អ្នកលេងបណ្តាញសង្គម Facebook ម្នាក់ប្រើប្រាស់ Account ចំនួន៣ ឈ្មោះ ផែង វណ្ណៈ ដោយដាក់រូប Profile និង Cover ខុសៗគ្នា ប៉ុន្តែជារូបថតរបស់មនុស្សតែម្នាក់ គឺឈ្មោះ ផែង វណ្ណៈ ជាមន្ត្រីប៉ូលិសបម្រើការងារនៅក្រសួងមហាផ្ទៃ អតីតជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមល្បីឈ្មោះខ្លាំងហើយនៅក្នុង Facebook ដោយសារការចុះផ្សាយរបស់បណ្តាញសារព័ត៌មានផង ដោយសារជាប់សង្ស័យនឹងការ Post សម្ញែងកាំភ្លើងក្នុង Facebook ផង ដោយសារពូកែដោះសាយករួចខ្លួន ធ្វើមិនដឹងមិនឮផង ដោយសារប្រកាសស្រឡាញ់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាងសម្តេចស្រឡាញ់ខ្លួនសម្តេចផ្ទាល់ផង និងដោយសារគំរាមប្តឹង Page ចំនួន៣ និងគេហទំព័រសារព័ត៌មានដើមត្នោត "DTN7.COM" ផង ។
ក្នុងចំណោម Account ឈ្មោះ ផែង វណ្ណៈ ទាំង៣ គឺមាន Account មួយប្រើ Profile រូបថតឈរពាក់ឯកសណ្ឋានប៉ូលិស តែដៃទទេមិនកាន់អាវុធ និងដាក់ Cover រូបថតពាក់អាវស ដុះពោះប្រឡាក់ភក់ចុះចាប់ត្រី ដែលតែងមាន Account អនាមិកមួយឈ្មោះ ខ្ញុំខ្មែរ Tagged ចូលដាក់រូបភាពផ្តេសផ្តាសយ៉ាងច្រើន ប៉ុន្តែដូចជាមិនសូវប្រើប្រាស់ "លេង" ទេ, Account មួយទម្រង់ជា Page មានអ្នក Like Page ចំនួន1.857នាក់ ដោយដាក់រូប Profile និងរូប Cover សុទ្ធតែពាក់ឯកសណ្ឋានប៉ូលិស និង Account មួយទៀតដាក់រូប Profile ពាក់អាវស ដុះពោះប្រឡាក់ភក់ចុះចាប់ត្រី និងដាក់ Cover រូបថតឈរម្នាក់ឯង ចុះច្រូតស្រូវ ដែល Account ២ចុងក្រោយនេះទំនងជាបានប្រើប្រាស់"លេង"ញឹកញាប់ជាងគេ ។
ដោយឡែក អត្ថបទមួយដែលមានបង្ហាញសម្ញែងកាំភ្លើងខ្លី១ដើម និងគ្រាប់ចំនួន៧គ្រាប់ និងមានខ្លឹមសារថា "ទុក៧គ្រាប់ឲ្យ កឹម សុខា គ្រាប់ទី១បាញ់យកដៃឆ្វេង គ្រាប់ទី២បាញ់យកដៃស្តាំ គ្រាប់ទី៣បាញ់ជើងឆ្វេង គ្រាប់ទី៤បាញ់ជើងស្តាំ គ្រាប់ទី៥បាញ់ពោះ គ្រាប់ទី៦បាញ់បេះដូង និងគ្រាប់ទី៧បាញ់ចំក្បាល កឹម សុខា !!!" ដែលអ្នកលេង Facebook ចាត់ទុកថា ជាការគំរាមសម្លាប់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាមនោះ គឺត្រូវបានគេហទំព័រសារព័ត៌មានដើមត្នោត ដកស្រង់ចេញពី Account ឈ្មោះ ផែង វណ្ណៈ ដោយប្រើរូប Profile ពាក់អាវស ដុះពោះ ប្រឡាក់ភក់ ចុះចាប់ត្រី និងប្រើ Cover រូបថតឈរម្នាក់ឯងចុះច្រូតស្រូវ ដែលបាន Post ក្នុង Status របស់ខ្លួននាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ហើយអត្ថបទរបស់ Account ឈ្មោះ ផែង វណ្ណៈ នេះ ត្រូវបានអ្នកលេង Facebook យកមក Share ចែករំលែកតៗគ្នាយ៉ាងច្រើន ទើបធ្លាក់ដល់មានការចុះផ្សាយតាមបណ្តាញឃោសនាយ៉ាងព្រោងព្រាត ។
ទោះយ៉ាងណា Account ឈ្មោះ ផែង វណ្ណៈ និងជាម្ចាស់រូបថតមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃនោះ បានប្រកែកដោះសាថា មិនបាន Post នូវអត្ថបទខាងលើនេះនៅក្នុង Status របស់ខ្លួនទេ ហើយបានទម្លាក់កំហុសទៅលើជនទី៣ជាអ្នកច្នៃកាត់ត ដើម្បីបង្ខូចកិត្តិយរបស់ខ្លួនទៅវីញ ។ មិនតែប៉ុណ្ណោះ Account ឈ្មោះ ផែង វណ្ណៈ បែរជាឆេះដុំ និងចេញយក្សគំរាមប្តឹងគេហទំព័រសារព័ត៌មានដើមត្នោត ពីបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិតថែមទៀត ដែលជារឿងគួរឲ្យអស់សំណើចបំផុតក្នុងយុគសម័យបច្ចេកវិទ្យា IT នេះ ។
យោងតាម Account អនាមិកមួយឈ្មោះ Chham Chhany បានបង្ហាញតាមរយៈការ Post នៅក្នុង Facebook និងត្រូវបានអ្នកលេង Facebook ធ្វើការ Share ចែករំលែកតៗគ្នានោះឲ្យដឹងថា Account ឈ្មោះ ផែង វណ្ណៈ មិនមែនធ្លាប់ Post សម្ញែងកាំភ្លើងគំរាមក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាលើកទី១ទេ គឺបាន Post ជាច្រើនលើនច្រើនសារួចមកហើយ មានជាអាទិ៍ ៖ Post នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយធ្វើការសម្ញែងកាំភ្លើងស្វ័យប្រវត្តិចំនួន៣ដើម និងគ្រាប់ជាច្រើនទៀត ដែលមានខ្លឹមសារថា "សូមផ្តាំតាមហ្វេសប៊ុកទៅយុវជនសង្គ្រោះជាតិ ជាពិសេសសូមផ្តាំទៅឈ្មោះ Abraham Lincoln ផង ដែលចង់ស្វែងរកឈ្មោះ ផែង វណ្ណៈ ដើម្បីចាត់ការ ដោយសារតែយើងរិះគន់មេបក្សសង្គ្រោះជាតិឥតសំចៃ ។ យើងសូមផ្តាំទៅឯងថា មិនបាច់ប្រឹងរក ផែង វណ្ណៈទេ ព្រោះ ផែង វណ្ណៈ កំពុងតាមរកឯងហើយ ។ សង្ឃឹមថា ឯងមានសំណាងល្អគេចផុតពីការតាមប្រមាញ់របស់យើងទៅចុះ ។ យើងសូមផ្តាំទៅឯងម្តងទៀតថា ថ្ងៃក្រោយបើយើងត្រូវស្លាប់ទៅជាខ្មោច ក៏ជាខ្មោចរបស់គណបក្សប្រជាជនកម្ពុជាដែរ ។ ផែង វណ្ណៈ មិនមែនជាលោក សយ សុភាព ឬលោកបណ្ឌិត ឈឹម ផលវរុណ ដែលឲ្យពួកឯងប្រមាថគំរាមតាមទីសាធារណៈងាយៗនោះទេ ។ បើចង់សាកល្បងកុំភ្លេចយកក្បាលប៉ានដែកមកផង ។ " Post នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ មានសម្ញែងកាំភ្លើងវែងចំនួន២ដើម កាំភ្លើងខ្លី១ដើម និងគ្រាប់ជាច្រើនទៀត ដែលមានខ្លឹមសារថា "ត្រៀមទុកកម្ទេចពួកចោរប៉ុនប៉ងប្លន់អំណាច ! យើងសុខចិត្តស្លាប់ដើម្បីការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្របច្បាប់ ការពាររដ្ឋាភិបាល ការពារព្រះមហាក្សត្រ និងការពារសមិទ្ធផលជាតិ និងសន្តិភាពឲ្យបានគង់វង្សដាច់ខាត ។ យើងមិនអនុញ្ញាតឲ្យពួកចោរប៉ុនប៉ងប្លន់អំណាចធ្វើអ្វីតាមអំពើចិត្តទេ ។ " ។
ក្រុមអ្នកលេង Facebook ស្ទាត់ជំនាញបាននិយាយឲ្យដឹងថា នៅក្នុង Status ផ្ទាល់ខ្លួន មិនអាចមានអ្នកទី៣លួចចេញចូលលុបឬ Post នូវរូបភាពឬអត្ថបទស្រេចនឹងចិត្តនោះទេ គឺមានតែម្ចាស់ Account ប៉ុណ្ណោះទើបមានសិទ្ធិចាត់ចែងអ្វីៗគ្រប់យ៉ាងបាន លើកលែងតែមាន Account ផ្សេងដែលជាមិត្តភក្តិបាន Tagged ចូលមក Status របស់ខ្លួន ប៉ុន្តែក៏វាបានរក្សានូវអត្តសញ្ញាណរបស់ Account ដែលបាន Tagged នោះដែរ ។ ដូច្នេះ ពាក្យដោះសារបស់ Account ឈ្មោះ ផែង វណ្ណៈ គឺគ្រាន់តែទុកបន្លំឬបោកប្រាស់អ្នកមិនលេង Facebook និងបង្ហាញពីចរិតមន្ត្រីប៉ូលិសម្នាក់ និងជាអ្នកលេង Facebook ម្នាក់ដែលគ្មានការទទួលខុសត្រូវប៉ុណ្ណោះ ។
សរុបសេចក្តីមក Account ឈ្មោះ ផែង វណ្ណៈ មានរូបថតជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃម្នាក់ដែលដង្ហែគាំទ្រ និងស្រឡាញ់"សម្តេចតេជោ ហ៊ុន សែន"ជាងសម្តេចស្រឡាញ់ខ្លួនសម្តេចផ្ទាល់ទៀតនោះ ចាប់ផ្តើមល្បីល្បាញខ្លាំងហើយក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ៕
Source from: www.dtn7.com

Loading...
Loading...