ខេត្តព្រះសីហនុ ៖ តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៨និង៣០ នាទីព្រឹក នៅសាលាខេត្តព្រះសីហនុ នឹងមានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ដែលទើបតែងតាំងថ្មី ជំនួសលោក ខៀនសង្ហារ ដែលត្រូវបានថ្នាក់លើ ផ្ទេរភារកិច្ចឲ្យឡើងធ្វើធំជាងមុន នៅអគ្គនាយកដ្ឋានពន្ធដារ ហើយមន្ត្រីជាច្រើនបានរិះគន់ថា លោក ខៀនសង្ហារ ដែលទំនងជា មានជាប់ពាក់ព័ន្ធជាមួយ រឿងអាស្រូវពុករលួយ ដែលទើបបែកធ្លាយ កាលពីពេលថ្មីៗនេះ គួរតែស្ថិតក្នុងចំណាត់ស៊ើបអង្កេត មិនគួរតែងតាំងមុខតំណែង កាន់តែធំជាងមុននោះទេ។
មានការកត់សម្គាល់ជារួមថា ចាប់តាំងពីអង្គភាពប្រឆាំង អំពើពុករលួយបានចាប់ ឃាត់ខ្លួនលោក ភី រិទ្ធ ជាអនុប្រធានពន្ធដារ ខេត្តព្រះសីហនុ គេសង្កេតឃើញមន្ត្រីជាច្រើនទៀត មិនសូវទៅបម្រើការងារនោះទេ ដែលទំនងជាមានការភ័យខ្លាច និង បាក់ស្បាតចំពោះ ចំណាត់ការរបស់លោក ឱម យ៉ិនទៀង ហើយភ្លាមៗនោះក៏មានការ ដកតំណែងលោក ខៀន សង្ហារ ជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ យ៉ាងតក់ក្រហល់ មិនដឹងជាមានអាថ៌កំបាំងអ្វីទេ នាំឲ្យធ្វើឲ្យគ្រប់ៗគ្នាមានចម្ងល់ យ៉ាងខ្លាំងថា តើលោក ខៀន សង្ហារ មានជាប់ពាក់ព័ន្ធ ជាមួយលោក ភី រិទ្ធ ដែលជាមនុស្សជំនិតរបស់គាត់ ក្នុងកម្រិតណានោះទេ សម្រាប់សំណុំរឿងពុករលួយ គួរឲ្យភ្ញាក់ផ្អើលនោះ។
មន្ត្រី មួយចំនួនបានលើកឡើងថា ការចាប់ឃាត់ខ្លួនលោក ភី រិទ្ធ អតីតអនុប្រធាន សាខាពន្ធដារខេត្តព្រះសីហនុ ជាមនុស្សជំនិតរបស់លោក ខៀន សង្ហារ នោះគឺទាក់ទិននឹងសំណុំរឿងពុករលួយដ៏ធំមួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានអញ្ជើញលោក ភី រិទ្ធ មកឆ្លើយបំភ្លឺប៉ុន្មានលើក រួចមកហើយ។ គេដឹងថាអ្វីដែលលោក ភី រិទ្ធ បានធ្វើកើតឡើង ដោយសារតែមានការចាត់តាំង ឬការឆ្លងយោបល់ពីលោក ខៀន សង្ហារ ដែលជាមេកើយ ទើបអាចទៅរួច ហើយករណីដែលលោក ភី រិទ្ធ ជាប់ទាក់ទិនជាមួយ អំពើពុករលួយគឺគាត់ បានឆ្លើយបំភ្លឺទៅតាមដំណើររឿង ដែលមានទាក់ទិនយ៉ាងវែងអន្លាយ ដូចសម្លកំពឹស ជាមួយប្រធានពន្ធដារ ខេត្តព្រះសីហនុ គឺលោក ខៀន សង្ហារ។
នៅពេលដែលមិនទាន់ មានការឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់ អំពីរឿងរ៉ាវពុករលួយដ៏ធំបំផុត នៅក្នុងអង្គភាពពន្ធដារ ខេត្តព្រះសីហនុ ច្បាស់ណាស់ដែលថា ប្រជាពលរដ្ឋមួយចំនួនមើលឃើញពីការ ជាប់ពាក់ព័ន្ធយ៉ាងវែងអន្លាយ របស់លោក ខៀន សង្ហារ ដែលបង្កើតឲ្យមានភាពមិនប្រក្រតី នៃការប្រមូលពន្ធដារគ្រប់ប្រភេទ។ យ៉ាងណាក៏ដោយ មានព័ត៌មានល្ហិចល្ហៀងមួយចំនួន បានបង្ហើបឲ្យដឹងថា លោក ភី រិទ្ធ ដែលកំពុងជាប់ឃុំ ក្នុងរឿងពុករលួយមានអ្នកជួយរត់ការខ្វែងដៃខ្វែងជើង ដើម្បីធានាឲ្យនៅក្រៅឃុំ ព្រោះការទុកឲ្យលោក ភី រិទ្ធ ជាប់ក្នុងពន្ធនាគារតែម្នាក់ឯង អាចនាំឲ្យមានការបែកធ្លាយ រឿងអាស្រូវកាន់តែច្រើនថែមទៀត ហើយគេមានគម្រោងបញ្ចប់ សំណុំរឿងត្រឹមតែបញ្ហាតូចមួយ ដោយទុកឲ្យលោក ភី រិទ្ធ ទទួលខុសត្រូវតែម្នាក់ឯង។
បើតាមការសង្កេតជារួម នៅក្នុងប្រទេសកម្ពុជា ក្រុមមន្ត្រីដែលត្រូវបាន ដកតំណែងយ៉ាងតក់ក្រហល់ ច្បាស់ជាមានបញ្ហាអ្វីមួយហើយ ដូចជាក្នុងអង្គភាពពន្ធដារ ខេត្តព្រះសីហនុ មានការចាប់ឃាត់ខ្លួន អនុប្រធានពន្ធដារ ដែលល្បីខាងប្រព្រឹត្ត អំពើពុករលួយ យូរយារណាស់មកហើយ ក៏ស្រាប់តែមានការផ្លាស់ប្តូរ តំណែងលោក ខៀន សង្ហារ យ៉ាងតក់ក្រហល់ទៅទៀត ដែលនាំឲ្យ គ្រប់ៗគ្នាសង្ស័យថា លោក ខៀន សង្ហារ ទំនងជាមានជាប់ពាក់ព័ន្ធ ជាមួយសំណុំរឿងពុករលួយ របស់លោក ភី រិទ្ធ ផងដែរហើយមើលទៅ។ គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ថា តើនឹងមានវិធានការ ស៊ើបអង្កេតពីអំពើពុករលួយ របស់លោក ខៀនសង្ហារ ឬក៏អត់ ទន្ទឹមពេលដែល មានសេចក្តីរាយការណ៍ថា អំពើពុករលួយតាមគ្រប់រូបភាព សុទ្ធតែកើតចេញពីការ ចាត់តាំងរបស់លោក ខៀនសង្ហារ៕
Source from: watphnom-news.com

Loading...
Loading...