ខេត្ដកណ្ដាល ៖ រថយន្ដហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានបើកបុករះម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកពូកលក់ចំនួន ៣គ្រឿងបណ្ដាលឱ្យ អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ២នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង ៩និង១០ នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ២៩-៣០ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ។
រថយន្ដបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំប្រភេទដឹកទំនិញ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 3A-0682 បើកបរដោយឈ្មោះ ភឿន អឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិដូងវាល ឃុំដូងវាល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ។ ជនរងគ្រោះរួមមាន ទី១.ឈ្មោះ វ៉ា ធារី ភេទប្រុស អាយុ ៣០ឆ្នាំ បានស្លាប់ មានទីលំនៅភូមិព្រែកផ្ដៅ ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វាយរៀង។ ទី២.ឈ្មោះ ឆូយ រ៉ាឆាន់ ភេទប្រុស អាយុ ១៨ឆ្នាំ បានស្លាប់ មានទីលំនៅភូមិព្រែកផ្ដៅ ឃុំមុខដា ស្រុករមាសហែក និងទី៣.ឈ្មោះ ស៊ូ ដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ បានរងរបួសស្រាល មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក បន្ដកន្ទុយគ្នាដឹកពូកដើរលក់ នៅតាមដងផ្លូវជាតិលេខ៨ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងស្រាប់តែ មានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ បើកមកបុកពីក្រោយបណ្តាលឲ្យ ម៉ូតូសណ្ដោងរ៉ឺម៉ករបស់ ជនរងគ្រោះដួលជាបន្ដបន្ទាប់ មានអ្នកស្លាប់និង រងរបួសតែម្ដង ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដ ពុំបានឈប់នោះទេ គឺបានបន្ថែមល្បឿនបើករត់គេច តែត្រូវបានមន្ដ្រីកងរាជអាវុធហត្ថ ស្រុក ខ្សាច់កណ្ដាល ឃាត់បានទាំងរថយន្ដ និងអ្នកបើកបរតែម្ដង៕
Source from: watphnom-news.com

Loading...
Loading...