អតិថិជនក្រុមហ៊ុនទូរស័ព្ទចល័តSmart នៅតែសម្តែងនូវការមិនអស់ចិត្តនិងខឹងសម្បាទៅនឹងប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍«MPTC» និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ «MEF» ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ ដែលបានបន្ទច់បង្អាក់និងរំខាងពួកគេក្នុងការទទួលបានផលប្រយោជន៍តាមរូបភាពPromotion ផ្សេងៗពីសំណាក់ក្រុមហ៊ុនSmart ពីព្រោះប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ មានចំនួន៩ទំព័រនោះ បានកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័តហៅក្នុងបណ្តាញតែមួយមិនឲ្យទាបជាងចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី ឡើយ «ដោយពុំទានគិតអាករលើតម្លៃបន្ថែមនិងអាករពិសេស» ។
នារយៈពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទូរស័ព្ទមួយចំនួនឲ្យទៅជាក្រុមហ៊ុនទូរស័ព្ទSmart តែមួយនោះ គឺក្រុមហ៊ុនទូរស័ព្ទSmart បានធ្វើPromotion ផ្សេងៗសម្រាប់ការហៅក្នុងបណ្តាញតែមួយមានកម្រិតទាបជាង៤,៥សេនដុល្លារអាមេរិកក្នុង១នាទី តាមវិធីផ្តល់ប្រាក់បន្ថែម ជាហេតុធ្វើឲ្យក្រុមហ៊ុនទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអតិថិជនជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនទូរស័ព្ទមួយចំនួនផ្សេងទៀតមិនមានកម្មវិធីPromotionពិសេសដូចក្រុមហ៊ុនSmart នេះទេ ។
ក្រោយមក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានសម្រេចឲ្យមានការអនុវត្តនូវប្រកាសអន្តរក្រសួងលេខ២៣២ខាងលើ និងក្រសួងMPTC ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន ជារដ្ឋមន្ត្រីបានជូនដំណឹងឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់អនុវត្តប្រកាសអន្តរក្រសួងលេខ២៣២ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣តទៅ ដោយគិតតម្លៃហៅទូរស័ព្ទចេញក្នុងបណ្តាញតែមួយមិនឲ្យទាបជាង៤ ,៥សេនដុល្លារអាមេរិកក្នុង១នាទី នាំឲ្យក្រុមហ៊ុនទូរស័ព្ទSmart និងក្រុមហ៊ុនទូរស័ព្ទCellcard បានកែសម្រួលតម្លៃសេវាទូរស័ព្ទរបស់ខ្លួនឡើងវិញដែរ ។
ចំណុចសំខាន់ៗចំនួន៤នៃប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ «ចុះហត្ថលេខា ដោយឯកឧត្តម គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងMEF និងឯកឧត្តម សូរ ឃុន អតីតរដ្ឋមន្ត្រីក្រសួងMPTC » គឺ៖
១-ការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័តហៅក្នុងបណ្តាញតែមួយចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី «ដោយពុំទាន់គិត អាករលើតម្លៃបន្ថែមនិងអាករពិសេស » ។
២-ការកំណត់ថ្លៃសេវាអប្បបរមាក្នុងការហៅឆ្លងកាត់បណ្តាញ ចំនួន៥,៩៥សេនដុល្លារអាមេរិកក្នុង១នាទី «ដោយពុំទាន់គិតអាករលើតម្លៃបន្ថែមនិងអាករពិសេស » ។
៣-ការគិតតម្លៃសេវាជាវិនាទីជំនួសការគិតជានាទី ។
៤-ការទាក់ទាញអតិថិជនដោយប្រើរូបភាពបញ្ចុះថ្លៃ ការផ្តល់ជាប្រាក់ ជានាទី ឬរូបភាពផ្សេងៗទៀតតាមរយៈការឃោសនាពាណិជ្ជកម្មនៃប្រតិបត្តិករទាំងអស់ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងMPTC ខ្លឹមសារនិងរូបភាពនៃការឃោសនាពាណិជ្ជកម្មនីមួយៗតាមគ្រប់បណ្តាញឃោសនា គ្រប់ទីសាធារណៈមិនត្រូវលើសពីរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានការអនុញ្ញាតពីក្រសួងMPTCនិងការឃោសនាពាណិជ្ជកម្មអំពីថ្លៃតភ្ជាប់ទូរស័ព្ទចល័តក្នុងបណ្តាញតែមួយមិនត្រូវទាបជាង៥០ភាគរយនៃថ្លៃសេវាអប្បបរមាចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី ។
មជ្ឈដ្ឋានអ្នកតាមដានវិស័យទូរគមនាគមន៍នៅកម្ពុជាបានលើកឡើងថា ដោយសារនារយៈពេលកន្លងមក មានករណីជម្លោះផលប្រយោជន៍រវាងបណ្តាក្រុមហ៊ុនទូរស័ព្ទនានានាំឲ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញពីប្រតិបត្តិករមួយទៅប្រតិបត្តិករមួយ«ការហៅចេញ» និងបញ្ហាថ្លៃសេវាទូរស័ព្ទមានទាប មានខ្ពស់ខុសៗគ្នា ទើបរាជរដ្ឋាភិបាលបង្កើតឲ្យមានប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញនោះឡើង ដោយរាជរដ្ឋាភិបាលអះអាងថា ដើម្បីសម្រេចបាននូវគោលដៅជាមូលដ្ឋានសំខាន់ៗចំនួន៤ គឺ ៖ ១-ការប្រកួតប្រជែងដោយស្មើភាពគ្នា, ២-ផ្តល់សេវាល្អនិងគុណភាពខ្ពស់, ៣-ថ្លៃថោកសមរម្យ និង ៤-បង្កើនចំណូលថវិកាជាតិ ។
ផ្ទុយពីការអះអាងរបស់រាជរដ្ឋាភិបាល ក្រុមអ្នករិះគន់បានលើកឡើងថា ជាធម្មតាក្រុមហ៊ុនទូរស័ព្ទនីមួយៗគេហ៊ានបញ្ចុះថ្លៃដល់អតិថិជនជាអ្នកប្រើប្រាស់ គឺក្រមហ៊ុនគេបានគិតរួចហើយអំពីការខាតនិងផលចំណេញនិងការប្រឈមនានា ប៉ុន្តែមានក្រុមហ៊ុនទូរស័ព្ទខ្លះមានភាគហ៊ុនចំណាយក្រោមតុឲ្យទៅមន្ត្រីអ្នកមានអំណាចក្នុងជួររាជរដ្ឋាភិបាល ដូច្នេះ ក្រុមហ៊ុនោះមិនចង់បញ្ចុះថ្លៃឡើយ ពីព្រោះខ្លាចបាត់បង់ផលប្រយោជន៍របស់ក្រុមហ៊ុនផងនិងផលប្រយោជន៍របស់មន្ត្រីកាងពីក្រោយផង ។ រីឯវិធានការរបស់រាជរដ្ឋាភិបាលដែលចេញប្រកាសអន្តរក្រសួងលេខ២៣២តម្រូវឲ្យក្រុមហ៊ុនទូរស័ព្ទដែលហ៊ានបញ្ចុះថ្លៃឲ្យឡើងថ្លៃវិញស្របទៅតាមក្រុមហ៊ុដែលមិនព្រមបញ្ចុះថ្លៃនោះ គឺស្មើនឹងទម្លាក់ផលវិបាកទៅលើអតិថិជនជាអ្នកប្រើប្រាស់សេវាទូរស័ព្ទទៅវិញទេដែលនាំឲ្យអតិថិជនចំណាយច្រើន ហើយការប្រកួតប្រជែងនៅតែមានភាពមិនស្មោះត្រង់ ។
មជ្ឈដ្ឋានអ្នកច្បាប់នៅកម្ពុជាបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទី២មានអាយុ២០ឆ្នាំហើយ ប៉ុន្តែវាជារឿងប្លែកនៅត្រង់ថា មិនទាន់មានច្បាប់ស្តីពីទូរគមនាគមន៍ដើម្បីកំណត់អំពីការគ្រប់គ្រងនិងរៀបចំក្របខ័ណ្ឌការងារស្ថាបនាបណ្តាញផ្តល់និងប្រើប្រាស់សេវាទូរស័ព្ទ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយ ជាហេតុធ្វើឲ្យបញ្ញត្តិករទូរគមនាគមន៍កម្ពុជា គ្មានអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងវិស័យទូរគមនាគមន៍និងក្នុងការលុបបំបាត់អំពើពុករលួយ ការក្លែងបន្លំ ការកេងប្រវ័ញ្ច និងការបោកប្រាស់អតិថិជនអ្នកប្រើប្រាស់សេវាទូរស័ព្ទ ដែលចុងក្រោយអ្នករងគ្រោះពិតប្រាកដ គឺអតិថិជនជាអ្នកប្រើប្រាស់សេវាទូរស័ព្ទគ្រប់ប្រភេទទៅវិញ ៕
Source from: www.dtn7.com

Loading...
Loading...