ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានធើ្វការរិះគន់ចំពោះ មន្ត្រីបាយឆៅ អសកម្មមួយចំនួន ដែលមានតួនាទីជា សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល បានឆ្លៀតឳកាសប្រព្រឹត្ត អំពើពាលាអាវាសែ ឃុបឃិតគ្នាបើកល្បែងស៊ីសង ជាចំហយ៉ាងអនាធិបតេយ្យ នៅកណ្តាលក្រុងប៉ោយប៉ែតដោយមិនខ្លាចញញើត ចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល និងការឹតបន្តឹងរបស់ថ្នាក់លើនោះទេ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលពួកសមត្ថកិច្ច ឃុបឃិតគ្នាបើកល្បែងស៊ីសង រួមមានភ្នាល់បាល់ទាត់ តាមប្រព័ន្ធអនឡាញ ដោយខុសច្បាប់នោះ គឺពួកគេបានប្តូរពីទីតាំងចាស់ ដែលជាលំនៅដ្ឋានរបស់ប៉ូលីស ការិយាល័យទេសចរណ៏ ខេត្តបន្ទាយមានជ័យឈ្មោះ រី ថុល ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់-ក្រុង ប៉ោយប៉ែត មកដាក់នៅទីតាំងថ្មី ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែតដដែល គ្មាននរណាហ៊ានប៉ះពាល់ទេ មិនដឹងជាមាន អាថ៌កំបាំងអ្វីនោះឡើយ។
បើតាមប្រភពខ្សឹបខ្សៀវមួយ បានបង្ហើបឲ្យដឹងថា ម្ចាស់បនល្បែងស៊ីសងដ៏ធំដុះស្លែនោះ មានឈ្មោះ រី ថុល ជាមន្ត្រីអនុប្រធាន ការិយាល័យនគរបាលទេសចរណ៏ នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ប្រចាំការនៅក្រុងប៉ោយប៉ែត បានដាក់ហ៊ុនជាមួយប៉េអឹមពាក់សិក្ត័៥ ឈ្មោះ ម៉ែន ភិរម្យ ជាមេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងបុរសម្នាក់ទៀត ឈ្មោះ ធី ហៅ ធី ដើមពោធិ៍ គឺមន្ត្រីទាំងនេះបានបើកបនល្បែង ប្រឆាំងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជដ្ឋាភិបាល យ៉ាងគឃ្លើនបំផុត។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានបញ្ជាក់ថា ពួកអ្នកញៀនល្បែងទាំងនេះ កំពុងតែប្រឆាំងទៅនឹងអនុសាសន៏ ដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាស ជាសាធារណៈថា អាណត្តិថ្មីនេះនឹងមានការ កែទម្រង់ដឹកនាំថ្មី ដ៏ស៊ីជម្រៅមួយពោលគឺ យើងត្រូវងូតទឹកដុះក្អែល ឆ្លុះកញ្ចក់ ប៉ុន្តែបើធើ្វមិនបានទេ មុខតែប្រើវិធីសាស្ត្រគ្រូពេទ្យវិញម្តង បើត្រូវព្យាបាលគឺព្យាបាល បើត្រូវកាត់ចោលគឺកាត់ចោលតែម្តង ប៉ុន្តែលោក រី ថុល និងបក្ខពួកកំពុងតែជាន់ឈ្លី ចំពោះការប្តេជ្ញាចិត្តបែបនេះ ដោយងងឹតងងល់ ។
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ភ្នាក់ងារសារព័ត៌មាន បានទៅថតទីតាំងថ្មី របស់ក្រុមមេបនល្បែងស៊ីសងភ្នាល់បាល់ យីហោ Sport World 97.com និងបន្តតាមដានមើលថា ហេតុអ្វីបានជាសមត្ថកិច្ច នៅក្រុងប៉ោយប៉ែត មិនហ៊ានលូកដៃបង្ក្រាប បនល្បែងយីហោ Sport World 97.com របស់ឈ្មោះ រី ថុល និងលោក ម៉ែន ភិរម្យ និងដែលមានហ៊ុនហយ ជាមួយឈ្មោះ ធី ដើមពោធិ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋជាញឹកញយ។
ចំណែកលោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានត្រឹមតែនិយាយថា លោកនឹងចាត់ឲ្យមន្ត្រី ចុះទៅពិនិត្យទីតាំងនោះសិន បើពិតជាមានមែននោះ លោកនឹងបង្ក្រាប។ ដោយឡែក លោក ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា លោកនឹងស្រាវជ្រាវម្តងទៀត ពាក់ពន្ធ័នឹង ការបើកល្បែងស៊ីសង យ៉ាងអនាធិបតេយ្យនៅ កណ្តាកក្រុងប៉ោយប៉ែត ដោយលោកស្នងការ បានបញ្ជាក់ថា លោកសូមអរគុណចំពោះ ការផ្តល់ព័ត៌មានឲ្យលោក បានដឹងអំពីសមត្ថកិច្ច ពាក់ពន្ធ័ដែលបើកបនល្បែងខាងលើ ។
សូមបញ្ជាក់ផងដែរថា លោក ម៉ែន ភិរម្យ មេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក៏មិនអាចសុំការបំភ្លឺបានទេ ពាក់ពន្ធ័និងសំដីរបស់លោក រី ថុល ដែលថា លោកបានដាក់ហ៊ុន ឬធើ្វជាខ្នងបង្អែកឲ្យបើកល្បែងស៊ីសង នៅក្រុងប៉ោយប៉ែត ប្រណាំងប្រជែងជាមួយ ក្រុមហ៊ុនកាស៊ីណូនោះ។ ទោះជាយ៉ាងណាក្តី លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏ធ្លាប់បានឲ្យដឹងផងដែរថា បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមានជាដាច់ខាត ដែលភាសារបែបនេះ ហាក់បង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះសមត្ថកិច្ចដែលមិនស្តាប់ តាមការណែនាំរបស់ថ្នាក់លើ។
ប្រជាពលរដ្ឋចង់ឃើញ សមត្ថកិច្ចចាត់វិធានការ បង្ក្រាបបនល្បែងស៊ីសង ដែលបើកដោយសមត្ថកិច្ចដែលមានឈ្មោះ រី ថុល ជាអ្នកចេញមុខខ្លាំងជាងគេ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដូចជាករណីស្ត្រីម្នាក់ នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ឈ្មោះយាយវិត ជាមេល្បែងយូគីស្ទូចនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប ហើយឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តបន្ទាយមានជ័យបាត់ទៅហើយ ដោយសារតែការបើក បនល្បែងស៊ីសងខុសច្បាប់៕
Source from: watphnom-news.com

Loading...
Loading...