ខេត្តសៀមរាប ៖ អ្នកបើកបររថយន្ដដឹកដី បានបើកបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុក ម៉ូតូហុងដាឌ្រីមសេ១២៥ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ដបង្ក បានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។
ជនរងគ្រោះរួមមានឈ្មោះ ញឹក ណន អាយុ ៣០ឆ្នាំ ភេទប្រុស ជាអ្នកបើកម៉ូតូ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត ឈ្មោះ ឆន លូ អាយុ ២៦ឆ្នាំ បានស្លាប់បន្ទាប់គ្នា ។ ជនរងគ្រោះទាំងពីរនាក់រស់នៅជាមួយគ្នា ក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៣ ពាក់ស្លាកលេខ សៀមរាប 1Q-5413 ។ ចំណែកអ្នករថយន្ដបង្ក ជាប្រភេទរថយន្ដដឹកដី ម៉ាកកូរ៉េច្នៃចំណុះ ៥តោន ពាក់ស្លាកលេខ សៀមរាប 3I-0397 ម្ចាស់ឡានមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះ បណ្ដាលមកពីអ្នកបើក រថយន្ដដឹកដីនោះ បើកបរ ក្នុងល្បឿនលឿនហួសកំណត់ គ្មានការប្រុងប្រយ័ត្ន ទើបរថយន្ដដឹកដីជ្រុល ទៅបុកម៉ូតូទាំង កំរោល បណ្ដាលឲ្យមនុស្សពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ កន្លងមកអ្នកបើកបររថយន្ដដឹកដី ដឹកសំរាម ដឹកទឹកសុទ្ធជាដើម នៅខេត្ដសៀមរាប មួយចំនួនធ្វេសប្រហែស មិនគិតពីគ្រោះថ្នាក់ ដល់អ្នកដំណើរតាមផ្លូវនោះទេ៕
Source from: watphnom-news.com

Loading...
Loading...