រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្ត និងម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងប្រមាណ ១៧ និង ៤០ នាទីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចខាងមុខគ្លីនិកជាតិសើរស្បែក និងកាមរោគ ស្ថិតនៅតាមផ្លូវជាតិលេខ៦A ក្រុមទី៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នារីរងគ្រោះដល់បាត់បង់ជីវិតមានឈ្មោះ គង់ ស្រីនិច អាយុ ១៧ឆ្នាំ រស់នៅសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ និងអ្នករងរបួសធ្ងន់ស្រាល ៣នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ឡឹង ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅទីតាំងឡឥដ្ឋក្នុងភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-1666 ជិះគ្នាប្រុសស្រី ៥នាក់ ដឹកឥដ្ឋនៅចោមចៅ ពេលត្រលប់មកវិញធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅមុខកំពូល ខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តដឹកឥដ្ឋនេះ បានគេចរថយន្ត ១គ្រឿង ទៀតដែលនៅពីមុខ ក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកម៉ូតូ ៤គ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយកិនម៉ូតូ ២គ្រឿង គាបជាប់ក្រោមរថយន្ត បណ្តាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ និងធ្វើការវាស់វែង និងឃាត់ខ្លួនជនបង្ក ព្រមទាំងនាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនរងគ្រោះផ្សេងទៀតត្រូវរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
Source from: watphnom-news.com

Loading...
Loading...