ក្រុងប៉ោយប៉ែត ៖ អំឡុងពេលដែលមានការកំណត់ ឲ្យក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បង់ពន្ធឲ្យបានត្រឹមត្រូវ ១០០ភាគរយ ដើម្បីបង្កើនចំណូលថវិកាជាតិ មកបំពេញការខ្វះខាត ធ្វើឲ្យក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាជីពរបស់ពួកគេ ព្រោះត្រូវបង់ពន្ធខ្ពស់ ទោះជាប្រភេទទំនិញធម្មតាក៏ដោយ ហើយត្រូវបង់លុយ ក្រោមតុក្រៅផ្លូវការ ឲ្យទៅសមត្ថកិច្ចនិងមន្ត្រីពុករលួយ ប្រចាំការតាមច្រកព្រំដែន អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាករណីនៅ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ទិត្យ សារិន ជាអនុប្រធាននគរបាល អន្តោប្រវេសន៍ប្រចាំ ច្រកអន្តរជាតិប៉ោយប៉ែត ដែលមានតួនាទីកាន់បារ៉ាស់ព្រំដែន បានកោសរូសបង្ខំឲ្យក្រុមឈ្មួញ បង់លុយថ្លៃក្បាលឡាន តាមតែអំពើចិត្ត។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បានឲ្យដឹងថា ការនាំទំនិញរបស់ពួកគាត់ ចូលក្នុងប្រទេសកម្ពុជា ឥឡូវនេះត្រូវបានរឹតបន្តឹង ដោយជំនាញគយ ហើយនគរបាលអន្តោប្រវេសន៍ ក្រោមបញ្ជាផ្ទាល់របស់លោក ទិត្យ សារិន ដែលមានតួនាទីមើលការខុសត្រូវ និងជាអ្នកបញ្ជាឲ្យបិទបើកបារ៉ាស់ បានកោសរូសឲ្យរថយន្ត ដឹកទំនិញនាំចេញនិងនាំចូល ពីប្រទេសសៀម បង់លុយក្រៅផ្លូវការចាប់ពី ៥០០បាត ដល់១ពាន់បាត ដោយគ្មានការយោគយល់អ្វីទេ។ សម្រាប់រថយន្ត សណ្តោងដឹកឡានវិញ គឺត្រូវបង់ក្បាលឡាននាំចូលក្នុង ១គ្រឿង ៥០០បាតបន្ថែមទៀត ដូចជាសម្រាប់រថយន្ត ដឹកឡានមួយគ្រឿង ផ្ទុកឡានបានចំនួន៦គ្រឿង គឺត្រូវយក ៥០០បាតគុណនឹង៦ ហើយយកទៅបូកជាមួយ ៥០០បាតនៃថ្លៃរថយន្តដឹកឡាន ឃើញថា គ្រាន់តែរថយន្តដឹកឡាន នាំចូលពីស្រុកសៀម ក្នុង ១គ្រឿង ត្រូវចំណាយប្រាក់ ក្រៅផ្លូវការដល់ទៅ ៣៥០០បាតបាត់ទៅហើយ។
សម្រាប់រថយន្តដឹកទំនិញដទៃទៀត ដូចជាប្រភេទសណ្តោង ដឹកស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿងហូបចុក ត្រូវបង់លុយ ថ្លៃក្បាលឡានចំនួន ៥០០បាត ដោយគ្មានវិក្កយបត្រ និងលិខិតស្នាមនោះទេ បើទោះបីជាមានការទាមទារ ឲ្យចេញលិខិតស្នាម ក៏គ្មាននរណាអើពើ ហើយលោក ទិត្យ សារិន ថែមទាំងបង្កផលលំបាក និងរករឿងក្រុមអ្នករកស៊ី នាំចូលទំនិញថែមទៀតផង។ ដោយឡែក កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះមានការបែកធ្លាយ រឿងក្រុមហ៊ុនស្របច្បាប់មួយ ដែលគ្រាន់តែការចំណាយផ្លូវការ បង់ឲ្យលោក ទិត្យ សារិន ចំនួន ៣៧ម៉ឺនបាត និងបង់ឲ្យកូនចៅ របស់លោក ទិត្យ សារិន ម្នាក់ទៀត ឈ្មោះ រស់ សារ៉ុម ចំនួន ២០ម៉ឺនរៀល ទើបពួកគេបើកបារ៉ាស់ ឲ្យដឹកទំនិញឆ្លងកាត់។ ក្នុងតួនាទីជាអនុប្រធាន នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកប៉ោយប៉ែត លោក ទិត្យ សារិន មានសិទ្ធិក្តោបក្តាប់ ច្រកទ្វារជួរមុខ រួមមានការកាន់បារ៉ាស់ បើកឲ្យរថយន្តដឹកទំនិញ ចេញចូលឆ្លងកាត់ និងការត្រួតពិនិត្យ ទៅលើអ្នកដំណើរចេញចូល ឆ្លងកាត់ព្រំដែនពីស្រុកសៀម ចូលមកក្រុងប៉ោយប៉ែត។
មានការបញ្ជាក់ផងដែរថា កូនចៅរបស់លោក ទិត្យ សារិន បង្កភាពអនាធិបតេយ្យខ្លាំងណាស់ ក្នុងការកោសរូសបង្ខំឲ្យភ្ញៀវទេសចរ និងអ្នកដំណើរ បង់លុយក្រៅផ្លូវការ តាមរយៈការបង្កើត ឲ្យមានភាពយឺតយ៉ាវក្នុងការ បំពេញបែបបទ បោះត្រា បើមិនបង់លុយចំនួន ១ម៉ឺនរៀល តាមការតម្រូវទេនោះ គឺមិនអាចឆ្លងកាត់ ច្រកព្រំដែនបានទេ ព្រោះឯកសារត្រូវជាប់គាំង។ លោក ទិត្យ សារិន មានអំណាចប្រមូលលុយ តាមរបៀបពុករលួយ ក្នុងមុខតំណែង មិនខ្វល់ពីការរឹតបន្តឹង របស់ថ្នាក់លើម្តងណាឡើយ ហើយប្រាក់ចំណូលភាគច្រើន ត្រូវបានលោក ទិត្យ សារិន យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន យ៉ាងគឃ្លើន និងចែករំលែកមួយភាគតូចប៉ុណ្ណោះ យកមកបង់ចូលកេសខ្មៅ សម្រាប់ចែកគ្នារៀងរាល់សប្តាហ៍។
ក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនទំនិញឆ្លងកាត់ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានរអ៊ូរទាំពីការកោសរូសបង្ខំ ឲ្យបង់លុយក្រៅផ្លូវការ ពីសំណាក់លោក ទិត្យ សារិន ដែលគ្មានការយោគយល់ ទោះជាក្នុងកាលៈទេសៈដ៏លំបាក នៃការតម្រូវឲ្យបង់ពន្ធ ១០០ភាគរយ ក៏លោក ទិត្យ សារិន បានចាត់ចែងឲ្យកូនចៅជំនិតៗរបស់គាត់ ទៅឈរជើងនៅចំណុចបារ៉ាស់ បង្ខំឲ្យអ្នករកស៊ីដឹកទំនិញបង់លុយតាមតែទំនើងចិត្ត មិនខ្វល់ពីចំណាត់ការកែទម្រង់ របស់លោក ឱម យ៉ិនទៀង នោះទេ។ បច្ចុប្បន្ននេះ លោក ទិត្យ សារិន កំពុងតែបង្ហាញនូវភាពក្រអឺតក្រទម និងធ្លាប់ប្រាប់គេឯងថា អ្វីដែលគាត់បានធ្វើ ថ្នាក់លើដឹងអស់ហើយ ថែមទាំងកំពុងអន្តរាគមន៍ ឲ្យគាត់ឡើងតំណែង ឡើងតួនាទី ហើយបន្តិចទៀតនេះ គាត់នឹងដើរត្រួតពិនិត្យមើល កងកម្លាំងវរៈការពារ នៅតាមច្រករបៀងថែមទៀតផង៕
Source from: watphnom-news.com

Loading...
Loading...