ដោយសារមិនទុកចិត្តឬអស់ជំនឿទៅលើមន្ត្រីក្រោមឱវាទនាយករដ្ឋមន្ត្រី ដែលមានសមត្ដកិច្ចដោះស្រាយបញ្ហា ឬរឿងរ៉ាវផ្សេងៗ ទើបសឹងគ្រប់អ្នកជួបប្រទះនឹងបញ្ហាមិនថាកម្មកររោងចក្រកាត់ដេរដែលមានវិវាទការងារជាមួយថៅកែរោងចក្រ មិនថាកសិករដែលរងគ្រោះបាត់បង់ដីធ្លី ស្រែចម្ការ មិនថាអ្នកជំនួញធំៗ មិនថាអ្នកនយោបាយផ្សេងៗ និងមិនថាប្រជាពលរដ្ឋរងគ្រោះទូទៅ តែងតែនាំគ្នាសម្រុកសុំការជួយអន្តរាគមន៍ដោះស្រាយពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារយៈពេល២០ឆ្នាំ "គិតចាប់ពីឆ្នាំ១៩៩៣នៃរបបរាជាណាចក្រកម្ពុជាទី២" និងជាបុរសខ្លាំងនៃកម្ពុជា តាមគ្រប់មធ្យោបាយ ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញឲ្យឃើញរួចហើយថា វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយអស់រយៈពេល៧ឆ្នាំ រវាងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ និងក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ "អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង" មានប្រជាពលរដ្ឋជាប់គុក និងរត់ចោលភូមិករជាហូរហែ ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ទាល់តែ"សម្តេចតេជោ ហ៊ុន សែន" ចេញមុខដោះស្រាយទើបចប់រឿងរ៉ាវ ហើយប្រជាពលរដ្ឋក្រីក្រតូចតាច៤៩គ្រួសារទទួលបានយុត្តិធម៌វិញ ខណៈដែលអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏មិនអាចដោះស្រាយបានដែរ ។ រោងចក្រកាត់ដេរខ្លះថៅកែរត់ចោលរោងចក្រ ជំពាក់លុយកម្មករ រហូតដល់កម្មករធ្វើកូដកម្មផង បាតុកម្មដុតសម្បកកង់រថយន្តឡើងហុយផ្សែងទ្រលោមផង មានចំនួនរាប់ខែក៏ដោះស្រាយមិនចេញដែរ ទាល់តែ"សម្តេចតេជោហ៊ុន សែន"ចេញមុខវះកាត់ដោះស្រាយ ទើបចប់បញ្ហា ។ …នេះជាឧទាហរណ៍តិចតួចប៉ុណ្ណោះ ។
ទោះបីរឿងរ៉ាវ ឬបញ្ហាទាំងអស់ត្រូវបានដោះស្រាយឲ្យចេញជាលទ្ធផលដោយ"សម្តេចតេជោ ហ៊ុន សែន"ក៏ដោយ ក៏ផ្លូវនិងព័ត៌មានដើម្បីផ្តល់ជូនទៅបុរសខ្លាំងមិនមែនមានភាពងាយស្រួល ឬទូលំទូលាយនោះឡើយ គឺត្រូវរឹតត្បិតបំផុត ដ្បិតបុរសខ្លាំងមានខុទ្ទកាល័យ និងមានមន្ត្រីក្រុមការងាររបស់សម្តេចដែលមិនងាយបញ្ជូនព័ត៌មាននានាទៅដល់សម្តេចទេ ហើយជួនកាលជ្រុះបាត់ពាក់កណ្តាលផ្លូវក៏មាន និងព័ត៌មានប្រែពណ៌ពីសទៅជាខ្មៅ ឬពីខ្មៅទៅជាសក៏មាន…។ល។
ដូចនេះ ក្រុមកម្មករ កម្មការិនីរោងចក្រ SL Garment Processing(Cambodia)Ltd. ក្រោយពីមានវិវាទការងាររ៉ាំរ៉ៃជាង៣ខែ ជាមួយថៅកែរោងចក្រដោយមិនទទួលបានដំណោះស្រាយរួចមក ក្រុមកម្មករទាំងនោះបានសម្រេចចិត្តដង្ហែក្បួនបាតុកម្មអហិង្សាសំដៅទៅភូមិគ្រឹះ"សម្តេចតេជោ ហ៊ុន សែន" ដើម្បីសុំសម្តេចជួយអន្តរាគមន៍ដោះស្រាយ នៅវេលាព្រឹកនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ តែទីបំផុតត្រូវបានកងកម្លាំងសមត្ថកិច្ចធ្វើការរារាំងនៅមិនដល់ពាក់កណ្តាលផ្លូវផង "ទំនងជាសមត្ថកិច្ចត្រូវតែរារាំងដើម្បីការពារសុវត្ថិភាពជូនបុរសខ្លាំង" ក៏ផ្ទុះអំពើហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួន ទាំងរថយន្ត ទាំងទោចក្រយានយន្តរបស់សមត្ថកិច្ច និងរបស់ប្រជាពលរដ្ឋដ៏គួរឲ្យសោកស្តាយ ។
ទាំងនេះហើយគឺជាព័ស្តុតាងដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការស្នើសុំជួយអន្តរាគមន៍ពីសំណាក់"សម្តេចតេជោ ហ៊ុន សែន" មិនមែនចេះតែងាយស្រួលនោះទេ ទោះតាមរយៈលិខិតលាយលក្ខណ៍អក្សរក្តី ទោះតាមការហែក្បួនបាតុកម្មអហិង្សាក្តី គឺទាល់តែមានផ្លូវ មានច្រក មានកាលៈទេសៈ ជាពិសេសតម្រូវឲ្យបុរសខ្លាំង និងមន្ត្រីដង្ហែបុរសខ្លាំងមួយចំនួនអាចទទួលយកបានដែរ ទើបមានសង្ឃឹម ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ មិនមែនមានតែរោងចក្រ SL មួយប៉ុណ្ណោះទេ សូម្បីរោងចក្រដទៃទៀតដូចជា រោងចក្រ Sabrina នៅខេត្តកំពង់ស្ពឺជាដើម ក៏មានកូដកម្មរ៉ាំរ៉ៃ និងមានផ្ទុះអំពើហិង្សាអ៊ីចឹងដែរ រហូតដល់ថ្នាក់មានមនុស្សរងរបួស មនុស្សជាប់គុកច្រវាក់ និងខូចខាតទ្រព្យសម្បត្តិទាំងសងខាង "ទាំងខាងសមត្ថកិច្ច ទាំងខាងកម្មករ" អស់ជាច្រើន ។ ដូច្នេះ គេត្រូវចោទជាសំណួរថា តើឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលមានសមាជិកចំនួនដូចស្រមោចមកពីគ្រប់ផ្នែក គ្រប់ស្ថាប័ននោះអសមត្ថភាពឬ បានជាមិនអាចដោះស្រាយរាល់ករណីវិវាទការងារនៅតាមបណ្តារោងចក្រកាត់ដេរ ទុកឲ្យរ៉ាំរ៉ៃក្លាយពីរឿងតូចទៅជារឿងធំ ឬមួយក៏សូម្បីតែរោងចក្រមួយក៏ត្រូវការឲ្យ"សម្តេចតេជោ ហ៊ុន សែន"ចេញមុខដោះស្រាយដែរ ?
នេះគឺជាវប្បធម៌គ្រប់បញ្ហាត្រូវការ"សម្តេចតេជោ ហ៊ុន សែន"ដោះស្រាយទាំងស្រុង ស័ក្តិសមនឹងពាក្យថា "អំណាចគ្រប់គ្រងប្រទេសកម្ពុជាទាំងមូលឋិតនៅលើបុរសខ្លាំងតែម្នាក់" ៕
ស្ត្រីអ្នកលក់បាយឈ្មោះ អេង សុខុម ស្លាប់ក្នុងព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបកម្មកររោងចក្រ SL
Source from: www.dtn7.com

Loading...
Loading...