ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយកៀបជាប់ក្នុងកាប៊ីនរថយន្ត និងម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម ហើយម្នាក់ទៀតជាអ្នកបើកបរ រងរបូសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយ រថយន្តកាមរីគូទហើម បុករថយន្តយីឌុបចតស្ងៀម កាលពីម៉ោង ២និង៤៥ នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចមុខស្នាក់ការទិញដំឡូងមី តាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មុនពេលកើតហេតុ រថយន្តកាមរីគូទហើម ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកឈើប្រណីតពេញ បានបើកបោះពួយចេញពី ដែនជម្រកព្រៃការពាររបស់ អង្គការអភិរក្សជីវចម្រុះកែវសីមា ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់មុខស្នាក់ការទិញដំឡូង ស្រាប់តែរថយន្តនោះ រេចង្កូតពេញផ្លូវ ហើយក៏ជ្រុលចូលមកក្នុងស្នាក់ការ រួចក៏បន្តទៅបុករថយន្តយីឌុប ដែលកំពុងតែចតស្ងៀម ក្នុងស្នាក់ការនោះ មួយទំហឹងបណ្តាលឲ្យខ្ទេចមុខ ខូចខាតយ៉ាងធ្ងន់ធ្ងរទៅមុខលែងរួច ។
ជនរងគ្រោះម្នាក់ឈ្មោះ ខេន វិបុល អាយុ ១៦ឆ្នាំ ជាព្រូឡាន មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា បានស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ផល បញ្ញា អាយុ ១៧ឆ្នាំ មានទីលំនៅជាមួយអ្នកដែលស្លាប់ខាងលើ ។ ចំណែកអ្នកបើកបរ រងរបួសស្រាល ត្រូវបានគូកននាំចេញពីកន្លែងកើតហេតុភ្លាមៗ ដោយពុំបានដឹងពីអត្តសញ្ញាណ។ ចំណែករថយន្តបង្កហេតុ និងឈើប្រណីតទាំងនោះ ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកកែវសីមា រង់ចាំដោះស្រាយបន្ត ៕
Source from: watphnom-news.com

Loading...
Loading...