ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងភាពក្តៅក្រហាយ ចំពោះលោកស័ក្តិ៥ ហង្ស ម៉ៅ ដែលមានតួនាទីជា មន្ត្រីយោធាអង្គរក្សបានរំលោភបំពានដីធ្លី របស់ពួកគាត់តាមរបៀបឆៅៗ បង្កទៅជាទំនាស់ដ៏រ៉ាំរ៉ៃ គ្មាននរណាអើពើជួយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋនោះទេ ព្រោះលោក ហង្ស ម៉ៅ មានលុយមានអំណាច អាចឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទន្ទ្រានយកដីធ្លីរបស់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយអំពើអាក្រក់របស់លោក ហង្ស ម៉ៅ ក៏ជាដើមហេតុមួយនាំឲ្យគណបក្សប្រជាជនកម្ពុជា ខាតបង់សំឡេងឆ្នោត យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅខេត្តបន្ទាយមានជ័យផងដែរ។
តំណាងប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ទាំង ៥០គ្រួសារ រស់នៅលើដីទំហំ ៦,៧៥ ហិកតា បាននាំគ្នាឈូសឆាយធ្វើផ្លូវ គ្រប់ច្រកល្ហកសម្រាប់ធ្វើដំណើរ ចេញចូលភូមិដ្ឋាន ដោយមានអាជ្ញាធរទទួលស្គាល់ ការរស់នៅរបស់ពួកគាត់ ទៅតាមគោលការណ៍ច្បាប់ផងដែរ ប៉ុន្តែក្រោយមកលោក ហង្ស ម៉ៅ បានមកធ្វើសកម្មភាព ទន្ទ្រានដីធ្លីរបស់ពួកគាត់ នៅចំណុចភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បង្កទៅជាជម្លោះ ប្តឹងផ្តល់ឡើងដល់តុលាការ។ ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ គ្មានលុយដើម្បីបន្តរឿងក្តី យកឈ្នះលើលោក ហង្ស ម៉ៅ បានទេទើបពួកគាត់ កំពុងប្រឈមនឹងការរឹបអូសដីធ្លី តាមរបៀបឆៅៗ ផ្តើមចេញពីមហិច្ឆតាលោភលន់ របស់លោក ហង្ស ម៉ៅ ដែលចាត់ទុកប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ ជាអ្នកមករំលោភបំពានដីរបស់គាត់ទៅវិញ។
ប្រជាពលរដ្ឋទាំង៥០គ្រួសារ បានចោទប្រកាន់លោក ហង្ស ម៉ៅ ពីការគំរាមកំហែង ការបំភិតបំភ័យតាមគ្រប់រូបភាព ហើយកន្លងមកលោក ហង្ស ម៉ៅ បានឃុបឃិតជាមួយ ជំនាញសុរិយោដី ស្ថាប័នតុលាការ បង្កបញ្ហាដល់ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ស្ទើរគ្រប់ទីកន្លែងធ្វើឲ្យ ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយជួបរឿងរ៉ាវអយុត្តិធម៌ គួរឲ្យព្រួយបារម្ភបំផុត ពេលពួកគាត់ទៅសុំកិច្ចអន្តរាគមន៍ ឬរកដំណោះស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនដែលមាននរណា អើពើជួយដល់ពួកគាត់ទេ។ លោក ហង្ស ម៉ៅ បានប្រើស្បែក ជាមន្ត្រីយោធាអង្គរក្សក្នុងក្របខ័ណ្ឌ កងពលតូចលេខ៧០ តែងតែប្រើសិទ្ធិអំណាច របស់ខ្លួនទាំងទទឹងទិស ក្នុងការទន្ទ្រានយកដីធ្លី របស់ប្រជារាស្ត្រក្រីក្រទន់ខ្សោយ តាមគ្រប់មធ្យោបាយ គ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីឡើយ។
ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ គេសង្កេតឃើញមន្ត្រីជំនាញ សមត្ថកិច្ច អាជ្ញាធរដែនដី រួមទាំងព្រះរាជអាជ្ញាផងដែរ ចុះមកត្រួតពិនិត្យមើល ដីទំនាស់ជាមួយ ប្រជាពលរដ្ឋទាំង ៥០គ្រួសារនោះ ដែលបង្ហាញពីបំណងមិនល្អរបស់លោក ហង្ស ម៉ៅ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះកន្លងមកឲ្យតែលោក ហង្ស ម៉ៅ នាំសមត្ថកិច្ចចម្រុះ ចុះទៅមើលដីនៅកន្លែងណា ក្រោយមកប្រជាពលរដ្ឋត្រូវរងគ្រោះ បាត់បង់ដីធ្លីយ៉ាងអយុត្តិធម៌បំផុត។ ប្រជាពលរដ្ឋនៅទូទាំងក្រុងប៉ោយប៉ែត បានដឹងពីស្ទីលរបស់លោក ហង្ស ម៉ៅ យ៉ាងច្បាស់ ទើបប្រជាពលរដ្ឋទាំង ៥០គ្រួសារនោះ បានសម្តែងក្តីព្រួយបារម្ភ ខ្លាចបាត់បង់ដីធ្លីផ្ទះសម្បែង ក្រោយពេលដែលលោក ហង្ស ម៉ៅ នាំកម្លាំងចម្រុះមកពិនិត្យមើលព្រំដី ដែលកំពុងមានជម្លោះជាមួយពួកគាត់។
តំណាងប្រជាពលរដ្ឋបានអះអាងទៀតថា ពួកគាត់ទាំង ៥០គ្រួសារ បានកាន់កាប់អាស្រ័យផលលើដីទំហំ ៦,៧៥ហិកតា ដោយមានការធ្វើផ្លូវគ្រប់ច្រកល្ហក ហើយក៏មានអាជ្ញាធរ ទទួលស្គាល់គ្រប់លំដាប់ថ្នាក់ ហើយឥឡូវនេះបែរជាលោក ហង្ស ម៉ៅ ប្រើសិទ្ធិអំណាចរឹបអូស យកដីធ្លីពួកគាត់ទាំង ៥០គ្រួសារនោះយ៉ាងអយុត្តិធម៌ អំឡុងពេលដែលដីធ្លី របស់ពួកគាត់កំពុងឡើងថ្លៃ។ ប្រជាពលរដ្ឋបាននាំគ្នាមកដាក់ពាក្យបណ្តឹង ទៅកាន់ស្ថាប័នតុលាការ ឲ្យជួយរកខុសត្រូវ និងធ្លាប់បានឡើងមកប្តឹង ដល់ភ្នំពេញ ប៉ុន្តែពួកគាត់ហាក់ដូចជា គ្មានក្តីសង្ឃឹមនោះទេ ដោយសារតែអំណាចរបស់លោក ហង្ស ម៉ៅ ដែលមានទាំងលុយ មានទាំងខ្សែទុយោបក្ខពួកធំៗ អាចធ្វើអ្វីៗបានតែទំនើងចិត្ត។
លោក ឡុង ជាប ព្រះរាជអាជ្ញារង បានប្រាប់អ្នកកាសែតថា លោកដឹកនាំកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះមកត្រួតពិនិត្យនៅពេលនេះ ក្នុងករណីសំណុំរឿងបណ្តឹងព្រហ្មទណ្ឌ រវាងប្រជាពលរដ្ឋ ៥០គ្រួសារ និងលោក ហង្ស ម៉ៅ ។ លោកព្រះរាជអាជ្ញារងបានបន្តឲ្យដឹងទៀតថា ការចុះអង្កេតនៅពេលនេះ ក្នុងគោលបំណងពិនិត្យ ទីតាំងលើទំហំដីទំនាស់ និងព្រំប្រទល់ឲ្យបានច្បាស់លាល់ រួចហើយនិងកោះអញ្ជើញ ឲ្យភាគីទាំងសងខាង ឡើងទៅតុលាការខេត្ត ដើម្បីរកដំណោះស្រាយគ្នា នាពេលក្រោយផងដែរ។ ចំណែកលោក ហង្ស ម៉ៅ នាយទាហានពាក់ស័ក្កិ៥ ផ្នែកអង្គរក្សកងពលតូចលេខ៧០ បានឲ្យដឹងថា លោកមិនបានមករំលោភបំពាន យកដីពលរដ្ឋទាំងអស់នោះទេ គឺគាត់ទទួលបានដីនេះ ដោយសារតែគាត់ មានឯកសារស្របច្បាប់ពីតុលាការ ខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋហាក់ដូចជាបាក់ស្បាត ដោយសារតែកន្លងមកលោក ហង្ស ម៉ៅ បានគំរាមកំហែងបំបាក់ស្មារតី ច្រើនលើកច្រើនសារួចមកហើយ ទាក់ទិននឹងបញ្ហាជម្លោះដីធ្លី ហើយឲ្យតែលោក ហង្ស ម៉ៅ ប្រើរូបមន្តនាំសមត្ថកិច្ច ចុះទៅពិនិត្យមើលដីនៅតំបន់ណាហើយ ប្រជាពលរដ្ឋនៅតំបន់នោះ មានការភ័យខ្លាចយ៉ាងខ្លាំង។ តំណាងប្រជាពលរដ្ឋរងគ្រោះទាំង ៥០គ្រួសារ បានទទូចសុំឲ្យលោក គោ ស៊ុំសារឿត ជាអភិបាលខេត្តបន្ទាយមានជ័យ មេត្តាជួយរកដំណោះស្រាយ ជូនពួកគាត់ផង ព្រោះក្នុងពេលឆាប់ៗខាងមុខនេះ ដីធ្លីរបស់ពួកគាត់នឹងត្រូវធ្លាក់ ចូលកណ្តាប់ដៃរបស់លោក ហង្ស ម៉ៅ ជាក់ជាមិនខានឡើយ ហើយរឿងសំខាន់ គឺពួកគាត់ជាជនក្រីក្រ គ្មានឱកាសអាចយកឈ្នះលោក ហង្ស ម៉ៅ បានទេ៕
Source from: watphnom-news.com

Loading...
Loading...