ខេត្តព្រះសីហនុ ៖ ទារិកាអាយុជិត ៣ ខែម្នាក់ត្រូវបានឪពុកចិត្តព្រៃផ្សៃ ចាប់ជើងបោកផ្ទប់នឹងជញ្ជាំងផ្ទះ បណ្តាលឲ្យបាក់ក និងបែកថ្លើមស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ បន្ទាប់ពីមានជម្លោះបន្តិចបន្តួច ជាមួយប្រពន្ធផ្តើមឡើងពីររឿង បោកគក់ខោអាវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្រុមទី៣ ភូមិព្រៃនប់១ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឪពុកចិត្តតិរិច្ឆាននោះ មានឈ្មោះ ជាង មាឃ ហៅចាន់ អាយុ ២៦ឆ្នាំ ប្រពន្ធឈ្មោះ ជួន ធា អាយុ ២៦ឆ្នាំ ចំណែកទារិកាដែលរងគ្រោះ រហូតដល់ស្លាប់មានឈ្មោះ ជាង នីកា ភេទស្រី អាយុ ២ខែ១០ថ្ងៃ ។ មុនពេលកើតហេតុស្ត្រីជាប្រពន្ធ និងបុរសជាប្តីបានដេកលេង នៅលើគ្រែជាមួយគ្នា ដោយមានកូនស្រីនៅក្បែរផងដែរ បានជជែកគ្នាពីរឿងបោកគក់ខោអាវ។
ដោយដំបូងឡើយប្តីប្រពន្ធពីរនាក់នេះ បាននិយាយដោយប្រើពាក្យអូនបង ជាធម្មតាលុះជជែកគ្នាយូរទៅៗ កើតចេញជាជម្លោះប្រកែកគ្នា ឡើងតឹងសរសៃ.ក ឈប់ប្រើពាក្យអូនបងចាប់ផ្តើម ស្រែកជេរគ្នាប្រើពាក្យអាមឹងក៏កើតជាជម្លោះ។ ពេលនោះឪពុកចិត្តតិរិច្ឆាន បានស្ទុះមកចាប់ជើងកូន បោកផ្ទប់ទៅនឹង ជញ្ជាំងផ្ទះ បណ្ដាលឲ្យបាក់ក និងបែកថ្លើម ប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយបានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...