ដោយសារបុរសខ្លាំងធ្លាប់បានមានប្រសាសន៍របៀបជាសំណួរថា "តើខ្ញុំមានកំហុសអ្វី ទើបទាមទារឲ្យខ្ញុំចុះចេញពីតំណែង?" ដូច្នេះគេហទំព័រសារព័ត៌មានដើមត្នោតសូមលើកយកកំហុសឆ្គងទី៤ របស់បុរសខ្លាំងដែលទាក់ទងទៅនឹងការសម្រេចមានរូបភាពត្រឡប់ត្រឡិនសាចុះសាឡើងក្នុងសំណុំរឿងក្តីតែមួយ នាំឲ្យគូភាគីរងគ្រោះខាតបង់ទាំងសងខាង និងបង្កឲ្យមានការហួសចិត្តទៅនឹងអំពើរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មកធ្វើការចុះផ្សាយជម្រាបជូនបុរសខ្លាំង និងអ្នកដង្ហែគាំទ្រស្វែងរកផលប្រយោជន៍ពីបុរសខ្លាំងដូចតទៅ ៖
មានសំណុំរឿងទំនាស់ដីធ្លីមួយក្នុងចំណោមសំណុំរឿងជាច្រើនទៀត ដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះ គឺសំណុំរឿងទំនាស់ដីធ្លីទំហំ៣៥២ហិកតា ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) រវាងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ និងក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារ បុរសខ្លាំងក្នុងនាមជានាយករដ្ឋមន្ត្រីបានផ្តល់នូវចំណារ និងការសម្រេចត្រឡប់ត្រឡិនចុះឡើងនៅលើរបាយការណ៍ និងការផ្តល់យោបល់របស់មន្ត្រីថ្នាក់ក្រោម ជាអាទិ៍ ៖
១-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨ នៅលើរបាយការណ៍និងការផ្តល់យោបល់ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៨ របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចប្រគល់ដីទំនាស់ទំហំ៣៥២ហិកតា ជូនទៅប្រជាពលរដ្ឋចំនួន៤៩គ្រួសារកាន់កាប់ជាកម្មសិទ្ធិ តាមស្មារតីលិខិតលេខ៨៨៩សជណ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
២-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៨ នៅលើរបាយការណ៍ និងការផ្តល់យោបល់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៨ របស់ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតទីប្រឹក្សាផ្ទាល់របស់បុរសខ្លាំង សម្រេចផ្អាកការអនុវត្តលិខិតលេខ៨៨៩សជណ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ តាមស្មារតីលិខិតលេខ១០៣៥សជណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ មានន័យថា ផ្អាកការប្រគល់ដីឲ្យទៅក្រុមប្រជាពលរដ្ឋ៤៩គ្រួសារ ក្នុងរយៈពេលមិនដល់២ខែក្រោយមក ។
៣-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៩ នៅលើរបាយការណ៍និងការផ្តល់យោបល់ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩ របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចប្រគល់ដីទំនាស់ទំហំ៣៥២ហិកតា ជូនលោកឧកញ៉ា ជៀម ផែន កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់វិញ តាមស្មារតីលិខិតលេខ១២៥២សជណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ មានន័យថា សម្រេចលុបចោលស្មារតីលិខិតលេខ៨៨៩សជណ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលសម្រេចប្រគល់ដីទំនាស់ឲ្យក្រុមប្រជាពលរដ្ឋ៤៩គ្រួសារកាន់កាប់ជាកម្មសិទ្ធិ តាមការផ្តល់យោបល់របស់ឯកឧត្តម ស ខេង កាលពីលើកមុន ។
៤-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ នៅលើរបាយការណ៍និងការផ្តល់យោបល់សាជាថ្មី ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១០ របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចចែកដីទំនាស់ទំហំ៣៥២ហិកតា ជាពីរចំណែកស្មើគ្នា ឲ្យក្រុមប្រជាពលរដ្ឋ៤៩គ្រួសារកាន់កាប់ជាកម្មសិទ្ធិស្មើ១៧៦ហិកតា និងលោកឧកញ៉ា ជៀម ផែន ស្មើ១៧៦ហិកតា ព្រមទាំងសម្រេចឲ្យមានការដោះលែងប្រជាពលរដ្ឋដែលកំពុងជាប់ឃុំខ្លួនទៀតផង តាមស្មារតីលិខិតលេខ៥៨៨សជណ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
៥-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ នៅលើលិខិតសុំអន្តរាគមន៍របស់លោកឧកញ៉ា ជៀម ផែន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ សម្រេចឲ្យមានការផ្អាកការអនុវត្តចំណាររបស់បុរសខ្លាំងខ្លួនឯង ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ ដែលនាំឲ្យមានការចេញលិខិតលេខ៥៨៨សជណ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសម្រេចឲ្យមានក្រុមការងារចម្រុះចុះដោះស្រាយ ព្រមទាំងលើកយោបល់សាជាថ្មីក្នុងសំណុំរឿងទំនាស់ដីធ្លីនេះ តាមស្មារតីលិខិតលេខ៦០៨សជណ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
៦-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ នៅលើរបាយការណ៍ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចលុបចោលលិខិតលេខ៨៨៩សជណ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ៥៨៨សជណ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរក្សាខ្លឹមសារលិខិតលេខ១២៥២សជណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ទុកជាត្រឹមត្រូវ និងបានការ តាមស្មារតីលិខិតលេខ៦៦៩សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ មានន័យថា បុរសខ្លាំងធ្វើចំណារឯកភាពលើរបាយការណ៍របស់ឯកឧត្តម ប៊ិន ឈិន ប្រគល់ដីទំនាស់ទាំងមូលឲ្យទៅលោកឧកញ៉ា ជៀម ផែន កាន់កាប់ជាកម្មសិទ្ធិ និងលុបចោលគ្រប់ការសម្រេចទាំងអស់ តាមការផ្តល់យោបល់របស់ឯកឧត្តម ស ខេង ដែលប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋ៤៩គ្រួសារ ជាកម្មសិទ្ធិ ទោះទាំងមូលក្តី ទោះពាក់កណ្តាលក្តី ។
៧-បុរសខ្លាំងចុះហត្ថលេខាដោយផ្ទាល់ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នៅលើសេចក្តីសម្រេចលេខ១២សសរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល (ត្រូវចំនឹងថ្ងៃអាទិត្យ) សម្រេចនិរាករណ៍ស្មារតីលិខិតលេខ៦៦៩សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលសម្រេចប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន កាន់កាប់ជាកម្មសិទ្ធិនោះចោលវិញ ។
៨-បុរសខ្លាំងធ្វើចំណារចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នៅលើរបាយការណ៍ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចប្រគល់ដីទំនាស់ទំហំ៣៥២ហិកតាឲ្យទៅក្រុមប្រជាពលរដ្ឋ៤៩គ្រួសារ កាន់កាប់ជាកម្មសិទ្ធិវិញ តាមស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា សំណុំរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរយៈពេលជាង៦ឆ្នាំ រវាងលោកឧកញ៉ា ជៀម ផែន និងក្រុមប្រជាពលរដ្ឋ៤៩គ្រួសារនេះ ត្រូវបានបុរសខ្លាំងជានាយករដ្ឋមន្ត្រី ចុះហត្ថលេខាសម្រេចរហូតដល់ទៅចំនួន៨លើកសាចុះសាឡើង (ចុះហត្ថលេខារបៀបជាចំណារចំនួន៧លើក និងចុះហត្ថលេខាលើសេចក្តីសម្រេចចំនួន១លើក) ជាហេតុធ្វើឲ្យគូភាគីក្នុងរឿងក្តីរងគ្រោះខាតបង់ទាំងសងខាង ដ្បិតទម្រាំប្រជាពលរដ្ឋទទួលបានដីទំនាស់ជាកម្មសិទ្ធិវិញ គឺខ្លះរត់ចោលស្រុកភូមិ ដោយសារខ្លាចអាជ្ញាធរចាប់ខ្លួន ខ្លះបានជាប់គុករាប់ឆ្នាំរួចហើយ កូនចៅប្រជាពលរដ្ឋអត់សាលារៀនសូត្រ…។ល។ រីឯលោកឧកញ៉ា ជៀម ផែន វិញ ក្នុងនាមជាអ្នកមានលុយ បានចំណាយលុយរហូត ប៉ុន្តែទីបំផុតលុយក៏អស់ ដីទំនាស់ក៏អស់ និងត្រូវជាប់ឈ្មោះក្នុងសំណុំរឿងស៊ើបអង្កេតថែមទៀត ។
នេះគឺជាព័ស្តុតាងបង្ហាញឲ្យឃើញនូវកំហុសទី៤របស់បុរសខ្លាំង ដែលផ្តល់នូវការសម្រេចរបៀបត្រឡប់ត្រឡិនសាចុះសាឡើង មិនប្រាកដប្រជាក្នុងរឿងក្តីតែមួយ នាំឲ្យគូភាគីរងគ្រោះខាតបង់ទាំងសងខាង ទម្រាំទទួលបានយុត្តិធម៌ពិតប្រាកដនៅទឹកចុងក្រោយសម្រាប់ភាគីណាមួយ និងជួនកាលមិនអាចទទួលបាននូវភាពយុត្តិធម៌ទៀតផង ៕
Source from: www.dtn7.com

Loading...
Loading...