ខេត្តកំពង់ធំ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ត្រូវឡានកាមរីផ្តាច់ព្រលឹង បើកបុកយ៉ាងពេញទំហឹង អូសចម្ងាយ ៣០ម៉ែត្រ ទាំងមនុស្សនិងម៉ូតូ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅតាមផ្លូវជាតិលេខ៦A ត្រង់ផ្លូវបំបែកជា៤ មុខសណ្ឋាគារអរុណរះ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន កាលពីវេលាម៉ោង ៥និង៥០ នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣។
មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកកាមរីពណ៌សរ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង ស្របទិសគ្នា ជាមួយម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1C4357 ។ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូសង់កូរ៉េបំរុងបត់ឆ្វេង ចូលទៅភោជនីយដ្ឋានអរុណរះ ក៏ត្រូវបានថយន្តបុកពេញមួយទំហឹង ប៉ើងទាំងម៉ូតូទាំងមនុស្ស អូសចម្ងាយ ៣០ម៉ែត្រទើបធ្លាក់មនុស្ស ចំណែកម៉ូតូជាប់ទៅជាមួយនឹងឡាន ចម្ងាយប្រហែលជា ១០០ម៉ែត្រ ទើបរថយន្តជាន់ហ្វ្រាំងឈប់ ធ្លាក់ម៉ូតូរបូតចេញពីឡាន។
ពេលនោះអ្នកបើកបរ ក៏បានបត់រថយន្តត្រឡប់ក្រោយ យកទៅចតទុកចោល នៅក្នុងយានដ្ឋាន ជួសជុលរថយន្តមួយកន្លែង យីហោ ដំរីជាន់ខ្លា ស្ថិតនៅផ្ទះលេខ២២ ក្រុមទី១៨ ផ្លូវជាតិលេខ៦អា ក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន រត់គេចខ្លួនបាត់ស្រមោល។ សាច់ញាតិបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ សោម ប្រសើរ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន មានមុខរបររត់ម៉ូតូឌុប៕
Source from: watphnom-news.com

Loading...
Loading...