រាជធានីភ្នំពេញ ៖ ឈ្មួញរណ្ដៅដីដ៏ល្បីល្បាញ នៅខណ្ឌដង្កោឈ្មោះ អ៊ុក រ៉ាឌីន ត្រូវបានប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅតាមភូមិនិមួយៗ ក្នុងសង្កាត់ស្ពានថ្ម ដាក់ពាក្យប្តឹងទៅអាជ្ញាធរសង្កាត់ ដោយបានចោទប្រកាន់ថា ទិញដីរបស់ពួកគាត់ ធ្វើអាជីវកម្មអស់ទៅហើយ តែការទូរទាត់ប្រាក់តាមដំណាក់កាល ដូចមានចែងក្នុងកិច្ចសន្យា មិនទៀងទាត់ហើយការសងប្រាក់ថ្លៃដីនោះ ក៏មិនមានតុល្យភាពនឹងតម្លៃដី ដែលឈ្មោះ អ៊ុក រ៉ាឌីន បានទិញនោះឡើយ។
ស្ត្រីឈ្មោះ ធុល ចាន់ធឿន អាយុ ៤៥ឆ្នាំ ជាកសិករមានទីលំនៅ ក្នុងភូមិហារបានប្រាប់ឲ្យដឹងថា ថៅកែរណ្តៅដីឈ្មោះ អ៊ុក រ៉ាឌីន ពិតជាបានទិញដីស្រែ ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតាមភូមិនានានៅក្នុងសង្កាត់ស្ពានថ្មនេះ ហើយការទូទាត់លុយតាមដំណាក់កាល គឺមិនតុល្យភាពទៅនឹងតម្លៃដីនោះទេ។ ការទិញដីស្រែប្រជាពលរដ្ឋជិត ២ឆ្នាំហើយ សងមិនទាន់រួចទេគឺឈ្មោះ អ៊ុក រ៉ាឌីន សងម្តង ៥០០ដុល្លារ ម្តង ២០០ទៅ៣០០ ដុល្លារ ហើយតម្លៃដីស្រែអ្នកភូមិខ្លះ រហូតដល់ជាង ១ម៉ឺនដុល្លារឯណោះ ដល់គេសងតាមដំណាក់កាលម្តង ២០០-៣០០ ដុល្លារឬ ៥០០ដុល្លារសួរថា យកមកធ្វើស្អីហើយទិញស្អីកើត។
មានការបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋបានប្តឹង ទៅសាលាសង្កាត់ ម្តងជាពីរដងរួចមកហើយ តែលោកចៅសង្កាត់ស្ដីបន្ទោសម្ចាស់ដីវិញថា ពេលលក់អត់ឲ្យអាជ្ញាធរ សង្កាត់ដឹងទេ រត់ការទៅលើអស់ដល់ពេលមានរឿង ទើបមកឲ្យសង្កាត់ដោះស្រាយ។ ដោយសារលោកចៅសង្កាត់ និយាយបែបនេះ ទើបថៅកែរណ្តៅដីឈ្មោះ អ៊ុក រ៉ាឌីន មិនចង់សងលុយថ្លៃដី ឲ្យប្រជាពលរដ្ឋ។ ជារឿយៗឈ្មោះ អ៊ុក រ៉ាឌីន បានជីករណ្តៅក្បែរ ដីស្រែប្រជាពលរដ្ឋ តាមតែទំនើងចិត្ត ដើម្បីបង្ខំឲ្យលក់ដីថោកៗ ពេលប្តឹងទៅសាលាសង្កាត់ គ្មាននរណាជួយដោះស្រាយទេ។
ពាក់ព័ន្ធករណីនេះតំណាងរបស់ឈ្មោះ អ៊ុក រ៉ាឌីន នឹងចូលមកដោះស្រាយជាមួយម្ចាស់ដី នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ ហើយការដោះស្រាយ បានកម្រិតណានោះ មិនទាន់ដឹងទេ ព្រោះថាក្រុមហ៊ុនលោក អ៊ុក រ៉ាឌីន បានទិញដីស្រែពីបងប្អូនពលរដ្ឋ យូរណាស់មកហើយ មិនទាន់សងលុយ ប្រជាពលរដ្ឋយើងអស់នៅឡើយទេ។ ដោយប្រជាពលរដ្ឋខ្លះ ត្រូវឈ្មោះ អ៊ុក រ៉ាឌីន ជំពាក់ជាង ៥ពាន់ដុល្លារ ខ្លះទៀតជាង ១ម៉ឺនដុល្លារ ចំពោះប្រជាពលរដ្ឋជាង ១ម៉ឺនដុល្លារនោះគេថា នឹងទូរទាត់ឲ្យគ្រប់ចំនួននៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រណ្តៅដីរបស់ឈ្មោះ អ៊ុក រ៉ាឌីន នៅសង្កាត់ស្ពានថ្ម បានបង្កផលប៉ះពាល់ខ្លាំងណាស់សម្រាប់អ្នកភូមិ ហើយកន្លងមកអាជ្ញាធរ បានបញ្ជាឲ្យឈ្មោះ អ៊ុក រ៉ាឌីន ផ្អាកកាយអាចម៍ដីក៏ពិតមែន ប៉ុន្តែឈ្មោះ អ៊ុក រ៉ាឌីន បានបង្វែរទៅជាជីកបូមខ្សាច់ទៅវិញ ហើយមិនដឹងថា ទង្វើបែបនេះឈ្មោះ អ៊ុក រ៉ាឌីន ចង់ផ្គើននឹងការផ្អាក របស់អាជ្ញាធរខណ្ឌ ឬយ៉ាងណានោះទេ ដែលទាមទារឲ្យផ្នែកពាក់ព័ន្ធ ពិនិត្យមើលបញ្ហានេះ ឡើងវិញផង៕
Source from: watphnom-news.com

Loading...
Loading...