ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្ត ៣គ្រឿង ដែលបើកបរ ក្នុងទិសដៅស្របគ្នា បានបុកបន្តកន្ទុយគ្នា កាលពីវេលាម៉ោង ៥និង១០ នាទីទៀបភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយសារការបើកបរ ធ្វេសប្រហែស ប្រជែងគ្នាដោយមិនពិនិត្យ មើលឧបសគ្គនៅខាងមុខ។
មុនពេលកើតហេតុ រថយន្តដឹកត្រី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2D-9276 បើកបរ ក្នុងទិសដៅពីត្បូងមកជើង ដោយឈ្មោះ សួស ចាន់ អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិព្រៃខ្មែរ មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបំណងចូលផ្ទះ ខណៈនោះក៏មានរថយន្ត មួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-3315 ដឹកម្ទេសបើកបរដោយឈ្មោះ វិចិត្រ អាយុ ២៩ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ បានបើកជែងរថយន្ត កុងតឺន័រមួយគ្រឿង ម៉ាកនីសាន់ពាក់ស្លាកលេខ តាកែវ 3A-1785 ដែលបើកពីក្រោយរថយន្តដឹកត្រី ហើយក៏បានបុករថយន្តដឹកត្រី ចំទទឹងរថយន្តផ្នែកខាងក្រោយ ពេញទំហឹងតែម្តង។
ក្នុងហេតុការណ៍នោះ បានបណ្តាលអោយ រថយន្តដឹកត្រីក្រឡាប់ បះជើងចាក់ត្រីពេញផ្លូវ ហើយរថយន្តដឹកម្ទេសវិញ បានរេចង្កូតទៅខាងស្តាំ ត្រូវរថយន្តកុងតឺន័រ បុកគូថពីក្រោយបន្តទៀត។ អ្នកជិះលើរថយន្តដឹកត្រី បានរងរបួសបែកក្បាលធ្ងន់ធ្ងរ រួមមានឈ្មោះ ស៊ឹម សឿន អាយុ ៥២ឆ្នាំ និងឈ្មោះ កែវ រ៉ាឌី អាយុ ២២ឆ្នាំ ទាំងពីរនាក់ជាឪពុកនិងកូន ចំណែកបុរសម្នាក់ទៀត ជាអ្នកបើកបររថយន្តដឹកម្ទេស បានកៀបនៅក្នុងរថយន្ត រងរបួសស្រាល។ ក្រោយពេលកើតហេតុ អ្នករបួសធ្ងន់ធ្ងរទាំង ២នាក់ត្រូវបានក្រុមគ្រួសារ ជួលរថយន្តតាក់ស៊ីដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងបន្តបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះជីវិត៕
Source from: watphnom-news.com

Loading...
Loading...