រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងថ្នាក់ដឹកនាំគយរដ្ឋាករ បានជួបប្រជុំគ្នារិះរកវិធីទប់ស្កាត់ អំពីរត់ពន្ធទំនិញដើម្បីបង្កើន ចំណូលថវិកាជាតិ ហើយក៏មានការណែនាំ ឲ្យក្រុមឈ្មួញដែលធ្លាប់តែប្រព្រឹត្ត ការដឹកជញ្ជូនទំនិញគេចពន្ធ បំផ្លាញចំណូលថវិកាជាតិ កែប្រែឥរិយាបថរបស់ពួកគេ ឲ្យបង់ពន្ធត្រឹមត្រូវតាមតារាងតម្លៃ ដែលកំណត់ដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺត្រូវបង់ពន្ធ ១០០ភាគរយ។ ប៉ុន្តែគេមើលឃើញថា គោលការណ៍បែបនេះ ធ្វើឡើងគ្រាន់តែល្អមើលប៉ុណ្ណោះ ហើយមានប្រសិទ្ធភាពអនុវត្តន៍លើក្រុមឈ្មួញតូចតាច ឬក្រុមហ៊ុនរកស៊ី នាំចូលទំនិញស្របច្បាប់ ប៉ុន្តែក្រុមឈ្មួញធំៗដែលជ្រកក្រោមស្បែកជាយោធា គឺគ្មាននរណាហ៊ានតម្រូវ ឲ្យពួកគេបង់ពន្ធ ១០០ភាគរយនោះទេ។
ការនាំចូលទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់អាចធ្វើឡើងទៅបាន ដោយសារតែមានការឃុបឃិតពី ជំនាញគយនិងសមត្ថកិច្ច ដែលប្រចាំការតាមច្រកព្រំដែន ទើបក្រុមឈ្មួញអាចធ្វើទៅកើត ដូចជាករណីដែលមេឈ្មួញ ស៊ុន ហួរ ជាឧត្តមសេនីយ៍ទោយោធា ល្បីខ្លាំងបំផុតក្នុងការរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធ បាននាំចូលទំនិញជាប្រភេទគ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ផលិតនៅស្រុកយួន ចូលមកស្រុកខ្មែរ តាមច្រក ច័ន្ទមូល ច្រកដូនរ័ត្ន ឬច្រកត្រពាំងផ្លុង ហើយពេលខ្លះក៏មានការនាំចូលតាមច្រកត្រពាំងស្រែវ៉ាលឺ ក៏ព្រោះតែមេឈ្មួញ ស៊ុន ហួរ មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចនិងជំនាញគយដែលប្រចាំការនៅទីនោះ ជាអ្នកជួយសម្របសម្រួល។
មេឈ្មួញ ស៊ុន ហួរ ក្នុងអតីតកាលគ្រាន់តែ ជាមេការកំប៉ិកកំប៉ុករបស់យាយញាប់ ជាមេឈ្មួញរកស៊ីទំនិញគេចពន្ធធំជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយក្រោយមកមេឈ្មួញ ស៊ុន ហួរ ក៏បែកគំនិតដណ្តើមម៉ូយរបស់យាយញាប់ រហូតក្លាយខ្លួនជាមេឈ្មួញ ដែលមានឥទ្ធិពលខ្លាំងជាងយាយញាប់ ជាអតីតថៅកែរបស់គាត់ទៅទៀត ហើយបើនិយាយពីក្រុមឈ្មួញ រកស៊ីនាំចូលទំនិញគេចពន្ធ គ្រប់ៗគ្នាបានស្គាល់ពីសាវតា របស់មេឈ្មួញ ស៊ុន ហួរ ច្បាស់ដូចថ្ងៃរះ ហើយឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ របស់មេឈ្មួញ ស៊ុន ហួរ ក៏គេដឹងថា បានមកដោយសារតែការ ផ្តល់លុយកាក់ជួយទំនុកបំរុង ដល់អ្នកមានអំណាចមួយចំនួនជាខ្នងបង្អែក ដើម្បីការពារការរកស៊ីនាំចូល ទំនិញគេចពន្ធរបស់គាត់ ឲ្យមានភាពរលូនល្អ។
មានការបញ្ជាក់ផងដែរថា អតីតភាពការងាររបស់លោក ស៊ុន ហួរ ដែលជាមេការរបស់យាយញាប់ គឺជារឿងស័ក្តិសមបំផុត ដែលគាត់អាចក្លាយជា មេឈ្មួញរកស៊ីរត់ពន្ធទំនិញ ចូលប្រទេសកម្ពុជាទៅតាមអតីតថៅកែរបស់គាត់ គឺមិនស័ក្តិសមក្នុងការទទួលបាន ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោនោះទេ ហើយគេយល់ថាឋានន្តរស័ក្តិ របស់គាត់បានមកពីការជួយជ្រោមជ្រែង អន្តរាគមន៍តាមរយៈការ ចាយលុយរត់រកខ្សែទុយោជាមិនខាន ព្រោះមន្ត្រីខ្លះធ្វើការតាំងពីដាច់ សម័យរបបខ្មែរក្រហម បើពូកែផុតលេខបានត្រឹមតែ ពាក់ស័ក្តិ៥ប៉ុណ្ណោះ។ ប៉ុន្តែមេឈ្មួញជាច្រើន ដែលប្រកបអាជីពដឹកជញ្ជូនទំនិញគេចពន្ធ ឬរកស៊ីល្មើសច្បាប់បែរជាមានលុយ មានអំណាចមានផ្កាយពាក់ពេញលើស្មា ដូចជាមេឈ្មួញ ស៊ុន ហួរ ជាដើមមិនសូវឃើញមុខក្នុងបន្ទាយទេ។
ទន្ទឹមពេលដែលមានវិធានការរឹតបន្តឹង ឲ្យក្រុមឈ្មួញបង់ពន្ធសម្រាប់ការ នាំចូលទំនិញដល់ទៅ ១០០ភាគរយ ដើម្បីបង្កើនចំណូលថវិកាជាតិនៅពេលនេះ គេយល់ថាជំនាញគយ ដែលប្រចាំការតាមច្រកព្រំដែនអាចធ្វើបាន តែចំពោះក្រុមឈ្មួញតូចតាច ដែលគ្មានខ្នងបង្អែកប៉ុណ្ណោះ គឺមិនអាចរំខានដល់ការរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធរបស់មេឈ្មួញធំៗ ដូចជាលោក ស៊ុន ហួរ បានទេ។ ជាក់ស្តែងរថយន្តក្រុងដឹកអ្នកដំណើរ ១៥ អេសអិច របស់មេឈ្មួញ ស៊ុន ហួរ នៅតែសកម្មក្នុងការ បង្កប់ទំនិញគេចពន្ធពីស្រុកយួន ដឹកជញ្ជូនចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត ដោយគ្រាន់តែបង់លុយប្រចាំជើងចំនួន ៣លានរៀលឲ្យជំនាញគយ និងសមត្ថកិច្ចប្រចាំការតាមច្រកព្រំដែន និងបង់លុយប្រចាំខែឲ្យមេគយធំៗ គឺ គ្មានសមត្ថកិច្ចណាមួយ ហ៊ានចេញមុខត្រួតពិនិត្យឬប៉ះពាល់ ការដឹកជញ្ជូនទំនិញគេចពន្ធ របស់មេឈ្មួញ ស៊ុន ហួរ នោះទេ៕
Source from: watphnom-news.com

Loading...
Loading...