ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាកានារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីបើកម៉ូតូ សណ្តោងរទេះដឹកត្រី ទៅប៉ះជាមួយស្ត្រី ២នាក់ដែលជិះម៉ូតូ បណ្តាលអោយដួលធ្លាក់ស្ត្រីម្នាក់ ដែលជិះខាងក្រោយស្លាប់នៅកន្លែងកើតហេតុ ហើយស្ត្រីម្នាក់ទៀត បានរបួសស្រាល កាលពីម៉ោង១១ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥៧បេ ត្រង់ចំណុចក្រុមទី១១ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀង ពេញ ភេទស្រី អាយុ ៣៤ឆ្នាំ ជាអ្នកជិះពីក្រោយមិនពាក់មួកសុវត្ថិភាពនិងអ្នករបួសស្រាលឈ្មោះ សៀង ម៉ាលីស ភេទស្រីអាយុ ៣៩ឆ្នាំ ត្រូវជាបងនិងជាអ្នក បើកម៉ូតូដោយពាក់មួកសុវត្ថិភាព។ ជនរងគ្រោះទាំងពីរនាក់ បងប្អូនរស់នៅភូមិបល្ល័ង្កលើ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-0526 ក្នុងទិសដៅពីកើតទៅលិច។
ចំណែកជនបង្កមានឈ្មោះ ឆិល ឆន អាយុ ៥៦ឆ្នាំរស់នៅភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវអាល់ហ្វាពណ៌ ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1I9615 សណ្តោងរទេះដឹកត្រី ចានឆ្នាំងមកពីផ្ទះឪពុក នៅភូមិព្រែកក្រូច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក្រោយពេលកើតហេតុ បានឈប់ម៉ូតូចុះមើល មិនរត់ទៅណាទេ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។
មុនពេលកើតហេតុ គេឃើញនារីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពីទិសខាងកើតទៅលិច ហើយមានស្របពេលនោះ មានបុរសម្នាក់បើកម៉ូតូ វ៉េវអាល់ហ្វាសណ្តោងរទេះ មានល្បឿនយ៉ាងលឿនរួចឡើងវ៉ា ម៉ូតូស្ត្រីរងគ្រោះក៏បានកៀរ និងប៉ះដៃចង្កូត បណ្តាលឲ្យដួលប្រកាច់ប្រកិន ទាំងពីរនាក់ ហើយអ្នករួមដំណើរពីក្រោយ មិនពាក់មួកសុវត្ថិភាពដួលផ្ងារក្រោយ បោកក្បាលទៅនឹងថ្នល់ជាតិ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុតែម្តង៕
Source from: watphnom-news.com

Loading...
Loading...