ខេត្តកំពត ៖ អ្នកស្រុកបានប្រទះឃើញបុរសម្នាក់ ចងកធ្វើអត្តឃាតដោយសម្រាតខោវែង របស់ខ្លួនឯងចងភ្ជាប់នឹងមែកស្វាយមួយដើម ក្បែរផ្លូវរថភ្លើងក្នុងភូមិសាស្ត្រ ស្រុកបន្ទាយមាស ចម្ងាយពីកន្លែងស្នាក់នៅប្រមាណជាង ១គីឡូម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ដោយអ្នកស្រុកបានអះអាងថា រឿងដែលបុរសរងគ្រោះចងកសម្លាប់ខ្លួន អាចបណ្តាលមកពីកំរោលចូល។
ជនរងគ្រោះមានឈ្មោះ វិត រឿន ហៅង៉ុយ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ក្នុងភូមិដើមស្វាយ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ប៉ុន្តែបានទៅបម្រើការងារ នៅក្នុងស្រុកបន្ទាយមាសផ្នែកទឹកស្អាត ហើយការគិតខ្លីរហូត ដាច់ចិត្តធ្វើអត្តឃាត ដោយចងកនេះ ពុំមានមូលហេតុច្បាស់លាស់នោះទេ គឺសុខៗស្រាប់តែរត់ទៅ ចងកសម្លាប់ខ្លួនតែម្តង ហើយអ្នកស្រុកក៏បានចាត់ទុក ការស្លាប់នេះពោរពេញដោយ អាថ៌កំបាំង។
សមត្ថកិច្ចបានឲ្យដឹងថា ការសម្រេចចិត្តធ្វើអត្តឃាតនេះ គ្មានអ្នកណាដឹងពីមូលហេតុនោះទេ ប៉ុន្តែប៉ុន្មានថ្ងៃមុន គេសម្គាល់ឃើញជនរងគ្រោះ ហាក់មានភាពស្រងូតស្រងាត់ ដោយមិននិយាយស្តីខុសពីប្រក្រតី តែពុំមាននរណាចាប់អារម្មណ៍ ហើយមុនពេលកើតហេតុ ក្នុងព្រឹកនោះស្រាប់តែបាត់មិនឃើញបុរសរងគ្រោះ នៅកន្លែងធ្វើការដូចសព្វមួយដង លុះម៉ោងប្រហែលជិត ៩ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ក៏មានគេប្រទះឃើញបុរសនេះចងកស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...