ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាកម្មករ បើកម៉ាស៊ីនច្រូតស្រូវ បានរងរបួសដាច់ជើងម្ខាង ដោយសារបើកជាន់មីនតោន មួយគ្រាប់ដែលសល់ ពីសម័យសង្គ្រាម ផ្ទុះក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចអាចម៌ស្វា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយម៉ាស៊ីនច្រូត បានរងការខូចខាតយ៉ាងដំណំ។
បុរសរងគ្រោះមានឈ្មោះ ផន រស់ អាយុ ២៣ ឆ្នាំ រងរបួសដាច់ជើងស្តាំ ត្រឹមកំភួន និងដាច់ម្រាមដៃស្តាំមានមុខរបរជា កម្មករបើកគ្រឿងចក្រ ច្រូតស្រូវរស់នៅក្រុមទី២ ភូមិ-ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្ត្រីម្នាក់មានអាយុជាង ៦០ឆ្នាំជាម្ចាស់ម៉ាស៊ីនច្រូត បានអោយដឹងថា ឈ្មោះ ផន រស់ បានទៅច្រូតស្រូវជាមួយ កូនប្រុសរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ កូនប្រុសរបស់ខ្លួន ឡើងមកផ្សារដើម្បីទិញម្ហូបអាហារ លុះម៉ោងជាង ១០ព្រឹកថ្ងៃទី២៣ ខែធ្នូ ក៏ទទួលដំណឹងថា ម៉ាស៊ីនច្រូតជាន់មីនផ្ទុះតែម្តង។
ប្រភពពីអ្នកច្រូតបានប្រាប់សមត្ថកិច្ចថា ដីស្រែនៅចំណុចកើតហេតុ មានអ្នកទៅច្រូតដោយដៃ និងម៉ាស៊ីនប្រហែល ១០ឆ្នាំមកហើយ មិនដែលជាន់មីនទេ ដោយពួកគាត់ប្រើម៉ាស៊ីនច្រូត ពីត្បូងដេញទៅជើង ហើយច្រូតឆ្ងាយពីដើមឈើ។ ចំណែកជនរងគ្រោះ ច្រូតស្រូវពីកើតទៅខាងលិច ហើយចូលទៅកៀកដើមឈើ ដែលមានមីនកប់នៅគល់ឈើនោះ បណ្តាលអោយជាន់មីនតោន ផ្ទុះក្រឡាប់ម៉ាស៊ីនច្រូតផ្ងារជើងឡើងលើ និងគ្រោះថ្នាក់ដល់អ្នកបើកបរតែម្តង។ សមត្ថកិច្ចបានទទូច ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ដោយខ្លួនឯង ទោះជាស្រែនោះធ្លាប់ភ្ជួររាស់ដាំដុះ ច្រើនឆ្នាំហើយក៏ដោយ៕
Source from: watphnom-news.com

Loading...
Loading...