រឿងរ៉ាវអំពើពុករលួយនៅការិយាល័យលិខិតឆ្លងដែនទាក់ទងនឹងការធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃនិងគ្មានចែងចេញជាប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃស្តីពីការផ្តល់សេវាសាធារណៈនៃការសុំធ្វើលិខិតឆ្លងដែននោះ ជាប្រធានបទដ៏ក្តៅគគុកក្នុងការចោទសួរនិងរអ៊ូររទាំក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលមានបំណងចង់ស្វែងរកការងារធ្វើនៅបរទេស ។
តាមការកត់សម្គាល់កន្លងមក អំពីរយៈពេលនិងតម្លៃធ្វើលិខិតឆ្លងដែន ដែលមានសុពលភាពចំនួន៣ឆ្នាំនិងអាចពន្យារបាន២ដង ដោយក្នុងម្តងៗមានរយៈពេល២ឆ្នាំនោះ គឺ ៖
-រយៈពេល១ថ្ងៃ តម្លៃប្រមាណ៤៨០ដុល្លារអាមេរិក
-រយៈពេល៣ថ្ងៃ តម្លៃប្រមាណ៣៨០ដុល្លារអាមេរិក
-រយៈពេល២សប្តាហ៍ តម្លៃប្រមាណ២៩០ដុល្លារអាមេរិក
-រយៈពេលជាង១ខែ តម្លៃប្រមាណ១៣៥ដុល្លារអាមេរិក ។
ប្រពភព័ត៌មានច្បាស់ការណ៍ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងមានគោលការណ៍ថ្មីចាប់ពីឆ្នាំ២០១៤តទៅ លិខិតឆ្លងដែនថ្មីនឹងមានសុពលភាពរយៈពេល១០ឆ្នាំ ហើយនឹងមានកម្រាស់ក្រាស់រហូតដល់៦០ទំព័រ ។
ទោះយ៉ាងណាក៏ដោយទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងក្រសួងមហាផ្ទៃមិនទាន់ចេញប្រកាសរួមចែងឲ្យបានច្បាស់លាស់អំពីរយៈពេលនិងតម្លៃនៃការធ្វើលិខិតឆ្លងដែននៅឡើយទេ ។
យោងតាមតួលេខផ្តល់ដោយនាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែនបានឲ្យដឹងថា គិតត្រឹមខែទី១០នៃឆ្នាំ២០១៣កន្លងមក អ្នកធ្វើលិខិតឆ្លងដែនមានចំនួន២១០.០០០នាក់ ខណៈក្នុងឆ្នាំ២០១២មានចំនួនជាង១៦០.០០០នាក់ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបានសំណូមពរឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃចេញប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈទាក់ទងនឹងការធ្វើលិខិតឆ្លងដែន ដោយកំណត់ឲ្យបានច្បាស់លាស់អំពីតម្លៃនិងរយៈពេលនៃការធ្វើលិខិតឆ្លងដែន ដើម្បីបង្ការទប់ស្កាត់នូវការកើតមានអំពើពុករលួយនៅក្នុងការិយាល័យលិខិតឆ្លងដែនតទៅទៀត ៕
Source from: www.dtn7.com

Loading...
Loading...