កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយលេខ០១៧សហវ រំលឹកដល់សាធារណជនកុំឲ្យទិញលំនៅឋានទាំងឡាយណា ដែលមិនទាន់មានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួង ព្រោះការទិញលំនៅឋានពីម្ចាស់សំណង់ ឬបុរីដែលគ្មានការអនុញ្ញាតស្របច្បាប់អាចនឹងខាតបង់ថវិកាឬទ្រព្យសម្បត្តិជាយថាហេតុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុបានបង្ហាញជូននូវម្ចាស់គម្រោងសំណង់ចំនួន១៩ ដែលមិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅឋានពីក្រសួងនៅឡើយ ហើយដែលសាធារណជនគប្បីកុំទិញនាំឲ្យខាតបង់ផលប្រយោជន៍ជាយថាហេតុនោះមានឈ្មោះដូចខាងក្រោម៖
១-បុរី សូនី, ២-បុរី វារីណា,៣-បុរី រុង រឿង, ៤-បុរី គៀង ហ៊ត, ៥-បុរី សម្បួរមាស, ៦-ផ្លាទីនីម រេស៊ីដិន, ៧-បុរី អាកាសចរណ៍, ៨-ក្រុមហ៊ុន ប៊ូយ៉ុងហ្គ្រុប, ៩-បុរី EU ( កំពង់ចម្លង អរិយក្សត្រ ), ១០-ក្រុមហ៊ុន មានជ័យហ្វូដ ៩៩៩ ( គម្រោងបុរី តូក្យូ, គម្រោង មូស្គូស៊ីធី និងផ្លូវ ៣៧១ ), ១១-សំណង់ផ្ទះល្វែងទំនើប ចោមចៅ, ១២-អាផាតមិន Sonatra Grand Realty, ១៣-សំណង់ផ្ទះល្វែង លោក អ៊ីវ ឈាន ,១៤-អគារស្នាក់នៅរួម D.Y.G Co., Ltd (Noblesse), ១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោក ជា លី, ១៦-សំណង់ផ្ទះល្វែង និង Link House លោក គីម យ៉ុងហាក់, ១៧-សំណង់អគារស្នាក់នៅរួម លោក ទិព្ធ ណារេន និង លោកស្រី អ៊ាក ច័ន្ទថាវី, ១៨-សំណង់អគារស្នាក់នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លឹមហួត និង ១៩-សំណង់ផ្ទះល្វែង តុល លន។
ជាមួយគ្នានេះដែរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្គាប់ឲ្យម្ចាស់សំណង់ទាំង១៩ខាងលើរួសរាន់មកដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្មលំនៅឋាននៅអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ និងក្នុងករណីយឺតយ៉ាវ ឬប្រងើយកន្តើយមិនព្រមមកដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្មលំនៅឋានទេនោះក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន៕


Source from: www.dtn7.com

Loading...
Loading...