ខេត្តកំពត ៖ បុរសពីរនាក់បើកម៉ូតូ ក្នុងល្បឿនលឿន បានជ្រុលទៅបុកក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ដែលជីដូនកំពុងដឹកដៃឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៨និង៤០ នាទី នៅលើកំណាត់ផ្លូវលេខ៣៣ ស្ថិតក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
មុនពេលកើតហេតុ ស្ត្រីជាជីដូនបានដឹកដៃក្មេងស្រី ដើរមកពីជើងរួចក៏ឆ្លងផ្លូវ ស្របពេលនោះក៏មានម៉ូតូ ១គ្រឿងបើកមកពីក្រោយ ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យក្មេងស្រី ដួលបោកក្បាល រងរបួសក្បាលយ៉ាងដំណំ។ ចំណែកស្ត្រីជាជីដូន រងរបួសស្រាល ដោយឡែកអ្នកបើកម៉ូតូបង្ក ដែលមានគ្នា ២នាក់គ្រាន់តែរបួស លាបប្រេងកូឡាប៉ុណ្ណោះ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ុន ឈីង អាយុ ៨ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកន្លែងកើតហេតុ។ ចំណែកភាគីបង្ក ជិះម៉ូតូម៉ាកសេ១២៥ ផលិតនៅប្រទេសចិន ពាក់ស្លាកលេខ ព្រះសីហនុ 1C-8637 ជិះគ្នា២នាក់ តែមិនទាន់ស្គាល់ឈ្មោះ ព្រោះបានរត់ទៅឲ្យ ពេទ្យលាងរបួស។ ដោយសារតែស្ថានភាពរបួស ធ្ងន់ធ្ងរពេកក្មេងស្រីរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យប្រទេស វៀតណាម៕
Source from: watphnom-news.com

Loading...
Loading...