ឯកឧត្តម ទ្រី ណារិន អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យភ្លាមៗក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ០៥ ទៀបភ្លឺនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ខណៈដែលរថយន្តរបស់ឯកឧត្តម បានបុករថយន្តធំមួយគ្រឿងយ៉ាងខ្លាំងពីខាងក្រោយ។
សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា ក្នុងរថយន្តឯកឧត្តម ទ្រី ណារិន មានអ្នកជិះពីរនាក់ប៉ុណ្ណោះ គឺរូបឯកឧត្តម និងអ្នកបើកបរម្នាក់ទៀតឈ្មោះម៉ៅ ប៉ុន្តែឈ្មោះម៉ៅ បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតត្រឹមតែរងរបួសខណៈដែលរថយន្តឯកឧត្តម ទ្រី ណារិន ម៉ាក Prado ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ៣៦.២-០៥២៥ ធ្វើដំណើរពីខេត្តបន្ទាយមានជ័យឆ្ពោះមករាជធានីភ្នំពេញ បានបុកយ៉ាងខ្លាំងជាមួយរថយន្តធំនៅផ្នែកខាងស្តាំជាទីតាំងឯកឧត្តម ទ្រី ណារិន អង្គុយទន្ទឹមអ្នកបើកបរទទួលរងខូចខាតទាំងស្រុង។
ឯកឧត្តម ទ្រី ណារិន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានឡើងកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ហើយឯកឧត្តមរូបនេះក៏ធ្លាប់បានធ្វើជាអភិបាលរងខេត្តបន្ទាយមានជ័យ និងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងធ្លាប់ធ្វើជាចៅសង្កាត់និរោធ ខណ្ឌមានជ័យ និងជាអភិបាលខណ្ឌ៧មករា រាជធានីភ្នំពេញផងដែរ។
សពឯកឧត្តម ទ្រី ណារិន ត្រូវបានតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនានៅសាលាខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា និងលុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា សពនឹងត្រូវដង្ហែយកទៅបញ្ចុះនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
សូមប្រិយមិត្តអ្នកអានមេត្តាបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរនៅគ្រប់កាលៈទេសៈពីព្រោះគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតកលាក់មុខមួយយ៉ាងសាហាវនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ខណៈដែលយានយន្តកាន់តែមានចំនួនកើនឡើង និងសីលធម៌ សុជីវធម៌នៃការបើកបរព្រមទាំងការគោរពច្បាប់ចារាចរណ៍នៅមានចំណុចខ្វះខាតនៅឡើយ៕
Source from: www.dtn7.com

Loading...
Loading...