ខេត្តបាត់ដំបង ៖ បុរសម្នាក់បើកម៉ូតូគេចគោយន្តទី១ ដែលកំពុងឈប់ជួសជុល ហើយជ្រុលទៅបុកគោយន្តទី២ ដែលឈប់នៅចម្ងាយពីគ្នា ប្រហែល ១០០ម៉ែត្រ បណ្តាលឲ្យដាច់កស្លាប់ខ្លួនឯង នៅកន្លែងកើតហេតុកាលពីវេលាម៉ោង ២១និង៥០ នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧អា ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បុរសរងគ្រោះមានឈ្មោះ ម៉ឹង ប្រុស អាយុ ២១ឆ្នាំរងរបួសមុតដាច់ក បានបើកម៉ូតូម៉ាកហុងដាឌ្រីម គ្មានស្លាកលេខពីលិចទៅកើត មានទីលំនៅភូមិដូនមាយ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែកម្ចាស់គោយន្តមានឈ្មោះ ហាក់ ឌីវន អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សាក្សីបានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ មានគោយន្តពីរគ្រឿង ឈប់លើផ្លូវជាតិលេខ៥៧អា បែរមុខពីលិចទៅកើត ក្នុងភូមិដង្គត់។
គោយន្តទី១ នៅខាងលិចបានខូច និងដាក់សំរាស់ ហើយម្ចាស់គោយន្តទី២ នៅខាងកើតមានចម្ងាយពីគ្នាប្រហែល ១០០ម៉ែត្រ បានឈប់ជួយបញ្ចាំងពិល អោយអ្នកដំណើរតាមផ្លូវគេច។ ស្រាប់តែពេលនោះម៉ូតូឌ្រីមមួយគ្រឿង បើកស្របទិសគ្នា បានគេចអ្នកបញ្ចាំងពិល រួចគេចជង្ហុកក៏ជ្រុលចង្កូត ទៅបុកគោយន្តទី២ ពីក្រោយបណ្តាលអោយមនុស្សទាក់ក ជាមួយជ្រុងនៃទ្រុងគោយន្ត រយះដាច់ចេញឈាម ស្លាប់នៅកន្លែងកើតហេតុ ហើយម៉ូតូបានរុលចូលក្រោមគោយន្តតែម្តង៕
Source from: watphnom-news.com

Loading...
Loading...