រាជធានីភ្នំពេញ ៖ យុវជនឈាមរាវ ២នាក់បើកម៉ូតូមិនប្រយ័ត្ន បានទាក់ដៃចង្កូតគ្នា ខ្ទាតទៅប៉ះម៉ូតូនិស្សិតស្រីម្នាក់ ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យដួល របួសធ្ងន់ស្រាល ៣នាក់ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BX-9762 បើកបរដោយយុវជនម្នាក់ តាមផ្លូវជាតិលេខ១ ខណៈបើកមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតម៉ូតូមួយគ្រឿង ដែលបើកបរដោយយុវជនម្នាក់ ជិះម៉ូតូម៉ាក XR ពាក់ស្លាកលេខ ភ្នំពេញ 1U-7530 បណ្តាលឲ្យដួល រួចម៉ូតូបានខ្ទាតទៅប៉ះនឹង ម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1-6612 ដែលកំពុងបើកបរ ដោយនិស្សិតស្រីម្នាក់ ក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលរងរបួសស្រាល ២នាក់និងរងរបួសធ្ងន់ម្នាក់។
យុវជនដែលរងរបួសធ្ងន់ និងជាជនបង្កហេតុមានឈ្មោះ ភោគ ច័ន្ទ អាយុ ២៥ឆ្នាំមុខរបរជា សន្តិសុខឯកជន រស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកនិស្សិតស្រី ដែលរងរបួសស្រាល ឈ្មោះ ឯក ស្រីឡែន អាយុ ១៨ឆ្នាំ រស់នៅសង្កាត់ព្រែកឯង ខណ្ឌមានជ័យ។ ចំណែកយុវជន ដែលរងរបួសស្រាល ជិះម៉ូតូ XR ក្រោយពេលកើតហេតុ បានលើកម៉ូតូជិះចេញបាត់ស្រមោល មិនបានស្គាល់ អត្តសញ្ញាណនោះទេ៕
Source from: watphnom-news.com

Loading...
Loading...