ខេត្តកណ្តាល ៖ បុរសពីរនាក់បងប្អូន នាំគ្នាជិះម៉ូតូទៅហូបការ ពេលត្រឡប់មកវិញ បានបុកជាមួយឡានយីឌុប នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុច គីឡូម៉ែត្រលេខ ៣១-៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង ២៣និង១៥ នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុទាំង ២នាក់បងប្អូន គួរឲ្យរន្ធត់បំផុត។
ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ គឺម្នាក់ឈ្មោះ ជា សេងថៃ ភេទប្រុស អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជា ចន្ថា ភេទប្រុស អាយុ ២០ឆ្នាំ។ អ្នកទាំងពីរមានមុខរបរ ជាជាងជួសជុលរថយន្ត មានទីលំនៅ ក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1AH-6007 ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ធុនយីឌុបដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ៣ B៨២៧១ ហើយអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។
មុនពេលកើតហេតុ គេបានឃើញម៉ូតូសង់កូរ៉េ មួយគ្រឿងជិះឌុបគ្នា ២នាក់ ធ្វើដំណើរពីទិសខាងត្បូង ទៅជើង ពេលនោះមានរថយន្តម៉ាកហ៊ី យ៉ាន់ដាយដឹកទំនិញ ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបុកគ្នាពេញមួយទំហឹង នៅត្រង់កណ្តាលទ្រូងផ្លូវ បណ្តាលឲ្យអ្នក ជិះម៉ូតូពីរនាក់ដួល ហើយត្រូវកង់រថយន្តបើកកិនពីលើ អូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពេច ទើបអ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់។ បើតាមការពិនិត្យ នៅកន្លែងកើតហេតុ គឺអ្នកបើកបរម៉ូតូ មានភាពស្រវឹងស្រា បាត់បង់ការប្រុងប្រយ័ត្ន ទើបធ្វើឲ្យម៉ូតូ បើកទៅបុកនឹងរថយន្ត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា នៅកណ្តាលទ្រូងផ្លូវតែម្តង៕
Source from: watphnom-news.com

Loading...
Loading...