ក្រុងប៉ោយប៉ែត ៖ រថយន្តក្រុង របស់ក្រុមហ៊ុន កម្ពុជាអង្គរអ៊ិចស្ព្រេស បានបើកបុកម៉ូតូបុរសពីរនាក់ បណ្តាលឲ្យជនរងគ្រោះម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ ហើយបានស្លាប់ គ្រាដែលបញ្ជូនទៅដល់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី នៅចំណុចផ្លូវបំបែក ពីផ្លូវជាតិលេខ៥៩A ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។
ជនរងគ្រោះរួមមានឈ្មោះ ហូម ចន្ទី ភេទប្រុស អាយុ ២០ឆ្នាំ អ្នកបើកបរម៉ូតូ ជាសិស្ស មានទីលំនៅក្នុងភូមិកូប សង្កាត់និមិត្ត និងអ្នករួមដំណើរឈ្មោះ ហូ វ៉ូច ភេទប្រុស អាយុ ២៤ឆ្នាំ ជាកសិករ មានទីលំនៅភូមិរស្មីសិរីភាព សង្កាត់មិត្តភាព ក្រុងប៉ោយប៉ែត ហើយជនរងគ្រោះ បានជិះម៉ូតូម៉ាកសូនិច ពណ៌ខៀវ គ្មានស្លាកលេខ តាមផ្លូវជាតិលេខ៥៩A ពីត្បូងមកជើង។
លុះពេលឡើងដល់ ផ្លូវជាតិលេខ៥ ជាចំណុចកើតហេតុ បានបត់ទៅទិសខាងកើត ក៏ត្រូវរថយន្តក្រុង របស់ក្រុមហ៊ុន កម្ពុជាអង្គរអ៊ិចស្ព្រេស ដឹកអ្នកដំណើរ បុកពេញទំហឹងពីក្រោយតែម្ដង។ រថយន្តក្រុងបង្កម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣A-៨៨២០ ក្រោយពីកើតហេតុអ្នកបើកបរ បានគេចខ្លួនបាត់ស្រមោល សមត្ថកិច្ចបានត្រឹមតែ ចុះទៅធ្វើកំណត់ហេតុ៕
Source from: watphnom-news.com

Loading...
Loading...