រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឈ្មោះបុរីចំនួន ១៩ កន្លែងស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលគ្មានការអនុញ្ញាតស្របច្បាប់ ក្នុងការអភិវឌ្ឍជាផ្ទះល្វែង ឬក៏វីឡា ដើម្បីលក់ក្នុងតម្លៃខ្ពស់ ដែលបញ្ហានេះនាំឲ្យសាធារណជន លើកជាសំណួរថា ហេតុអ្វីក៏អាជ្ញាធរ សមត្ថកិច្ច មិនចាត់វិធានការហាមឃាត់ នៅពេលសាងសង់ ដោយសារតែមិនមានច្បាប់ទម្លាប់ តែនៅពេលសាងសង់រួចរាល់ហើយ បែរជាប្រកាសថា បុរីផ្ទះល្វែងទាំងនោះ មិនមានច្បាប់ទៅវិញ ?
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរម្លឹកដល់សាធារណជន ទាំងអស់ថា មិនគួរគប្បីទិញលំនៅដ្ឋាន ទាំងឡាយណា ដែលពុំទាន់មានអាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ ព្រោះការទិញលំនៅដ្ឋានពីម្ចាស់សំណង់ ឬបុរី ដែលគ្មានការអនុញ្ញាត ស្របច្បាប់អាចនឹងខាតបង់ថវិកា ឬទ្រព្យសម្បត្តិ ជាយថាហេតុ។
ជាមួយនឹងការព្រមានខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឈ្មោះ ម្ចាស់គម្រោងសំណង់ ដែលមិនទាន់ មានអាជ្ញាប័ណ្ណអភិវឌ្ឍ លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួសរាន់មកដាក់ពាក្យ ស្នើសុំអាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន នៅអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ ក្នុងករណីយឺតយ៉ាវ ឬព្រងើយកន្តើយ មិនព្រមមកដាក់ពាក្យ សុំអាជ្ញាប័ណ្ណអាជីវកម្ម អភិវឌ្ឍលំនៅឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។
សេចក្តីជូនដំណឹង បានបង្ហាញឈ្មោះបុរីទាំងនោះ រួមមាន ១-បុរី សូនី ២-បុរី វារីណា ៣-បុរី រុង រឿង ៤-បុរី គៀង ហ៊ត ៥-បុរី សម្បួរមាស ៦-ផ្លាទីនីម រេស៊ីដិន ៧-បុរី អាកាសចរណ៍ ៨-ក្រុមហ៊ុន ប៊ូយ៉ុងហ្គ្រុប ៩-បុរី EU ( កំពង់ចម្លង អរិយក្សត្រ ) ១០-ក្រុមហ៊ុន មានជ័យហ្វូដ ៩៩៩ ( គម្រោងបុរី តូក្យូ, គម្រោងមូស្គូស៊ីធី និងផ្លូវ ៣៧១ ) ១១-សំណង់ផ្ទះល្វែងទំនើប ចោមចៅ ១២-អាផាតមិន Sonatra Grand Realty ១៣-សំណង់ផ្ទះល្វែង លោក អ៊ីវ ឈាន ១៤-អគារស្នាក់នៅរួម D.Y.G Co., Ltd ( Noblesse ) ១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោក ជា លី ១៦-សំណង់ផ្ទះល្វែង និង Link House លោក គីម យ៉ុងហាក់ ១៧-សំណង់អគារស្នាក់នៅរួម លោក ទិព្ធ ណារេន និងលោកស្រី អ៊ាក ច័ន្ទថាវី ១៨-សំណង់អគារស្នាក់នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លឹមហួត និង១៩-សំណង់ផ្ទះល្វែង តុល លន៕
Source from: watphnom-news.com

Loading...
Loading...