ឡានពាក់ស្លាកលេខ ខ.ម ដឹកអុសពីស្រុកឱរ៉ាល់ទៅអ្នកលឿង ក្រឡាប់នៅខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង ដឹកឈើពេញប្រៀប ពាក់ស្លាកលេខ ខ.ម បានក្រឡាប់ផ្ញាជើង កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិត្រពាំងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ បណ្តាលឲ្យស្ត្រីជាប្រពន្ធ និងកូនប្រុសម្នាក់អាយុ ៣ឆ្នាំ រងរបួសស្រាល ចំណែកបុរសជាប្តី និងជាអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ។
រថយន្តដែលជួបគ្រោះថ្នាក់ មានពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២ ៣.៤៣០៥ អ្នកបើកបររួមទាំងប្រពន្ធកូន ដែលរងរបួសមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។ ជនរងគ្រោះ ជាអ្នកបើករថយន្ត បានឲ្យដឹងថា គាត់បានដឹកអុស ពីស្រុកឱរ៉ាល់ យកមកដាក់នៅអ្នកលឿង ពេលមកដល់កន្លែងកើតហេតុ គាត់បានបើកយឺតៗ ព្រោះស្ថានភាពផ្លូវមិនសូវល្អ ។
ពេលនោះក៏មានរថយន្ត កុងតឺន័រមួយគ្រឿងទៀត បើកបរពីអ្នកលឿង ចូលមកភ្នំពេញ បានបើកជែងរថយន្តមួយគ្រឿង ដែលនៅពីមុខ ឃើញហេតុការណីមិនស្រួល ជនរងគ្រោះបានបើកគេច មកអែបចិញ្ចើមផ្លូវ រួចក៏ក្រឡាប់តែម្តង ។ ក្រោយពេលកើតហេតុ កំណាត់ឈើរាប់តោន ធ្លាក់រេលពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ មួយសន្ទុះធំ ទម្រាំមានរថយន្តស្ទូច មកជួយអន្តរាគមន៍៕
Source from: watphnom-news.com

Loading...
Loading...