ក្រៅអំពីការតែងតាំងឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះ គឺសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ក៏អាចចេញលិខិតតែងតាំងមនុស្សមួយចំនួនឲ្យធ្វើជាទីប្រឹក្សាព្រះអង្គដោយព្រះអង្គឯងផ្ទាល់បានដែរ ។
ព័ស្តុតាងបានបង្ហាញថា បុរសម្នាក់ឈ្មោះ ចាន់ សុផល ត្រូវបានសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស តែងតាំងឲ្យធ្វើជាទីប្រឹក្សាព្រះអង្គផ្ទាល់ ដោយលិខិតលេខ៧១/០៨ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៨ ។ ក្រោយមក ដោយសាររកឃើញកំហុសឆ្គងរបស់លោក ចាន់ សុផល ដែលបានប្រើប្រាស់អំណាចជាទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ ប្រព្រឹត្តមិនប្រក្រតី ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងបានយកអំណាចបុណ្យស័ក្តិចាស់របស់ខ្លួនដែលបានចូលនិវត្តន៍ហើយ ទៅគាបសង្កត់លើសិទ្ធិជីវិតឯកជន និងក្រុមគ្រួសារអ្នកដទៃនោះ ទើបត្រូវបានសម្តេចព្រះមហាសង្ឃរាជសម្រេចដកហូតតំណែងជាទីប្រឹក្សាព្រះអង្គពីលោក ចាន់ សុផល វិញ ដោយលិខិតលេខ១០៦/១២មសរ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ប្រភពព័ត៌មានស្និទ្ធនឹងព្រះសង្ឃគង់នៅវត្តឧណ្ណាលោម បានឲ្យដឹងថា បន្ទាប់ពីដកហូតតំណែងជាទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានមួយរយៈ ប៉ុន្តែក្រោយមកលោក ចាន់ សុផល នេះត្រូវបានសម្តេចព្រះមហាសង្ឃរាជតែងតាំងឲ្យធ្វើជាទីប្រឹក្សាព្រះអង្គសាជាថ្មីឡើងវិញម្តងទៀត ។
យោងតាមឯកសារព័ស្តុតាងផ្សេងទៀត បានឲ្យដឹងថា លោក ចាន់ សុផល ក្នុងនាមជាទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានបោះពុម្ពនាមប័ណ្ណភូតភរកុហកគេឯងថា ខ្លួនមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលត្រូវបានតែងតាំងជាព្រះរាជក្រឹត្យ ប៉ុន្តែជាក់ស្តែងគ្មានព្រះរាជក្រឹត្យណាមួយធ្វើការតែងតាំងលោក ចាន់ សុផល នេះឲ្យមានឋានៈស្មើអនុរដ្ឋលេខាធិការនោះឡើយ គឺគ្រាន់តែយកមកដើរបោកប្រាស់ និងបន្លាចគេឯងប៉ុណ្ណោះ ។
សូមសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមេត្តាព្រះតម្រិះត្រួតពិនិត្យទៅលើសមាសភាពអស់លោកជាទីប្រឹក្សារបស់ព្រះអង្គផង ពីព្រោះឥទ្ធិពលអំណាចជាទីប្រឹក្សារបស់ព្រះអង្គដែលធ្លាក់ទៅដល់មនុស្សខិលខូចមួយចំនួន ក៏គេអាចស្វែងរកផលប្រយោជន៍បានដែរ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង ជាអាទិ៍ដូចជា អំពើរបស់លោក ចាន់ សុផល មន្ត្រីចូលនិវត្តន៍នៅក្រសួងមហាផ្ទៃ ជាដើម ៕
Source from: www.dtn7.com

Loading...
Loading...