រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្រុមចោរប្លន់ ប្រដាប់អាវុធមានគ្នា ២នាក់ បាញ់ប្រហារស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ស្ថិតនៅចំណុចមុខផ្ទះលេខ១០៧ តាមបណ្តោយផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណៈដែលក្រុមជនល្មើស ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ FZ របស់តារាចម្រៀងផលិតកម្មរ៉ុក បានសម្រេចបម្រុងជិះគេចខ្លួន ។
តារាចម្រៀងដែលត្រូវ ចោរប្លន់ម៉ូតូមានឈ្មោះ ហឿន សុខលីម ភេទប្រុស អាយុ២៩ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកយុវជនដែល ក្រុមចោរប្លន់បាញ់ស្លាប់ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។ ជនរងគ្រោះឈ្មោះ ហឿន សុខលីម បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ខ្មៅ គ្មានស្លាកលេខ មកពីដើរលេងសំដៅទៅផ្ទះវិញ ស្រាប់តែមានក្រុមចោរប្លន់ ប្រដាប់អាវុធមានគ្នា ២នាក់ ជិះម៉ូតូម៉ាក អ៊ិចតេ មួយគ្រឿងមកឈប់ក្បែរគាត់ និងបានដកកាំភ្លើង វាយក្បាលនឹងភ្ជង់គាត់ រួចប្លន់យកម៉ូតូ FZ បានសម្រេច។
ក្រោយពេលប្លន់បានសម្រេច ក្រុមចោរប្លន់បានឡើងជិះម៉ូតូ បំណងគេចខ្លួន ស្រាប់តែលេចមុខយុវជនម្នាក់ ដើរចេញពីកន្លែងងងឹត មកទីតាំងកើតហេតុ ក៏ត្រូវក្រុមចោរប្លន់ដកភ្លើង បាញ់ទៅលើយុវជនរូបនោះមួយគ្រាប់ ចំខាងក្រោយខ្នងធ្លាយទៅបេះដូង បណ្ដាលឲ្យដួលហូរឈាម ស្រោចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុតែម្តង ហើយក្រុមចោរប្រដាប់អាវុធ ខាងលើបានជិះម៉ូតូ រត់គេចខ្លួនបាត់ស្រមោល អស់តែម្តងទៅ។ សមត្ថកិច្ចមូលដ្ឋាន និងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់ កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែបានត្រឹមតែឈរមើល សាកសពតែប៉ុណ្ណោះ ព្រោះក្រុមចោរប្លន់រត់គេចខ្លួនបាត់ជាង ៣០នាទីហើយ ទើបមានមុខសមត្ថកិច្ច៕
Source from: watphnom-news.com

Loading...
Loading...