យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ បានបង្ហាញថា អ្នកតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងនៅកម្ពុជា មានចំនួន៥៥រូប និងអ្នកតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជាមានចំនួន៦៨រូប ក្នុងចំណោមសមាជិកសភាសរុបក្នុងរដ្ឋសភាចំនួន១២៣រូប ។
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងស្របតាមមាត្រា៨២នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចហើយ លើកលែងតែអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៥៥រូប មិនទាន់បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅឡើយ ទោះបីទទួលបានសុពលភាពនៃអាណត្តិជាតំណាងរាស្ត្ររួចហើយក៏ដោយ ។ មានន័យថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូប គឺជាតំណាងរាស្ត្រដែលមិនទាន់ចូលកាន់តំណែង ។
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនដល់សម្តេច ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រទាំងអស់ មេត្តាជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបចំ និងផ្តល់ស្លាកលេខរថយន្តប្រភេទ"រដ្ឋសភា5"ជូនអ្នកតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភាទាំង១២៣រូបរួចរាល់អស់ហើយ ដើម្បីប្រើប្រាស់ជាផ្លូវការក្នុងតំណែង ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសឲ្យដឹងដែរថា ស្លាកលេខរថយន្តចាស់ប្រភេទ"រដ្ឋសភា1, រដ្ឋសភា2, រដ្ឋសភា3 និងរដ្ឋសភា៤" ត្រូវទុកជានិរាករណ៍ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា៨២នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងលេខ៩៩៣/១៣ អរស.សជណ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីនិរាករណ៍ស្លាកលេខរថយន្តរដ្ឋសភា1, រដ្ឋសភា2, រដ្ឋសភា3 និងរដ្ឋសភា4 គឺចង្អុលបង្ហាញឲ្យឃើញថា ស្លាកលេខរថយន្តថ្មីប្រភេទ"រដ្ឋសភា5"សម្រាប់តែអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នប្រើប្រាស់ប៉ុណ្ណោះ ពីព្រោះអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងរួចហើយ រីឯអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួន៥៥រូបមិនទាន់បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅឡើយ ហើយក៏មិនត្រូវប្រើប្រាស់ស្លាកលេខរថយន្តថ្មីប្រភេទ"រដ្ឋសភា5"នោះដែរ ។
ដូច្នេះ អ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំង៥៥រូប អាចនៅប្រើប្រាស់ស្លាកលេខរថយន្តប្រភេទចាស់តទៅទៀតបាន "ចំពោះអតីតអ្នកតំណាងរាស្ត្រនីតិកាលទី៤" រហូតដល់ពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែងសឹមប្រើប្រាស់ស្លាកលេខរថយន្តថ្មីប្រភេទ"រដ្ឋសភា5"ទាំងអស់គ្នា ទុកជាគំរូដល់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោត ក្នុងនាមជាសមាជិករដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...