លោក ស៊ា សម្បត្តិ នៅតែមានសិទ្ធិអំណាច ប្រមូលលុយពីការដឹកជញ្ជូនឈើខុសច្បាប់ យកទៅទ្រទ្រង់ឆ្នាំងបាយ ស្នងការខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ លោក ម៉ៅ តារា បានឡើងកាន់តំណែងជា ស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោក រាជ សុខុន ច្រើនខែមកហើយ ប៉ុន្តែភាពអសកម្មដែល មន្ត្រីនគរបាលសេដ្ឋកិច្ចមួយចំនួន ប្រើអំណាចរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ជាពិសេសករណីលោក ស៊ា សម្បត្តិ ដែលបានយកតួនាទីរបស់ខ្លួន ទៅកាងក្រុមឈ្មួញ និងប្រមូលលុយពី ការដឹកជញ្ជូនឈើខុសច្បាប់ នៅតែគ្មានការកែទម្រង់ដដែល មិនដឹងជាលោក ស៊ា សម្បត្តិ និងមន្ត្រីនគរបាលខិលខូចអស់នោះ យកលុយសែនព្រេនលោក ម៉ៅ តារា ក្នុងមួយខែៗប៉ុន្មាននោះទេ ទើបពួកគេអាចប្រើប្រាស់ស្បែក ជានគរបាលទៅពាក់ព័ន្ធជាមួយ ជំនួញឈើខុសច្បាប់ ដោយគ្មានក្រែងញញើតអ្វីឡើយ។
មន្ត្រីស្អាតស្អំមួយចំនួនបានបង្ហើបឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក នៅតែកើតមានយ៉ាងអនាធិបតេយ្យ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយមន្ត្រីនគរបាល ក្នុងការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចមួយចំនួន បានក្លាយជាឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ដ៏ធំ គ្មាននរណាហ៊ានប៉ះពាល់ ដែលសូម្បីតែលោក ស៊ា សម្បត្តិ ជាមន្ត្រីនគរបាលសេដ្ឋកិច្ច ប្រចាំការនៅចំណុចកំពង់សាឡាង ក៏កំពុងតែបង្កព្យុះភ្លៀង គ្មានក្រែងញញើតពីច្បាប់ទម្លាប់ ឬវិធានការរឹតបន្តឹងរបស់ អគ្គស្នងការនគរបាលជាតិ នោះទេ។ ក្រុមឈ្មួញទាំងតូចទាំងធំដែលរកស៊ីដឹកជញ្ជូនឈើ ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក ឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង សុទ្ធតែជាប់កាតព្វកិច្ចបង់លុយជូនលោក ស៊ា សម្បត្តិ ដែលគាត់តែងតែអះអាងថា ការប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ គឺសំដៅយកទៅបង់ជូន លោកស្នងការ ម៉ៅ តារា តែម្តង។
តាំងពីជំនាន់លោក រាជ សុខុន មកម្ល៉េះ គេសង្កេតឃើញលោក ស៊ា សម្បត្តិ មានភាពក្រអឺតក្រទមក្នុងការប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក ឆ្លងកាត់ក្រុងស្ទឹងត្រែង ក្រោមរូបភាពប្រមូលយក ទៅបង់ជូនថ្នាក់លើ ឬប្រមូលយកទៅផ្គត់ផ្គង់ ឆ្នាំងបាយរបស់ថ្នាក់ដឹកនាំស្នងការខេត្ត។ រហូតមកដល់ជំនាន់លោក ម៉ៅ តារា ក៏លោក ស៊ា សម្បត្តិ មានសិទ្ធិអំណាចធំធេង ក្នុងការប្រមូលលុយពីក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទាំងយប់ទាំងថ្ងៃ មិនដែលក្រែងញញើតអ្វីឡើយ ហើយឈ្មួញធំៗមួយចំនួន ដែលមានទីតាំងស្តុកឈើ នៅលើទឹកដីក្រុងស្ទឹងត្រែង សុទ្ធតែព្យាយាមរក្សា ទំនាក់ទំនងល្អជាមួយលោក ស៊ា សម្បត្តិ ដើម្បីកុំឲ្យមានបញ្ហាណាមួយ កើតឡើងសម្រាប់ទីតាំងស្តុកឈើ ខុសច្បាប់របស់ពួកគេ។
គេមិនច្បាស់ទេថា តើលោក ម៉ៅ តារា បានចាត់តាំងឲ្យលោក ស៊ា សម្បត្តិ ចុះប្រមូលលុយពីជំនួញឈើខុសច្បាប់ យកទៅទ្រទ្រង់ឆ្នាំងបាយ របស់ថ្នាក់ដឹកនាំស្នងការខេត្ត ឬក៏យ៉ាងណានោះទេ ប៉ុន្តែភាពក្រអឺតក្រទម របស់លោក ស៊ា សម្បត្តិ ក្នុងពេលកន្លងមក គេមិនដែលឃើញលោក ម៉ៅ តារា ឮមាត់ឮក ម្តងណាឡើយ បើនិយាយថា ភាពអសកម្មដែលលោក ស៊ា សម្បត្តិ បានប្រព្រឹត្ត មិនត្រូវបានលោក ម៉ៅ តារា ដឹងឮក៏មិនទំនង ព្រោះរឿងរ៉ាវនេះ គេល្បីពេញមួយខេត្តស្ទឹងត្រែងឯណោះ។ ពេលខ្លះប្រជាពលរដ្ឋសាមញ្ញដែលដឹកឈើ តាមរ៉ឺម៉កយកទៅធ្វើផ្ទះ រងនូវការកោសរូស បង្ខំឲ្យបង់លុយពីលោក ស៊ា សម្បត្តិ និងធ្លាប់មានការប្តឹងផ្តល់ ទៅកាន់ស្នងការខេត្ត ក៏ដូចជាអភិបាលខេត្ត ឲ្យជួយដោះស្រាយ ប៉ុន្តែគ្មាននរណាហ៊ានធ្វើអ្វីលោក ស៊ា សម្បត្តិ នោះទេ ។
នាយឧត្តមសេនីយ៍ នេត សាវឿន ធ្លាប់បានណែនាំឲ្យ ស្នងការនគរបាលគ្រប់ជាន់ថ្នាក់ ចាត់វិធានការឲ្យមានប្រសិទ្ធភាព ក្នុងការពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ ហាមដាច់ខាតមិនឲ្យមាន ការដាក់ប៉ុស្តិ៍ជជុះគាបជំរិត ឬឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែលោក ម៉ៅ តារា ហាក់ដូចជាស្ងៀមស្ងាត់ មិនដឹងជាមានទំនាក់ទំនងអ្វី អាថ៌កំបាំងជាមួយលោក ស៊ា សម្បត្តិ នោះទេ។ សូម្បីតែថ្នាក់អនុប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ទៀត ឈ្មោះ សិទ្ធិ ដែលមានទីតាំងស្តុកឈើ និងប្រមូលទិញឈើនៅទូទាំង ខេត្តស្ទឹងត្រែង យកទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យខ្លាំងជាងគេ ក៏លោក ម៉ៅ តារា មិនបានចាត់វិធានការ ឬណែនាំឲ្យឈ្មោះ សិទ្ធិ កែទម្រង់ភាពអសកម្មទាល់តែសោះ ដែលត្រង់ចំណុចនេះ គេមើលឃើញយ៉ាងច្បាស់ថា លោក ម៉ៅ តារា ហាក់ដូចជាឃុបឃិត ឲ្យមន្ត្រីនគរបាលក្រោមឱវាទ រកស៊ីដឹកជញ្ជូនឈើ និងប្រមូលលុយពីការដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យចង់ខ្លាំងជាង ជំនាន់លោក រាជ សុខុន ទៅទៀត។
ដោយឡែក បញ្ហាបនល្បែងស៊ីសង ដូចជាភ្នាល់បាល់ទាត់ កត់កន្ទុយលេខ បញ្ជល់មាន់ បៀ អាប៉ោង នៅកណ្តាលក្រុងស្ទឹងត្រែង ក៏លោក ម៉ៅ តារា មិនដែលចាត់វិធានការ ឲ្យមន្ត្រីជំនាញចុះបង្ក្រាបម្តងណាឡើយ ក៏ព្រោះតែបនល្បែងស៊ីសងទាំងនោះ មានសមត្ថកិច្ចប្រដាប់អាវុធ ជាអ្នកឈរនៅពីក្រោយខ្នង។ ការផ្លាស់ប្តូរស្នងការ នគរបាលខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះធ្វើឲ្យ ប្រជាពលរដ្ឋគិតឃើញថា បញ្ហាបនល្បែងស៊ីសងខុសច្បាប់ ជាពិសេសការដឹកជញ្ជូនឈើ ដ៏អនាធិបតេយ្យ ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក នៅទូទាំងខេត្តស្ទឹងត្រែង អាចនឹងត្រូវលុបបំបាត់ ប្រកបដោយប្រសិទ្ធភាព ព្រោះគេល្បីថាលោក ម៉ៅ តារា គឺជាមនុស្សដែលស្អាតស្អំ អាចជួយកែទម្រង់លុបបំបាត់ភាពអសកម្ម របស់មន្ត្រីក្រោមឱវាទ ប៉ុន្តែមកដល់ម៉ោងនេះ អ្វីៗនៅតែដដែល៕
Source from: watphnom-news.com

Loading...
Loading...