ខេត្តបាត់ដំបង ៖ ស្ទាវមួយក្រុមបានបើកម៉ូតូ ៣ គ្រឿងមានគ្នា ៥ នាក់ចូលព្រលានយន្តហោះខេត្តបាត់ដំបង មួយសន្ទុះក្រោយមកគេឃើញតែម៉ូតូ ២ គ្រឿងបើកចេញទៅវិញ ដោយមានការសង្ស័យ យោធាទ័ពអាកាស ដែលប្រចាំការនៅទីនោះ ក៏ធ្វើការល្បាតហើយប្រទះឃើញ សពបុរសម្នាក់ត្រូវគេវាយដួលផ្កាប់មុខ និងហែកអាវរឹតកស្លាប់ នៅដុបព្រៃខាងលិចព្រលានយន្តហោះចម្ងាយ ១១០ ម៉ែត្រកាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
លុះដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ចចម្រុះបានចុះពិនិត្យ ធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ស្ថិតក្នុងក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ហើយសមត្ថកិច្ចបានសន្និដ្ឋានថា នេះជាករណីសម្លាប់មនុស្សនេះ ដោយសាររឿងគំនុំ ច្រើនជាងករណីប្លន់ ។ កន្លងមកនៅរៀងរាល់ល្ងាច មានសិស្សសាលាមន្ត្រីរាជការ ប្រជាពលរដ្ឋ រាប់រយនាក់នាំគ្នាចូលទៅលេងលំហែរកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក្នុងប្រលានយន្តហោះនេះ។
នៅថ្ងៃកើតហេតុម៉ោងជាង ៨យប់គឺមានម៉ូតូចំនួន ៣គ្រឿងបិទភ្លើង មានគ្នាប្រហែល ៥ នាក់ជិះចូលមក។ មួយសន្ទុះក្រោយមក ឃើញតែម៉ូតូ ២គ្រឿងបើកចេញទៅវិញ មិនដឹងជាមួយគ្រឿងទៀត ចេញទៅតាមណាទេ ។ ដោយខ្លាចមានករណីឃាតកម្មផ្សេងៗ មន្ត្រីយោធាក៏បើកម៉ូតូល្បាត តាមបរិវេណព្រលានយន្តហោះ ក៏ប្រទះឃើញសពបុរសម្នាក់ ដេកផ្កាប់មុខក្បែរដុបព្រៃក៏រាយការណ៏ ជូនសមត្ថកិច្ចជំនាញតែម្តង។
សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា សពបុររងគ្រោះមានកម្ពស់ ១,៦០ ម៉ែត្រសម្បុរសណ្តែកបាយ រាងធាត់មានសាក់រូបផ្កាកូឡាប និងរង្វង់លួសរុំពីក្រៅ ពាក់អាវយឺតពណ៌សមានកនិងដៃវែង ពាក់ខោពណ៌ពងមាន់ ត្រឹមក្បាលជង្គង់។ សពមានឈាមហូរតាមត្រចៀក មាត់ និងហើមកញ្ចឹកក ខាងក្រោយ។ នៅត្រង់កត្រូវគេហែកអាវយឺត ចងរឹតកថែម ហើយនៅចម្ងាយពីក្បាលសព ប្រហែលជាង ១ម៉ែត្រមានកាន់កន្ត្រកជ័រ ពណ៌ខៀវ ក្នុងនោះមានដាក់ការុងសមួយផង។
នៅកន្លែងកើតហេតុសមត្ថកិច្ច បានរកឃើញត្រីឆ្លូញប្រឡាក់ ១ ថង់មានស្បែកជើងផ្ទាត់លេខ១០ ពណ៌សខៀវ ១ គូមានធូបផ្សាមួយបាច់ចំនួន ១០ ដើមនិងគ្រាប់វីស សម្រាប់បាញ់កិបសង្ក័សី ១ថង់ដៃ ។ នៅលើចុងឈើកម្ពស់ប្រហែល ៣ម៉ែត្រចម្ងាយយពីសព ប្រហែល ៤ ម៉ែត្រមានខ្សែក្រវ៉ាត់ចំនួន ១ ហើយនៅទីវាលទិសខាងជើង ចម្ងាយពីសពប្រហែល ៧ ម៉ែត្រមានកអាវយឺតពណ៌ស និងមានឡេវអាវ ឡេវខោព្រមទាំងឈាមប្រឡាក់ស្មៅ ព្រមទាំងក្បាលខ្សែក្រវ៉ាត់ ១ ផង។ នៅទិសខាងលិចចម្ងាយ ពីចុងជើងសពប្រហែល ៤ ម៉ែត្រមានដបទឹកសុទ្ធចំនួន ២និងបំពង់បឺតចំនួន ២ ថង់ម៉ាទឹកកកចំនួន ១ ដែកកេះនិងក្បាលដែកកេះចំនួន ១ ផងដែរ។
សពជនរងគ្រោះមិនទាន់ មានអ្នកស្គាល់សាវតាទេ ហើយក្រុមកោសល្យវិច័យ បានសន្និដ្ឋានថា នេះជាករណីសុម្លាប់មនុស្ស ឃាតកមានគ្នាចាប់ពី ២ នាក់ឡើងទៅព្រួតគ្នាវាយ រួចហែកអាវរឹតកបន្ថែមឲ្យស្លាប់ អាចជារឿងគំនុំច្រើនជាង ករណីប្លន់យកទ្រព្យសម្បត្តិ។ ពាក់ព័ន្ធករណីនេះលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានឲ្យដឹងថា ករណីឃាតកម្មនេះមិនទាន់ហានសន្និដ្ឋាន ជាករណីប្លន់ឬរឿងគំនុំទេ ព្រោះមិនទាន់ស្គាល់សាវតា ជនរងគ្រោះហើយសពត្រូវបាន សមត្ថកិច្ចកប់នៅកន្លែងកើតហេតុ៕
Source from: watphnom-news.com

Loading...
Loading...