ខេត្តកណ្តាល ៖ ម៉ូតូម៉ាកវីវ៉ាមួយគ្រឿង បានបើកបញ្ច្រាសស្លាកសញ្ញា ជ្រុលទៅបុកម៉ូតូហុងដាស្កូពី បណ្តាលឲ្យបុរស ២នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះ លក់គ្រឿងបន្លាស់រថយន្ត ឋិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត រួមមានមានឈ្មោះ មាស ស៊ីវថេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាស្កូពី ពណ៌សលាយខៀវ ពាក់ស្លាលេខភ្នំពេញ 1BC-5811 បានឌុបបុរសម្នាក់ឈ្មោះ ស៊ិន ធារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ របួសធ្ងន់មានទីលំនៅ ក្នុងសង្កាត់ជាមួយគ្នា។ ចំណែកឯភាគីម្ខាងទៀតឈ្មោះ ខ្លី លីហៀង ភេទប្រុស អាយុ ៣៣ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1J-4076 ។
នៅមុនពេលកើតហេតុ បុរសពីរនាក់បានជិះម៉ូតូម៉ាកស្កូពី ឌុបគ្នាតាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីភ្នំពេញសំដៅ មកក្រុងតាខ្មៅ ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាតាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅហាមឃាត់ មកបុកម៉ូតូស្កូពី ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង ២គ្រឿងដួលបោក ទៅលើផ្លូវជាតិ នាំឲ្យអ្នកបើកបរម៉ូតូស្កូពី ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ ។ ចំណែកឯអ្នកបើកបរម៉ូតូវីវ៉ា បានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ៕
Source from: watphnom-news.com

Loading...
Loading...