពលរដ្ឋក៏ដូចជា អ្នករកស៊ីដឹកជញ្ជូនទំនិញ បានទាមទារដាច់ខាត ឲ្យសមត្ថកិច្ចចាត់វិធានការក្តៅ ដើម្បីនាំយកលោក សែម សារិទ្ធ ដែលបង្កភាពអនាធិបតេយ្យ ប្រមាថអាយុជីវិតប្រជារាស្ត្រស្លូតត្រង់ ទៅដាក់ពិន័យតាមច្បាប់។ ករណីនេះ ក៏ធ្វើឲ្យថ្នាក់ដឹកនាំកងរាជអាវុធហត្ថ លើផ្ទៃប្រទេសមួយចំនួន មិនសប្បាយចិត្តចំពោះលោក ទៀវ ប៊ុនខេង ដែលមិនបានអប់រំណែនាំ មន្ត្រីក្រោមឱវាទ ហើយតែងតែបិទភ្នែកបណ្តោយឲ្យ មន្ត្រីក្រោមឱវាទបើករថយន្តប្រដេញ ចាប់ឡានដឹកទំនិញ និងឡានដឹកឈើយកលុយ បង្កភាពក្តៅក្រហាយយ៉ាងខ្លាំង។
ក្នុងលិខិតបេសកកម្មឲ្យចុះបំពេញភារកិច្ចជំនាញ ជូនអង្គភាពនៅទូទាំងប្រទេសកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ គឺក្រុមការងារនេះមានលោក ទៀវ ប៊ុនខេង ជាប្រធាន លោក សែម សារិទ្ធ ជាសមាជិក លោក កែវ ទិត្ថា ជាសមាជិក និងលោក នួន សាវឿន ជាសមាជិក ដែលក្រុមនេះ សកម្មបំផុតក្នុងការកេណ្ឌប្រមូល ក្រុមឈ្មួញរកស៊ីដឹកទំនិញ ឲ្យចូលបង់លុយ បើមិនដូច្នេះទេ ការរកស៊ីដឹកជញ្ជូនទំនិញ របស់ក្រុមឈ្មួញនឹងត្រូវរំខាន ឬជួបឧបសគ្គផ្សេងៗ។ គេចង់ឃើញមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រួតពិនិត្យលក្ខណសម្បត្តិ និងស្ថិតិកម្លាំងដែលគ្រប់គ្រងដោយលោក ទៀវ ប៊ុនខេង ឡើងវិញផងព្រោះអ្វីៗ ដែលក្រុមនេះកំពុងប្រព្រឹត្ត ប្រាសចាកយ៉ាងឆ្ងាយពីសេចក្តីណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល៕
Source from: watphnom-news.com

Loading...
Loading...