តារាងតម្លៃនៃការលក់សំបុត្ររបស់រថយន្តដឹកជញ្ជូនអ្នកដំណើរពីក្រុងប៉ោយប៉ែតទៅកាន់រាជធានីភ្នំពេញ និងទៅកាន់បណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះនៅក្នុងសៀវភៅបន្ទុករួចហើយ ដែលបានតម្កល់ទុកនៅសាលាក្រុងប៉ោយប៉ែត គឺមានអត្រាតម្លៃឈ្នួលដូចតទៅ ៖
១-ពីប៉ោយប៉ែតទៅកាន់ខេត្តកំពង់ចាម តម្លៃ៤៥.០០០រៀល
២-ពីប៉ោយប៉ែតទៅកាន់រាជធានីភ្នំពេញ តម្លៃ៣៥.០០០រៀល
៣-ពីប៉ោយប៉ែតទៅកាន់ខេត្តពោធិ៍សាត់ តម្លៃ២៥.០០០រៀល
៤-ពីប៉ោយប៉ែតទៅកាន់ខេត្តបាត់ដំបង តម្លៃ២០.០០០រៀល
៥-ពីប៉ោយប៉ែតទៅកាន់ខេត្តបន្ទាយមានជ័យ តម្លៃ១០.០០០រៀល ។
ជាក់ស្តែង ទោះបីអត្រាតម្លៃសំបុត្ររបស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងនោះមានតម្កល់ទុកនៅសាលាក្រុងប៉ោយប៉ែតរួចហើយក៏ដោយ ក៏តម្លៃសំបុត្រដែលក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរលក់មិនបានអនុវត្តន៍តាមសៀវភៅបន្ទុកទេ គឺលក់សំបុត្រនៅក្នុងតម្លៃលើសយ៉ាងច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុថែមទៀតផង ដោយសារការជិះប្រជ្រៀតគ្នាលើសចំណុះ ។
ព័ស្តុតាងបានបង្ហាញថា អ្នកធ្វើដំណើរពីប៉ោយប៉ែតទៅកាន់រាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនដាណែតដឹកអ្នកដំណើរលក់សំបុត្រក្នុងតម្លៃ៤៥០បាត"លុយថៃ" ខណៈដែលពីប៉ោយប៉ែតទៅកាន់ខេត្តពោធិ៍សាត់ ក្រុមហ៊ុនដដែលនេះលក់សំបុត្រតម្លៃ៣៥០បាត រីឯក្រុមហ៊ុនវ៉ែលលក់សំបុត្រក្នុងតម្លៃ៤០០បាត ក្នុងការធ្វើដំណើរពីប៉ោយប៉ែតទៅកាន់ខេត្តពោធិ៍សាត់ ពោលគឺសុទ្ធតែមានតម្លៃលើសពីតម្លៃក្នុងសៀវភៅបន្ទុកតម្កល់ទុកនៅសាលាក្រុងប៉ោយប៉ែតទាំងអស់ ។
ម្យ៉ាងទៀត ប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតបានឲ្យដឹងដែរថា អត្រាប្តូរប្រាក់របស់អ្នកដំណើរដោយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងនោះ ក៏មានភាពមិនច្បាស់លាស់ ស្របតាមការកំណត់របស់ធនាគារជាតិនៃកម្ពុជាដែរ ជាហេតុធ្វើដំណើររអ៊ូររទាំសឹងគ្រប់ៗគ្នា ។
ដូច្នេះ សូមលោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មេត្តាត្រួតពិនិត្យមើលនិងមានវិធានការទៅលើករណីអសកម្មទាំងអស់នេះផង ៕
Source from: www.dtn7.com

Loading...
Loading...