ខេត្តបាត់ដំបង ៖ មន្ត្រីរាជការជាច្រើនរូប ដែលបម្រើការងារដ៏សកម្ម នៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង កំពុងតែមានសតិអារម្មណ៍មិនល្អ ដោយសារតែប្រធានរបស់ខ្លួន ពុករលួយដល់កំពូល កេងប្រវ័ញ្ចប្រាក់ស្ទើរគ្រប់ជំពូកសូម្បីតែប្រេងឥន្ធនៈ ក៏លោកប្រធានមន្ទីរ សុខ វណ្ណអឿន ស៊ីដាច់ស្ទើរទាំងស្រុង ចែកតែបក្ខពួក ២-៣ នាក់ និងអសមត្ថភាព ក្នុងការគ្រប់គ្រងដឹកនាំ ដែលករណីនេះគួរតែលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឳម យ៉ិនទៀង ស្រាវជ្រាវស៊ើបអង្កេតឡើងវិញផង។
តាមមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងមន្ទីរមួយនេះ បានកើតមានរឿងអាស្រូវ ពុករលួយជាច្រើន ប្រព្រឹត្តដោយលោកប្រធានមន្ទីរ សុខ វណ្ណអឿន និងបក្ខពួក ២-៣ នាក់បន្ទាប់ពីប្រធានមន្ទីររូបនេះ ប្តូរពីខេត្តព្រៃវែង មកធ្វើជាប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង អស់រយៈពេល ជាច្រើនឆ្នាំមកនេះ។ តាមប្រភពដដែលបានបន្តថា អំពើពុករលួយរបស់ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សុខ វណ្ណអឿន នោះគឺគាត់បានឃុបឃិត ជាមួយបក្ខពួកស៊ីដាច់ ប្រាក់បេសកកម្ម ប្រេងឥន្ទនៈ និងប្រាក់សម្រាប់ឧបត្ថម្ភ មន្ត្រីរាជការនិងគ្រោះថ្នាក់ផ្សេងៗ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
លោក សុខ វណ្ណអឿន ពុំសូវបានគិតពីទុក្ខវេទនា និងបញ្ហាជីវភាព របស់មន្ត្រីក្រោមឪវាទ នោះទេហើយនៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក សុខ វណ្ណអឿន ដើមឡើយ ប្រាក់បេសកកម្ម ប្រេងឥន្ទនៈ និងលុយឧបត្ថម្ភមន្ត្រីរាជការ មានជំងឺរឺមានគ្រោះថ្នាក់ផ្សេងៗ គឺលោក សុខ វណ្ណអឿន បានបញ្ជាឲមន្ត្រីក្រោមឪវាទ ស៊ីញ៉េបើកប្រាក់ និងប្រេង ប៉ុន្តែមិនដែលបានទទួលទេ ព្រោះប្រាក់និងប្រេង លោកប្រធាន ស៊ីដាច់ទាំងអស់។ ក្រោយពីមន្ត្រីក្រោមឪវាទជាច្រើនរូបបានដឹង អំពីពុតត្បុតអាក្រក់បែបនេះ នៅពេលលោកប្រធានឲ្យស៊ីញ៉េ បើកប្រាក់និងប្រេង លើកក្រោយទៀត មន្ត្រីទាំងនោះលេងស៊ីញ៉េទទួល។
ដោយសារបញ្ហានេះលោកប្រធាន សុខ វណ្ណអឿន បានបែកគំនិតថ្មី ប្រើឲ្យបុគ្គលិកស្រីមួយចំនួន ក្លែងស៊ីញ៉េជួសឈ្មោះមន្ត្រី ដែលមិនយល់ព្រមស៊ីញ៉េ បើកប្រាក់និងប្រេងទាំងនោះ។ តាមប្រភពដដែលបានបន្ថែមទៀតថា បើសិនជាក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គភាពប្រឆាំងអំពើពុករលួយ ចង់ស្រាវជ្រាវករណីអំពើពុករលួយ របស់លោកប្រធាន សុខ វណ្ណអឿន និងបក្ខពួក គឺមិនពិបាកទាល់តែសោះ គ្រាន់តែយកបញ្ជីឈ្មោះមន្ត្រី ដែលត្រូវទទួលបានប្រាក់បេសកកម្ម ប្រេងឥន្ទនៈ និងប្រាក់ឧបត្ថម្ភ មន្ត្រីមានជំងឺ ហើយហៅសាមីខ្លួនមន្ត្រី ដែលមានឈ្មោះនោះ និងផ្ទៀងផ្ទាត់ហត្ថលេខាមន្ត្រីទាំងនោះ ប្រាកដជារកឃើញការពិតជាមិនខាន។ ដោយរឿងអាស្រូវរបស់លោក សុខ វណ្ណអឿន មានច្រើនករណី ពុំអាចនិយាយអស់នៅពេលនេះ សូមបន្តនៅពេលក្រោយ៕ ដោយ រិទ្ធីជ័យ
Source from: watphnom-news.com

Loading...
Loading...