ខេត្តរតនគិរី ៖ បញ្ហាដែលអ្នកទោសចំនួន ៥នាក់ បានអារចំរឹងបង្អួចពន្ធនាគារខេត្តរតនគិរី រត់គេចខ្លួនកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះគឺជាសំណួរដ៏សំខាន់មួយ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានសួរគ្នាទៅវិញទៅមកថា អ្នកទោសបានរណារអារដែកមកពីណា? ហេតុអ្វីបានជាអ្នកទោសអាចអារចំរឹងបង្អួច លូនចេញពីបន្ទប់ឃុំឃាំង ហើយបន្តទៅអារលួសបន្លា ហ៊ុំព័ទ្ធបរិវេណពន្ធនាគារខេត្តរតនគិរី បានយ៉ាងងាយស្រួលបែបនេះ ហើយដើម្បីបង្ហាញពីការទទួលខុសត្រូវលោក ងិន ណែល ជាប្រធានពន្ធនាគារខេត្តរតនគិរី គួរតែពិចារណាខ្លួនឯង អំពីការលាលែងពីមុខតំណែង។
ជាពិសេសលោកផ្កាយ៣ គុយ ប៊ុនសន ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគេល្បីថាជាខ្នងបង្អែកដ៏រឹងមាំ របស់លោក ងិន ណែល ក៏មិនគួរយោគយល់ចំពោះ កំហុសឆ្គងជាបន្តបន្ទាប់ ដែលផ្តើមចេញពីការធ្វេសប្រហែស និងកង្វះការទទួលខុសត្រូវ របស់លោក ងិន ណែល នោះទេ។ ជាគោលការណ៍ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ឲ្យអនុរក្សពន្ធនាគារទាំងអស់ពង្រឹងសន្តិសុខ និងយកចិត្តទុកដាក់គ្រប់គ្រង ពន្ធនាគារឲ្យបានល្អ តាមរយៈការលុបបំបាត់អំពើពុករលួយនិងភាពអសកម្មផ្សេងៗសឹងរាប់ភ្លេចទៅហើយ។
ប៉ុន្តែបញ្ហាដែលកើតមាន ក្នុងពន្ធនាគារ ខេត្តរតនគិរី ដែលដឹកនាំដោយលោក ងិន ណែល នៅតែគ្មានការកែទម្រង់ រហូតមានការថ្លោះធ្លោយ ដែលអ្នកទោសអាច អារដែកចំរឹងបង្អួច រត់គេចខ្លួននិងមានឱកាសអារផ្តាច់របងលួសបន្លា ដែលហ៊ុំព័ទ្ធបរិវេណពន្ធនាគារ យ៉ាងព្រហើនបំផុត។ គេមិនច្បាស់ទេថា តើនៅក្នុងអង្គភាព ពន្ធនាគារខេត្តរតនគិរីនេះ មានបញ្ហាផ្ទៃក្នុង ឬភាពអសកម្មដល់កម្រិតណាទេ បានជាកើតមានរឿងរ៉ាវថ្លោះធ្លោយ ច្រើនលើកច្រើនសាគួរឲ្យព្រួយបារម្ភបំផុត ដែលទាមទារឲ្យក្រសួងមហាផ្ទៃ ចុះពិនិត្យមើលឡើងវិញពីបាតុភាព ដែលកំពុងកើតមាន ក្នុងពន្ធនាគារខេត្តរតនគិរី។
គ្រប់ក្រុមគ្រួសារទាំងអស់ អាចចូលសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន តាមរយៈការបង់លុយចាប់ពី ១ម៉ឺនដល់ ៦ម៉ឺនរៀល គឺមន្ត្រីអនុរក្សពន្ធនាគារ មានឱកាសកោសរូស គាបជំរិតសាច់ញាតិ គ្រួសារអ្នកទោសយ៉ាងអនាធិបតេយ្យបំផុត មិនដែលខ្វល់ខ្វាយពីចំណាត់ការ របស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ សូម្បីតែលោក ងិន ណែល ខ្លួនឯងក៏មានពាក់ព័ន្ធ ជាមួយអំពើពុករលួយយ៉ាងស៊ីជម្រៅ ដូចជា ការកេងប្រវ័ញ្ចរបបហូបចុក របស់អ្នកទោស ការកាត់លុយបេសកកម្ម ឬលុយលើកទឹកចិត្ត របស់មន្ត្រីក្រោមឱវាទ បូករួមជាមួយការកេងប្រវ័ញ្ច ប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាល បានផ្តល់ឲ្យអ្នកទោសជិតផុតកំណត់ឃុំខ្លួន ក៏គ្មានការកែទម្រង់ ឲ្យបានល្អប្រសើរនោះទេ គឺលោក ងិន ណែល មានឱកាសធ្វើអ្វីៗតាមតែទំនើងចិត្ត។
មុនពេលមានហេតុការណ៍អ្នកទោស អារចំរឹងដែកបង្អួចពន្ធនាគារ រត់គេចខ្លួនដោយសុវត្ថិភាព ក៏ធ្លាប់មានករណីលួច ប្រើប្រាស់គ្រឿងញៀន ក្នុងពន្ធនាគារខេត្តរតនគិរី ហើយកន្លងមកក៏ធ្លាប់មានអ្នកទោសលួចរត់គេចខ្លួនជាហូរហែ គេមិនដឹងថាលោក ងិន ណែល គ្រប់គ្រងពន្ធនាគារខេត្តរតនគិរី នេះបែបណានោះទេ។ បើពិនិត្យលើគោលការណ៍ គេអាចវាយតម្លៃបានថា ភាពអសកម្មនិងកង្វះការទទួលខុសត្រូវ ជាពិសេសកង្វះកិច្ចសហការរវាងលោក ងិន ណែល ជាមួយមន្ត្រីក្រោមឱវាទ គឺជាដើមហេតុធំបំផុត បង្កឲ្យមានភាពអសកម្ម និងរឿងរ៉ាវមិនប្រក្រតីទាំងនេះ កើតឡើងជាហូរហែ។
ប៉ុន្តែលោក គុយ ប៊ុនសន បែរជាធ្វើមិនដឹងមិនឮ ចំពោះការប្រព្រឹត្តខុសឆ្គង ម្តងហើយម្តងទៀតរបស់លោក ងិន ណែល ទើបមន្ត្រីតូចតាចមួយចំនួន គិតឃើញថា លោក គុយ ប៊ុនសន គឺជាខ្នងបង្អែករបស់លោក ងិន ណែល ទើបគាត់អាចធ្វើអ្វីៗតាមតែអំពើចិត្ត មិនខ្វល់ពីការកែទម្រង់ ឬសេចក្តីណែនាំរបស់ថ្នាក់លើ។ អំពើ ពុករលួយត្រូវគេដឹងថា គឺជាដើមហេតុដែលអ្នកទោស អាចនាំចូលរណារអារដែក យកទៅអារចំរឹងបង្អួចដើម្បីរត់គេចខ្លួន ឬអាចមានការឃុបឃិត ណាមួយពីផ្ទៃក្នុង ដែលក្រសួងមហាផ្ទៃគួរស៊ើបអង្កេតឲ្យបានស៊ីជម្រៅ។
ព្រោះថា គ្រប់ទំនិញ ឬសម្ភារៈដែលផ្ញើទៅឲ្យអ្នកទោស សុទ្ធតែឆ្លងកាត់ ការឆែកឆេរដ៏តឹងតែង ពីមន្ត្រីអនុរក្សពន្ធនាគារ ហើយសូម្បីតែវត្ថុមួយចំនួន ដែលអាចធ្វើសកម្មភាព ក្នុងការរត់គេចខ្លួន ឬការបង្កឲ្យមានរបួសស្នាម ក៏ត្រូវបានហាមឃាត់ មិនឲ្យសាច់ញាតិយកទៅ ផ្តល់ឲ្យអ្នកទោសផងដែរ។ ដូច្នេះសំណួរដែលលើក ឡើងថា តើក្រុមអ្នកទោសអស់នោះ បានរណារអារដែកពីណា ទៅអារចំរឹងបង្អួច ដើម្បីរត់គេចខ្លួន គឺជាប្រធានបទដ៏សំខាន់មួយ ដែលក្រសួងមហាផ្ទៃ មិនគួរមើលរំលងទេ ហើយបើគ្មានការផ្លាស់ប្តូរតំណែងលោក ងិន ណែល ពិតណាស់ដែលថា អ្វីៗនឹងនៅតែអសកម្មដូចមុនដដែល៕
Source from: watphnom-news.com

Loading...
Loading...