សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើរហូតដល់ក្លាយជាឧក្រិដ្ឋកម្មព្រៃឈើនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានកើតមានឡើងយ៉ាងគគ្រឹកគគ្រេងអស់ជាច្រើនឆ្នាំមកហើយៗចាំតែថ្ងៃភ្នំត្រងោលប៉ុណ្ណោះ ទោះបីក្រុមមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបោះទីតាំងចំនួន៣ចំណុច "១-ចំណុចយោក ឋិតក្នុងឃុំឈើតុំ ស្រុកក្រគរ , ២-ចំណុចអូរឫស ឋិតក្នុងឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ និង៣-ចំណុចអំពិល ឋិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ" ដើម្បីឃ្លាំមើលនិងអះអាងថា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើក៏ដោយ ។
ប្រភពព័ត៌មានពីខេត្តពោធិ៍សាត់ បានឲ្យដឹងថា ចំណុចប៉ុស្តិ៍គោលដៅរបស់មន្ត្រីបរិស្ថានដែលគ្រប់គ្រងដោយលោក ប៉ាន់ មរកត នោះ កំពុងត្រូវប៉ាន់មែន ដោយពាក់ស្លាកឃ្លាំមើល និងបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែតាមការពិតគឺដើម្បីប្រមូលលុយពីក្រុមហ៊ុនកាប់ឈើធំៗ និងយកលុយពីប្រជាពលរដ្ឋដឹកឈើតាមរទេះក្របីយកមកធ្វើផ្ទះសម្បែងប៉ុណ្ណោះ ជាពិសេសនៅប៉ុស្តិ៍ចំណុចអំពិល គ្រប់គ្រងដោយបុរសឈ្មោះ ភួង ស្រៀវ ។
ក្រុមប្រជាពលរដ្ឋទៅដឹកជញ្ជូនឈើយកមកធ្វើផ្ទះសម្បែង បាននិយាយឲ្យដឹងថា ពេលពួកគាត់បររទេះក្របីទទេឡើងទៅភ្នំដឹកឈើ គឺត្រូវបង់លុយចំនួនពី១៥ម៉ឺនរៀលទៅ២០ម៉ឺនរៀលក្នុង១រទេះ និងពេលដឹកឈើត្រឡប់មកវិញ គឺតម្រូវឲ្យបង់លុយចំនួន៤០ម៉ឺនរៀលក្នុង១រទេះថែមទៀត ហើយបើមិនព្រមបង់លុយទេ គឺក្រុមមន្ត្រីបរិស្ថានថៅកែប៉ុស្តិ៍កុងត្រូលទាំងនោះនឹងចាប់យកទាំងមនុស្ស ទាំងឈើ ទាំងរទេះ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមមន្ត្រីបរិស្ថានដាក់ប៉ុស្តិ៍កុងត្រូលនៅតំបន់ខាងលើ បានសមគំនិតគ្នាជាមួយក្រុមឈ្មួញដំឡើងរោងម៉ាស៊ីនអារ និងច្រៀកឈើក្នុងព្រៃត្រង់ចំណុចដំណាក់ភ្ញៀវ ដំណាក់ធ្លក និងខ្នងស្រែលាជ ឋិតក្នុងភូមិរាំងខ្វាវ និងភូមិក្សេត្របុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ដោយប្រមូលយកលុយពីប្រជាពលរដ្ឋបររទេះទៅដឹកឈើចម្រៀកក្នុងរោងម៉ាស៊ីនអារឈើនោះចំនួនពី៣ម៉ឺនរៀលទៅ៦ម៉ឺនរៀលក្នុង១រទេះតាមការដឹកតិចឫច្រើន ។
សូមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជារដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៥ មេត្តាចាត់មន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យមើល និងមានវិធានការទៅលើអំពើរបស់ក្រុមមន្ត្រីបរិស្ថាននៅខេត្តពោធិ៍សាត់ដែលសង្ស័យពាក់ព័ន្ធ និងឧក្រិដ្ឋកម្មព្រៃឈើ និងយកលុយពីប្រជាពលរដ្ឋក្រីក្រដឹកឈើធ្វើផ្ទះសម្បែងនោះផង ៕
Source from: www.dtn7.com

Loading...
Loading...