ខេត្តបន្ទាយមានជ័យ ៖ សិស្សវិទ្យាល័យអូរអំបិល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្នាក់ទី ១០ដល់ថ្នាក់ទី១២ រាប់រយនាក់បាននាំគ្នា ធ្វើបាតុកម្មលើកបដាបិទផ្លូវ ចូលវិទ្យាល័យអូរអំបិល នៅចំណុចកាច់ជ្រុង ផ្លូវជាតិលេខ៥ ទល់មុខរោងម៉ាស៊ីន ដែលរថយន្តដឹកដី ដាច់ហ្វ្រាំងបង្កឲ្យមានគ្រោះថ្នាក់ ដើម្បីតវ៉ាអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ហាមឃាត់រថយន្តដឹកដីគ្រប់ប្រភេទ បើកឆ្លងកាត់មុខវិទ្យាល័យរបស់ខ្លួន។
សិស្សានុសិស្សវិទ្យាល័យអូរអំបិល ដែលឈរតំរៀបជាជួរ តាមចិញ្ចើមផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលើ តាំងពីម៉ោង ៩ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ដោយបានស្រែកទាមទារឲ្យ "បញ្ឈប់រថយន្តដឹកដី បើកឆ្លងកាត់ផ្លូវ មុខវិទ្យាល័យអូរអំបិល ដែលអាចបង្កគ្រោះថ្នាក់ ខូចផ្លូវ និងរំខានដល់ការ សិក្សារបស់ពួកគេ"។ ក្នុងនោះក៏មានបដាជាច្រើន បានសរសេរថា សូមបញ្ឈប់សកម្មភាព ដឹកដីលើផ្លូវសាលា ឡានដឹកដីប៉ះពាល់ដល់ សុវត្ថិភាពរបស់សិស្ស សាលារៀន និងមានបដា ដែលមានរូបគំនូជារថយន្តដឹកដី ដាក់សញ្ញាខ្វែងពីលើ ហើយសរសេរថា ហាមឡានដឹកដីគ្រប់ធុន។
ជាមួយនឹងការតវ៉ានេះ លោកគ្រូវិទ្យាល័យអូរអំបិលជាច្រើននាក់ បានអោយដឹងថា បញ្ហារថយន្តដឹកដីឆ្លងកាត់មុខផ្លូវ វិទ្យាល័យអូរអំបិល ពួកគាត់បានដាក់សំណើ ទៅអាជ្ញាធរក្រុងសិរីសោភ័ណ និងសមត្ថកិច្ចពាក់ព័ន្ធ ច្រើនឆ្នាំមកហើយតែគ្មានដំណោះស្រាយ ដោយអាជ្ញាធរក្រុង ដាក់ភារកិច្ចនេះអោយឃុំ និងសង្កាត់ដោះស្រាយ តែឃុំសង្កាត់មិនអាចដោះស្រាយបាន ធ្វើអោយនៅតែមានរថយន្តដឹកដី ធុនបែនធំតូច បើកដឹកដីលើកំណាត់ផ្លូវបេតុង មុខសាលារៀនរហូតដល់ ផ្លូវបេតុងស្រុតខូច និងប៉ះពាល់ការធ្វើចរាចរណ៍របស់សិស្ស ទៅរៀននិងរំខានដល់ ការសិក្សារបស់ពួកគេ តាមរយៈសន្ធឹករថយន្ត ពីមួយទៅមួយយ៉ាងកងរំពង។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៥ ខែធ្នូ មានរថយន្តដឹកដី ដែលបើកកាត់មុខសាលា ចុះមកផ្លូវជាតិ លេខ៥ ក៏ដាច់ហ្វ្រាំង ជ្រុលទៅបុករោងម៉ាស៊ីនកិនស្រូវ បណ្ដាលអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវ រងរបួសនិងខូចខាតម៉ូតូ ១គ្រឿង ម៉ាស៊ីនកិនស្រូវ ហើយរថយន្តក្រឡាប់ចាក់ដី ក្នុងរោងម៉ាស៊ីនទើបធ្វើអោយមានការព្រួយបារម្ភ ហើយសិស្សក៏នាំគ្នាសរសេរបដា និងចេញមកឈរតាមចិញ្ចើមផ្លូវជាតិលេខ៥ តវ៉ាសុំអោយអាជ្ញាធរ បញ្ឈប់រថយន្តដឹកដី ឆ្លងកាត់ផ្លូវរបស់ពួកគេ។ សូមបញ្ជាក់ថា ក្នុង១ថ្ងៃៗជាពិសេសនៅខែប្រាំង មានរថយន្តចូលដឹកដី ដោយក្រុមហ៊ុនមួយចំនួន មានអាជ្ញាប័ណ្ណ ខ្លះក៏គ្មានអាជ្ញាប័ណ្ណ បានកាយដីភ្នំនៅកណ្ដាល ទីរួមខេត្តបន្ទាយមានជ័យ៕
Source from: watphnom-news.com

Loading...
Loading...