ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅស្រុករវៀង បានឲ្យដឹងថា ភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ នៅលើទឹកដីស្រុករវៀង កើតឡើងដោយសារតែ ភរិយាបន្ទាប់របស់លោក ឯសារូ ជាអភិបាលស្រុករវៀង ឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ និងបើកសិប្បកម្មកែច្នៃឈើ យ៉ាងគគ្រឹគគគ្រេងមិនក្រែង ញញើតពីច្បាប់ទម្លាប់ ឬការរឹតបន្តឹងរបស់ រាជរដ្ឋាភិបាលនោះទេ។ ដូចដែលមន្ត្រីស្អាតស្អំ មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ត្រូវតែទំនាក់ទំនងជាមួយភរិយា របស់លោកអភិបាលស្រុករវៀង ទើបអ្វីៗអាចដំណើរការដោយរលូនល្អ គ្មាននរណាហ៊ានប៉ះពាល់ទេ ប្រសិនបើអំពើល្មើសច្បាប់ទាំងនោះមានភរិយា លោកអភិបាលស្រុករវៀង ធ្វើជាខ្នងបង្អែក។
សេចក្តីរាយការណ៍ពីស្រុករវៀង បានឲ្យដឹងថាការកាប់ បំផ្លាញព្រៃឈើនៅតំបន់នោះ និងមានការដឹកជញ្ជូនតាមអំពើចិត្ត ពិសេសការបើកសិប្បកម្ម កែច្នៃឈើរបស់ឈ្មួញធំៗ នៅទូទាំងស្រុករវៀង ដើម្បីដឹកជញ្ជូនយកមក លក់នៅរាជធានីភ្នំពេញ គេមិនដែលឃើញលោក ឯ សារូ ហ៊ានហើបមាត់ ម្តងណាឡើយ ។ ជាធម្មតាលោក ឯ សារូ មិនបានប្រើប្រាស់ មន្ត្រីរាជការនៅក្នុង សាលាស្រុករវៀង ឲ្យចុះទៅប្រមូលលុយពីក្រុមឈ្មួញ កាប់បំផ្លាញព្រៃឈើក៏ដូចជា ការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុកនោះទេ ដើម្បីកុំឲ្យបែករឿង ព្រោះគេដឹងថា ភរិយារបស់គាត់ឈ្មោះ វ៉ាងទី កំពុងបង្កព្យុះភ្លៀង ប្រើអំណាចរបស់ស្វាមី ដែលជាអភិបាលស្រុក ទៅគាបសង្កត់បំភិតបំភ័យ បំបាក់ស្មារតីមន្ត្រីតូចតាច នៅទូទាំងស្រុករវៀង ហើយរឿងនេះលោក ឯ សារូ បានដឹងយ៉ាងច្បាស់ ប៉ុន្តែគាត់នៅតែទុកលទ្ធភាព ឲ្យឈ្មោះ វ៉ាងទី ជាភរិយាសំណព្វចិត្ត របស់គាត់ធ្វើអ្វីៗតាមតែទំនើងចិត្ត។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា ស្ត្រីឈ្មោះ វ៉ាងទី បានប្រើល្បិចនិងមាន លិខិតប្រមូលទិញឈើ យកមកឈូស រៀបចំជាគ្រឿងសង់ផ្ទះ ហើយគេអាចមើលពីក្រៅ ឃើញមានសភាពដូចជា ឈើគ្រឿងផ្ទះ ដែលគេទើបរុះរើដឹកជញ្ជូន យកទៅសាងសង់នៅកន្លែងថ្មី ដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ និងជាការបិទបាំងការរកស៊ីល្មើសច្បាប់។ ឈើគ្រឿងផ្ទះទាំងនោះ ត្រូវបានស្ត្រីឈ្មោះ វ៉ាងទី ឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនដឹកជញ្ជូន យកទៅលក់យ៉ាងអនាធិបតេយ្យបំផុត មិនដែលមាននរណា ហ៊ានក្អកនោះទេ ទុកឱកាសឲ្យស្ត្រីឈ្មោះ វ៉ាងទី ធ្វើអ្វីៗតាមតែអំពើចិត្ត។ មានការរំលឹកទៀតថា ស្ត្រីឈ្មោះ វ៉ាងទី ពូកែលួងចិត្តលោក ឯ សារូ ដែលជាអភិបាលស្រុក ហើយគេមិនច្បាស់ទេថា រឿងដែលលោក ឯ សារូ លួចលាក់យកស្ត្រីឈ្មោះ វ៉ាងទី មកធ្វើជាភរិយាបន្ទាប់ បង្កព្យុះភ្លៀងនៅទូទាំងស្រុករវៀងបែបនេះ ភរិយាដើមរបស់គាត់បានដឹងឬក៏យ៉ាងណានោះទេ។
ប៉ុន្តែរឿងដែលគួរឲ្យ ខ្មាសអៀនបំផុតនោះ លោក ឯ សារូ មិនគួរបិទភ្នែក ឲ្យមនុស្សស្រីមកលូកលាន់ការងាររដ្ឋបាល និងការបង្ក្រាបបទល្មើសនោះទេ ព្រោះក្នុងនាមជាអភិបាលស្រុករវៀង លោក ឯ សារូ មិនអាចគេចផុតពីការ ទទួលខុសត្រូវ ឬការស្តីបន្ទោសពីថ្នាក់លើ ពាក់ព័ន្ធនឹងភាពអនាធិបតេយ្យ នៃការបើកសិប្បកម្មកែច្នៃឈើ គ្មានច្បាប់ទម្លាប់ និងការដឹកជញ្ជូនឈើខុស ច្បាប់យ៉ាងគគ្រឹកគគ្រេង។ ប្រសិនបើលោក ឯ សារូ នៅតែមិនភ្ញាក់រលឹក អាចនឹងធ្លាក់បុណ្យ ដោយសារតែមនុស្សស្រី ព្រោះសម្តេច ហ៊ុន សែន ធ្លាប់បានព្រមានជារឿយៗថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែគោរពតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងបញ្ឈប់កុំឲ្យមានការជ្រៀតជ្រែកកិច្ចការងាររដ្ឋ ពីសំណាក់ភរិយា ដែលគេនិយាយភាសាសាមញ្ញថា កុំឲ្យមនុស្សស្រីមកធ្វើការ សម្រេចចិត្តឬពាក់ព័ន្ធ ជាមួយការងាររដ្ឋបាល។
លោក ឯ សារូ មិនដែលឈឺក្បាលវិលមុខ ពីសេចក្តីណែនាំ របស់ថ្នាក់លើនោះទេ គឺមន្ត្រីរាជការនិងប្រជាពលរដ្ឋ នៅទូទាំងស្រុករវៀង បានសំណូមពរឲ្យលោក អ៊ុំ មារ៉ា អភិបាលខេត្តព្រះវិហារ មេត្តាពិនិត្យមើលបញ្ហា អស់ទាំងនេះឡើងវិញផង មិនគួរបណ្តែតបណ្តោយ ឲ្យស្ត្រីឈ្មោះ វ៉ាងទី យកឥទ្ធិពលរបស់លោក ឯ សារូ ទៅប្រើប្រាស់ធ្វើអ្វីៗ តាមតែអំពើចិត្តនោះទេ។ យ៉ាងណាក៏ដោយ ភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើខុសច្បាប់ ជាពិសេសទីតាំងកែច្នៃឈើ រាប់សិបកន្លែងនៅទូទាំងស្រុករវៀង ផ្តើមចេញពីភាពអសកម្មរបស់លោក ឯ សារូ ក្នុងនាមជាប្រធាន គណៈបញ្ជាការឯកភាពស្រុករវៀង មិនហ៊ានចេញបញ្ជាឲ្យ បង្ក្រាបបទល្មើសទាំងនេះ ព្រោះតែភរិយាបន្ទាប់របស់គាត់ឈ្មោះ វ៉ាងទី ជាអ្នកចេញមុខកាង បទល្មើសតាមគ្រប់រូបភាពតែម្តង៕
Source from: watphnom-news.com

Loading...
Loading...