រាជធានីភ្នំពេញ ៖ ព្រះចៅអធិការវត្ដមួយអង្គ ដែលគ្រាន់តែអាពាធ ដុះសាច់បំពង់.ក បានសុគតគួរឲ្យសង្វេគ បន្ទាប់ពីគ្រូពេទ្យ នៅមន្ទីរពេទ្យម៉ាលីយ៉ា ដែលមានទីតាំង ស្ថិតនៅតាមផ្លូវ ព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមនចាក់ថ្នាំឲ្យមួយម្ជុល ក៏ប្រកាច់បែកពពុះមាត់ និងសុគតយ៉ាងអាណោចអាធ័ម នាំឲ្យមជ្ឈដ្ឋានមួយចំនួន រិះគន់ថា មន្ទីរពេទ្យម៉ាលីយ៉ា គ្មានជំនាញច្បាស់លាស់ និងខ្វះការទទួលខុសត្រូវ។
ព្រះសង្ឃដែលបានសុគតមានព្រះនាម ងឹម វ៉ាន់នី មានព្រះជន្ម ២៥ ព្រះវស្សា ជាចៅអធិការវត្ដអង្គអណ្តែត គង់នៅវត្ដអង្គអណ្ដែត ស្ថិតនៅភូមិថ្មី ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្ដកំពត បានសុគតនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងមន្ទីរពេទ្យ ម៉ាលីយ៉ា បន្ទាប់ពីគ្រូពេទ្យបានពិនិត្យ ធ្វើតេស្ដឈាមនិងចាក់ថ្នាំមួយម្ជុល ហើយដោយទំនងជា ថ្នាំដែលចាក់នោះ ហួសកាលកំណត់ប្រើប្រាស់ ទើបធ្វើឱ្យព្រះអង្គប្រកាច់ បែកពពុះមាត់ ហើយសុគតភ្លាមៗតែម្តង ។ នៅពេលដែលគ្រូពេទ្យដឹង ថា ព្រះចៅអធិការមានសភាពធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន ក៏នាំគ្នាដឹកតាមរថយន្ដទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ក្នុងបំណងគេចវេះ ពីការទទួលខុសត្រូវ ក៏ប៉ុន្ដែគ្រូពេទ្យបញ្ជាក់ថា ព្រះតេជព្រះគុណ ងឹម វ៉ាន់នី បានសុគតតាំងពីមិនទាន់ មកដល់មន្ទីរពេទ្យកាល់ម៉ែតម្ល៉េះ ។
ស្ត្រីម្នាក់ឈ្មោះ កែវ សុខា អាយុ ៥០ឆ្នាំ ដែលបាននិមន្ដព្រះចៅអធិការ មកព្យាបាលអាពាធ នៅមន្ទីរពេទ្យម៉ាលីយ៉ា បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ដោយសារលោក មានអាពាធដុះសាច់បំពង់.ក (VIDALE) ទើបលោកនិមន្ដ ពីវត្ដអង្គអណ្ដែត មកគង់ព្យាបាល នៅមន្ទីរពេទ្យ ម៉ាលីយ៉ា ដើម្បីធ្វើការវះកាត់ សាច់បំពង់.ក ។ លុះមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីពិនិត្យ វាស់ស្ទង់សុខភាពរួចមក គ្រូពេទ្យបានចាក់ថ្នាំមួយម្ជុល បណ្ដាលឱ្យប្រកាច់បែកពពុះមាត់ សុគតតែម្ដងទៅ ។
ក្រុមគ្រួសារបានសម្ដែងការសោកស្ដាយ ចំពោះព្រះចៅអធិការ ងឹម វ៉ាន់នី ដែលបានសុគត ទាំងវ័យក្មេង ដោយគ្រាន់តែមាន អាពាធដុះសាច់បំពង់ .ក ក្រោមស្នាដៃគ្រូពេទ្យគ្មានជំនាញ របស់មន្ទីរពេទ្យ ម៉ាលីយ៉ា ។ ក្រុមគ្រួសារព្រះសង្ឃរងគ្រោះ បានអំពាវនាវសូមឱ្យ ក្រសួងមានសមត្ថកិច្ច ជាពិសេស ក្រសួងសុខាភិបាល មេត្ដាត្រួតពិនិត្យមន្ទីរពេទ្យ ម៉ាលីយ៉ា ឡើងវិញ សូមកុំគិតតែពីរឿងលុយខ្លាំងពេក គួរតែពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយថាតើ មន្ទីរពេទ្យ ម៉ាលីយ៉ា មានគ្រូពេទ្យប្រកបដោយជំនាញ ដែរឬក៏អត់?
យ៉ាងណាក៏ដោយ គ្រូពេទ្យជំនាញបានឲ្យដឹងថា ករណីដែលព្រះចៅអធិការ ងឹម វ៉ាន់នី សុគតបែបនេះដោយសារតែគ្រូពេទ្យ នៅមន្ទីរពេទ្យ ម៉ាលីយ៉ា ធ្វេសប្រហែសនិងមិនបានពិនិត្យ មើលគុណភាពឱសថ មុនពេលចាក់ថ្នាំ ព្យាបាលអ្នកជំងឺ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនិងមន្ត្រីជំនាញ សុខាភិបាលបានចុះទៅធ្វើការស្រាវជ្រាវករណីនេះ ប៉ុន្តែមិនទាន់ដឹងថា មានលទ្ធផលបែបណា នៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...